រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីផ្ទះទំនើប០១ គម្រោងទី៤ចាស់ និងគម្រោងទី៤ថ្មី ប្រមាណជិត៥០នាក់តំណាងឲ្យ១៣៤គ្រួសារ ដែលគ្មានទឹកស្អាតប្រើប្រាស់ច្រើនឆ្នាំមកហើយនោះ បានប្រមូលផ្ដុំគ្នាផ្ដិតមេដៃលើលិខិតស្នើសុំទៅកាន់រដ្ឋាករទឹក និងអាជ្ញាធរពាក់ព័ន្ធនានា ជាពិសេស ម្ចាស់បុរីមេត្តាជួយចុះទៅពិនិត្យ និងតបណ្ដាញទឹកស្អាតចូលតាមខ្នងផ្ទះរបស់ពួកគាត់ឲ្យបានប្រើប្រាស់ផង ។

ខណៈបច្ចុប្បន្ននេះ បណ្ដាញទឹករដ្ឋបានចូលដល់ក្នុងបុរីទៅហើយ ប៉ុន្តែបែរជាមិនព្រមតបំបែកចូលតាមខ្នងផ្ទះឲ្យពួកគាត់ប្រើសោះ ចំណែកខាងបុរីបានតម្លើងថ្លៃទឹក១ ជា៣ ដោយប្រាប់ថា ជាទឹករដ្ឋប៉ុន្តែទឹកកខ្វក់ ល្អក់ និងស្អុយ មិនអាចប្រើកើតមិនដឹងថាយកទឹកមកពីប្រភពណាឡើយ ។ ពួកគាត់បានចោទប្រកាន់លោកឃឹម ស៊ុនសូដា ដែលជាអភិបាលខណ្ឌកំបូល អសមត្ថភាពធ្វើមិនដឹងមិនឮមិនអើពើចំពោះទុក្ខលំបាករបស់ពួកគាត់ទេ ។

កន្លងមក មិនត្រឹមតែបញ្ហាទឹកមួយមុខនេះប៉ុណ្ណោះទេ ក៏នៅមានបញ្ហាសំណង់គ្មានគុណភាពហើយខាងបុរីមិនទទួលខុសត្រូវ ក៏លោកអភិបាលខណ្ឌរូបនេះមិនជួយដោះស្រាយជូនពួកគាត់ដែរ គឺផ្អឹបរឿងទុកចោលតែម្ដង នេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋ ។

ការប្រមូលផ្ដុំគ្នានេះ បានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចមុខក្នុងបុរីផ្ទះទំនើប០១ គម្រោងទី៤ ស្ថិតនៅក្នុងភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋបាននិយាយថា ការជួបជុំគ្នានាពេលនេះ គឺពុំមែនជាការតវ៉ា ឬ ធ្វើបាតុកម្ម កូដកម្មអ្វីទេ គឺដើម្បីស្នើរសុំទៅកាន់ខាងរដ្ឋាករទឹក ក៏ដូចជាសាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធព្រមទាំងម្ចាស់បុរីផ្ទះទំនើប០១ ជួយតបណ្ដាញទឹករដ្ឋចូលតាមខ្នងផ្ទះរបស់ពួកគាត់ចំនួន១៣៤គ្រួសារ ដែលកំពុងតែរស់នៅយ៉ាងលំបាក ប្រឈមមុខនិងគ្មានទឹកប្រើប្រាស់ ។

ពួកគាត់បានទិញផ្ទះបុរីនេះ រស់នៅតាំងពីឆ្នាំ២០១៨ និង២០១៩មកម្ល៉េះ ប៉ុន្តែរហូតពេលនេះអត់ទាន់មានទឹករដ្ឋប្រើទេ ខាងបុរីបានផ្គត់ផ្គង់ទឹកឲ្យពួកគាត់ប្រជារួម និងជាបណ្ដោះអាសន្នក្នុង១ម៉ែត្រគូបថ្លៃ៩៥០រៀល ។ ប៉ុន្តែជាក់ស្ដែង ទឹកនោះមិនអាចប្រើបានទេ ដោយទឹកមានសភាពកខ្វក់ ល្អក់ខ្វល់ អាក្រក់ពេក មិនដឹងថាទឹនោះយកមកពីប្រភពណាទេ ប៉ុន្តែនៅពេលពួកគាត់សួរ ខាងក្រុមហ៊ុនបុរីនេះប្រាប់ថាទឹកស្អាត។

ប្រជាពលរដ្ឋបានប្រាប់ទៀតថា ដោយឡែករដ្ឋាករទឹកបាន ត បណ្ដាញទឹកចូលដល់ក្នុងបុរីយូរហើយ ប៉ុន្តែពួកគាត់នៅតែគ្មានទឹករដ្ឋប្រើប្រាស់ទៀត ខុសប្លែកពីផ្ទះដែលនៅខាងក្រៅបុរីនោះគឺមានទឹករដ្ឋប្រើប្រាស់អស់ហើយ ។ បន្ទាប់មក ពួកគាត់បានចាត់តំណាងឲ្យទៅចចារជាមួយម្ចាស់បុរីនេះជាច្រើនលើក និងរយៈពេលជាង២ខែកន្លងមកហើយ ដើម្បីឲ្យខាងបុរីជួយសម្របសម្រួលធ្វើយ៉ាងណា បានតបណ្ដាញទឹកស្អាតចូលតាមខ្នងផ្ទះពួកគាត់ផង ព្រោះនេះគឺជាភារកិច្ចរបស់បុរីជាអ្នកទទួលខុសត្រូវ ។

ប៉ុន្តខាងបុរីគ្មានដំណោះស្រាយជូនពួកគាត់ឡើយ ផ្ទុយទៅវិញនៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងបុរីបែរជាចេញសេចក្ដីជូនដំណឹងមួយស្ដីពីការផ្លាស់ប្តូរតម្លៃទឹកស្អាតដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ពីតម្លៃ៩៥០រៀលទៅជាតម្លៃ២៤០០រៀលក្នុង១ម៉ែត្រគូបវិញ។

ប្រជាពលរដ្ឋបានរៀបរាប់ទៀតថា មិនតែប៉ុណ្ណោះខាងភាគីម្ចាស់បុរីនេះបានសារភាពនិងទទួលស្គាល់ដោយខ្លួនឯងថា ក្រុមហ៊ុនបានធ្វើការកែសម្រួលការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជន ដោយបានប្តូរ ពីការដឹកទឹកអណ្តូងដែលផ្គត់ផ្គង់សព្វថ្ងៃ ទៅជាទឹកស្អាតដែលផ្គត់ផ្គង់ពីរដ្ឋវិញ ។ ដែលនេះពួកគាត់យល់ថា ក្រុមហ៊ុនបានភូតកុហកបោកប្រាស់ពួកគាត់រួចមកហើយ ដោយកន្លងមកពុំដឹងថាក្រុមហ៊ុននេះយកទឹកមកពីប្រភពណាមកឲ្យពួកគាត់ប្រើនោះឡើយ ទើបទឹកមានសភាពកខ្វក់មិនអាចប្រើប្រាស់បាន ។

ពួកគាត់មិនអាចទទួលយកបាន និងអនុវត្តន៍តាមបានឡើយ ព្រោះក្រុមហ៊ុនកំពុងធ្វើអាជីវកម្មលើទឹករដ្ឋ និងគិតតម្លៃថ្លៃហួសហេតុ ប៉ះពាល់ដល់ជីវភាពរស់នៅបរចាំថ្ងៃរបស់ពួកគាត់ បញ្ហានេះគឺមូលហេតុដែលក្រុមហ៊ុនមិនព្រមមានចំណាត់ការសម្របសម្រួលជាមួយរដ្ឋាករទឹក ដើម្បីតទឹកចូលតាមខ្នងផ្ទះរបស់ពួកគាត់នោះ ហើយក៏ព្រោះតែក្រុមហ៊ុនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនឯងប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា ពួកគាត់ក៏ធ្លាប់ទាក់ទងស្នើទៅកាន់ខាងរដ្ឋាករទឹកដោយផ្ទាល់ ដើម្បីភ្ជាប់ទឹកដោយខ្លួនឯងដែរ ព្រោះតាមរយៈក្រុមហ៊ុនលំបាកខ្លាំងពេក ប៉ុន្តែខាងរដ្ឋាករទឹកបានប្រាប់មកវិញថា រឿងអស់នេះគឺជាការងាររបស់ខាងបុរី ដើម្បីភ្ជាប់ជូនអតិថិជន ។ ប៉ុន្តែខាងបុរីវិញគ្មានវិធានការលើរឿងនេះសោះ ហើយពឹងអាជ្ញាធរខណ្ឌកំបូលដែលជាមែជាឪឲ្យជួយដូចពឹងផ្កាយលើមេឃ គ្មានបានការអីសោះ ពុំដឹងថាត្រូវថ្នាំសណ្ដំរបស់ខាងបុរីឬយ៉ាងណាទេ ។

ដូច្នេះ ទើបពេលនេះពួកគាត់នាំគ្នាស្នើសុំទៅថ្នាក់ដឹកនាំ ខាងរដ្ឋាករទឹក និងអាជ្ញាធរពាក់ព័ន្ធជួយឲ្យពួកគាត់បានទឹករដ្ឋប្រើ ហើយក៏ស្នើសុំទៅខាងបុរីផ្ទះទំនើប០១នេះបោះបង់គនិតធ្វើអាជីវកម្មលើទឹករដ្ឋ ហើយងាកមកសម្រួលជាមួយរដ្ឋាករទឹកដើម្បីតទឹកចូលតាមខ្នងផ្ទះគាត់នីមួយៗបានប្រើប្រាស់គ្រប់គ្នាផង៕
ចែករំលែកព័តមាននេះ