ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោកជ្រាបទេ? ជីវភាពអ្នកនេសាទសមុទ្រ​ខេត្ត​ព្រះសីហនុ

3 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជានេសាទផលសមុទ្រនិយាយថា ផលនេសាទកើនឡើងនារដូវវស្សា ប៉ុន្តែតម្លៃ​

ខេត្តព្រះសីហនុ ៖ ប្រជានេសាទផលសមុទ្រនិយាយថា ផលនេសាទកើនឡើងនារដូវវស្សា ប៉ុន្តែតម្លៃ​ថយ​ចុះជាងរដូវប្រាំង?

ជួបជាមួយ លោកសេង លូន និងបងប្អូនជាប្រជានេសាទជាច្រើននាក់ផ្សេងទៀតនៅកំពង់ផែចំណត​ទូកនេសាទ ស្ថិតនៅចំណុចទំនប់រលក ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានរៀបរាប់ឱ្យដឹងថា បើយើងគិតពីការនេសាទរបស់ប្រជានេសាទផលសមុទ្រ( បង្គា, ខ្យង, ក្តាម, ត្រី, មឹក) ជាច្រើនមុខផ្សេងទៀតចាប់គិតពីដើមរដូវវស្សាឈានចូលមកដល់ការនេសាទរបស់ប្រជានេសាទយើងទទួលបានផលនេសាទល្អគួរសម ជាងការនេសាទនៅរដូវប្រាំង ។ មូលហេតុដោយសារតែអំណោយផលពីអាកាសធាតុមានភ្លៀងធ្លាក់ច្រើននៅតាមដែនសមុទ្របង្កឱ្យទឹកត្រជាក់មានរលកសមុទ្រធំៗបោកបក់រុញច្រានត្រី,បង្គា។ល។ មក​ពីសមុទ្រខាងក្រៅតែអ្នកនេសាទក៏ជួបការលំបាកខ្លាំងនិងអាចមានហានិភ័យខ្ពស់ បើសិនជាខ្វះការប្រុងប្រយ័ត្ននិងមិនមានជំនាញច្បាស់លាស់ក្នុងការបើកបរជលយាន។

លោកបានបន្តឱ្យដឹងបន្ថែមទៀតថា នៅពេលដែលផលនេសាទ ទទួលបានល្អប្រសើរហើយ ប៉ុន្តែឈ្មួញ​កណ្ដាលបែរជាទម្លាក់ថ្លៃផលនេសាទរបស់ប្រជានេសាទមកនៅត្រឹមតម្លៃទាបមិនដូចតម្លៃផលនេសាទរដូវប្រាំងដែលនេសាទបានតិចតួចតែលក់បានតម្លៃខ្ពស់ ។

លោកសេង លូនបានបញ្ជាក់ថា បង្គាដែលនេសាទបាននៅរដូវវស្សាលក់ឱ្យឈ្មួញកណ្ដាលក្នុង១គីឡូតិ៍ក្រាមបានតម្លៃត្រឹម១៥០០០រៀលឬ២០០០០រៀល, ក្តាមសេះលក់ចម្រុះចូលគ្នាទាំងតូច,ធំក្នុង១គីឡូត៍តម្លៃ២៥០០០រៀលឬ៣០០០០រៀល, មឹកចម្រុះគ្នាលក់បានក្នុង១គីឡូត៍១១០០០រៀល, កូនត្រីចាប់ហ៊ឺចម្រុះគ្នាក្នុង១ គីឡូត៍លក់បានតែ១២០០រៀលប៉ុណ្ណោះ សរុបជារួមផលនេសាទកើនឡើងតែទីផ្សារផលនេសាទរដូវវស្សាធ្លាក់ចុះខុសពីរដូវប្រាំងដែល​ផលនេសាទបានតិចទទួលបានប្រាក់ចំណូលច្រើន។

ដោយឡែកការប្រើប្រាស់ឧបករណ៍នេសាទវិញមានឧបករណ៍ជាច្រើនប្រភេទតែប្រជានេសាទយើងនៅក្នុងចំណុចខាងលើមិនអាចយកឧបករណ៍ទំនើបខុសច្បាប់យកមកប្រើប្រាស់បានទេដែលអាចប្រឈមទៅនិងសមត្ថកិច្ចជំនាញជលផលត្រួតពិនិត្យបើរកឃើញថាមានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ត្រូវទទួលការអប់រំ ឬផាកពិន័យក្នុងករណីមិនរាងចាលអាចប្រឈមទៅនិងការដកហូតឧបករណ៍និងជលយាន្តនេសាទឬផ្តន្ទាទោសទៅតាមច្បាប់ស្ដីពីជលផលថែមទៀតផង។

ប្រជានេសាទបានឱ្យដឹងបន្ថែមទៀតថា ការចេញទៅនេសាទក្នុងដែនសមុទ្រដ៏ធំល្វឹងល្វើយទូកនេសាទមួយគ្រឿងៗអាចប្រើប្រាស់កម្មករចំនួនពីរឬបីនាក់ទៅតាមប្រភេទទូកតូចឬទូកធំ ដោយឡែកប្រាក់ឈ្នួលពលកម្មរបស់កម្មករក្នុងមួយយប់មាន៥០០០០រៀលដល់៧០០០០តាមជំនាញរបស់ពួកគេ ។ ហើយចាប់ផ្តើមចេញដំណើរទៅនេសាទនៅវេលាម៉ោង០៣រសៀលដល់កន្លែងគោលដៅឃ្លងខ្សែទឹកដែលត្រូវទម្លាក់មងអូស ក្នុងមួយយប់ដល់ពេលជិតភ្លឺ ត្រូវចែកពេលលើកមងអូសមើលផលនេសាទចំនួន០៣លើកដល់ភ្លឺស្រាងៗក៍រត់ទូកយកផលនេសាទមកលក់ឱ្យឈ្មួញកណ្ដាលនៅកំពង់ផែចំណតទូកវិញក្នុងការចេញនាសាទមួយយប់ៗអាចរកប្រាក់ចំណូលពីផលនេសាទបានចាប់ពី៤០ទៅ៥០ម៉ឺនរៀលសម្រាប់ទូកនេសាទខ្នាតតូចដែលប្រើប្រាស់ម៉ាស៊ីនគោយន្ត,ដោយឡែកទូកនេសាទធុនធំប្រើប្រាស់ម៉ាស៊ីនឡានអាចទទួលបានប្រាក់ចំណូលពីផលនេសាទបានចាប់ពីមួយលានរៀលដល់មួយលានកន្លះទៅតាមប្រភេទទូក។

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថាចំពោះការធ្វើចរាចរនេសាទនៅលើផ្ទៃសមុទ្រថ្វីដ្បិតតែទូកនេសាទមានចំនួនច្រើនក្ដីប៉ុន្តែមិនដែលកើតមានករណីគ្រោះថ្នាក់ចរាចរបុកប៉ះគ្នាទេដោយសារទូកនេសាទនិមួយៗមានប្រើប្រាស់ភ្លើងអំពូលវិលជាសញ្ញាសម្គាល់ដើម្បីបញ្ជៀសគ្នា ។ ដោយឡែកអបីយ៍ជំនឿផ្សេងៗប្រជានេសាទបានបញ្ជាក់ថាមិនមានការតមដំណមអ្វីនោះទេ ជំ​នឿទៅតាមម្ចាស់ទូក ម្ចាស់ខ្លះនៅថ្ងៃសិល៍ឬមុនចេញដំណើរទៅនេសាទគាត់សែនផ្កាភ្ញី,ផ្លែឈើសម្រាប់អ្នកថែរក្សាទូកឬហៅថា(ជុំនាងទូក )ដោយឡែកម្ចាស់ខ្លះគាត់សែនមាន់ស្ងោរឬក្បាលជ្រូកទៅតាមជំនឿផ្សេងៗពីគ្នា។

អាជីវករដែលមានតូបលក់ដូរក្តាមសេះនៅទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឱ្យដឹងថា សព្វថ្ងៃតម្លៃនៃការលក់ក្តាមសេះមានតម្លៃហាងឆេងទៅតាមថ្ងៃចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រក្តាមសេះប្រភេទលេខ០១លក់ក្នុង០១ គីឡូត៍តម្លៃ៥៥០០០រៀលឬដល់៦០០០០រៀលបើសម្រាប់ថ្ងៃសៅរ៍ឬថ្ងៃអាទិត្យក្តាមសេះប្រភេទលេខ០១លក់ក្នុង០១គីឡូត៍តម្លៃ៦៥០០០រៀលរហូតដល់៨០០០០រៀល។

លោកឯម ភា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់សោមបានឱ្យដឹងតាមទូរសព្ទកាលពីព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២៤កន្លងមកនេះថាចំនួនទូកប្រជានេសាទនៅក្នុងខេត្តព្រះសីហនុ ដែលបានចុះបញ្ជីររួចមានចំនួន១១០០គ្រឿង បើគិតពីផលនេសាទជាមធ្យមក្នុងមួយថ្ងៃនេសាទបានផលសរុបចំនួន២០០តោនដើម្បីនាំមកលក់ទៅតាមទីប្រជុំជនផ្សារ ។

លោកបានបញ្ជាក់បន្ថែមទៀតថា មន្ត្រីជំនាញរដ្ឋបាលជលផលកំពង់សោមតែងតែចុះអប់រំណែរនាំដល់ប្រជានេសាទជាប្រចាំ ហាមប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់បានហាមឃាត់។ដោយឡែកការលបលួចចូលមកនេសាទពីសំណាក់ប្រទេសជិតខាងលោកទទួលស្គាល់ថាពិតជាមាននៅដែនសមុទ្រខាងក្រៅដែលជាចំណុចត្រួតស៊ីគ្នា គេក៍លួចចូលមកនេសាទហើយប្រជានេសាទយើងក៏ធ្វើការនេសាទបានដូចគ្នា ។

ព័ត៌មានលម្អិនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ