ខេត្តបាត់ដំបង ៖ អគ្គិភ័យបានលេបត្របាក់លំនៅឋានមួយខ្នងអស់ប្រហែល៣០% តែសម្ភារនៅក្នុងផ្ទះបានក្លាយជាផេះស្ទើរអស់ទាំងស្រុង ដែលម្ចាស់ផ្ទះអះអាងថា បណ្ដាលមកពីការទុស្សេខ្សែភ្លើង កាលពីវេលាម៉ោង៨យប់ថ្ងៃទី ២៤ ឧសភា នៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អ៊ូ មុំ ភេទស្រី អាយុ៦៧ឆ្នាំ។ លំនៅឋានដែលរងការខូចខាតទំហំ ៨ម៉x១៥ម៉ ធ្វើពីឈើ និង ថ្មក្រោម ប្រក់ស័ង្កសី។ របាយការណ៍ដដែលបានបញ្ជាក់ថា អគ្គិភ័យបានឆេះខូចខាតផ្ទះប្រហែល៣០% តែសម្ភារៈ និងទ្រព្យសម្បត្តិស្ទើរទាំងស្រុងនៅក្នុងផ្ទះ ត្រូវភ្លើងឆេះអស់គ្មានសល់។

បើតាមម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា អគ្គិភ័យនេះបណ្ដាលមកពីការទុស្សេខ្សែភ្លើងនៅក្នុងផ្ទះ ហើយបានឆេះរាលដាលពេញផ្ទះតែម្ដង។ រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ នៅពេលកើតហេតុ តែបានជួយទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះអ្នកក្បែរខាង។

ពាក់ព័ន្ធនឹងការខាតបង់ បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ពួកចំនួន០១ កុំព្យូទ័រ០២គ្រឿង LCD ចំនួន០២គ្រឿង ទូដាក់ខោអាវ និង សម្ភារៈជាច្រើនទៀតដែលនៅក្នុងផ្ទះ ត្រូវភ្លើងឆេះអស់ស្ទើរទាំងស្រុង ដែលគិតជាទឹកប្រាក់ប្រមាណ១៦លានរៀល។ ប៉ុន្តែយ៉ាងណា អគ្គិភ័យនេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ៕
ចែករំលែកព័តមាននេះ