ខេត្តស្ទឹងត្រែង ៖ តាមព័ត៌មានបឋមថា កងកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) បង្ក្រាបករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនមួយករណី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹក ស្ថិតនៅចំណុចវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ប្រភពព័ត៌មានឲ្យដឹងថា ស្ថិតក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចដោយបានកំណត់មុខសញ្ញាច្បាស់លាស់ឈានដល់ការពង្រាយកម្លាំងតាមដងផ្លូវ ដើម្បីស្ទាក់ឃាត់រថយន្តរបស់ជនសង្ស័យដែលមានរថយន្តស៊េរីទំនើបចំនួន៤គ្រឿង ។

ប្រភពព័ត៌មានបន្តថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចក៏បានផ្ទុះអាវុធដោយបាញ់បំបែកបង់រថយន្តរបស់ក្រុមជនសង្ស័យទើបអាចឃាត់ជាប់ ។ គ្រានោះដែរ ជនសង្ស័យមួយចំនួនក៏បានរត់គេចខ្លួន តែត្រូវបានកងកម្លាំងនគរបាលដេញតាមចាប់ខ្លួនបានភ្លាមៗផងដែរ ។

ក្រោយការឃាត់ខ្លួនក្រុមជនសង្ស័យ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យលើរថយន្តស៊េរីទំនើបទាំងនោះ ក៏បានប្រទះឃើញគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ រួមមានវិទ្យុសម្រាប់ទំនាក់ទំនង៣គ្រឿង និងគ្រាប់បែកដៃចំនួន២គ្រាប់ផងដែរ ។

មន្ត្រីសមត្ថកិច្ចក្នុងប្រតិបត្តិការខាងលើឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិថៃចំនួន០៣នាក់ និងខ្មែរម្នាក់ វត្ថុតាងចាប់យករួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន ២២៥ដុំ = ២២៥គីឡូក្រាម និង ២៥៣ក្រាម ប្រភេទកេតាមីន ចំនួន ៣២ដុំ =៣១ គីឡូក្រាមនឹង ៩២៣.២
ក្រាម ថ្នាំញៀនទម្ងន់សរុបរួម ២៥៧គីឡូក្រាម នឹង១៧៦.២ក្រាម ។

បច្ចុប្បន្ន ក្រោយការបង្ក្រាបរឹបអូសនិងឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានបន្តសហការ ស្រាវជ្រាវបង្ក្រាប មេខ្លោងនិងបក្សពួក ព្រមទាំងសហការស្រាវជ្រាវ បង្ក្រាបបទល្មើសសំអាតប្រាក់ពាក់ព័ន្ធផងដែរ ។ យ៉ាងណា នៅមិនទាន់ស្គាល់អត្តសញ្ញាណជនជាតិថៃនេះនៅឡើយ ។



ចែករំលែកព័តមាននេះ