ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ គឺជាមុខសញ្ញាចោរកម្ម ដែលកន្លងមកធ្លាប់ធ្វើសកម្មភាពប្លន់ និងឆក់កាបូប យ៉ាងសកម្មបានសម្រេចច្រើនលើក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងប្រើប្រាស់គ្រឿងញៀន ៣ឆ្នាំ មកហើយ តែមានសំណាងបានគេចខ្លួនរួចរហូត ។ ស្រាប់តែនៅចុងក្រោយនេះ ដូរទីកន្លែងចូលមកធ្វើសកម្មភាពនៅក្នុងទឹកដីស្រុកអង្គស្នួល ខេត្តកណ្ដាលវិញម្ដង ហើយបានធ្វើសកម្មភាពធាក់ប្លន់ម៉ូតូពីសិស្សសាលាស្រីម្នាក់ ខណៈដែលនាងកំពុងជិះម៉ូតូចេញពីសាលារៀនទៅផ្ទះ បណ្ដាលឲ្យនាងដួលរងរបួសយ៉ាងដំណំ ហើយជនសង្ស័យបានយកម៉ូតូជិះគេចខ្លួន ។
ប៉ុន្តែពេលមកធ្វើសកម្មភាពនៅក្នុងទឹកដីស្រុកអង្គស្នួល មិនងាយស្រួលឯណា ក៏ត្រូវបានកម្លាំងនគរបាលស្រុកគ្រប់ផ្នែក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ប៉ុស្តិ៍សំរោងលើ ប៉ុស្តិ៍ពើក និងប៉ុស្តិ៍ដំណាក់អំពិល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានការចូលរួមពីកម្លាំងប្រជាការពារភូមិផង និងសហការណ៍ជាមួយនគរបាលប៉ុស្តិ៍ភ្នំតូច នៃអធិការដ្ឋានស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដេញតាមឃាត់ខ្លួនទាល់តែបាន និងដកហូតបានម៉ូតូប្រគល់ជូនជនរងគ្រោះផងដែរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវកៅស៊ូ ស្ថិតនៅក្នុងភូមិខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យ រួមមាន ៖
ទី១-ឈ្មោះ ឱម ណាំឈៀវ ភេទប្រុស អាយុ២៦ឆ្នាំ (មានសារធាតុញៀនក្នុងទឹកនោម ។
ទី២-ឈ្មោះ ស៊ីម សាល ភេទប្រុស អាយុ១៨ឆ្នាំ (មានសារធាតុញៀនក្នុងទឹកនោម ) ។
អ្នកទាំង២នេះ ស្នាក់នៅក្នុងភូមិអណ្តូងច្រុះ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យក៏បានសារភាពប្រាប់នគរបាលថា កន្លងមកពួកខ្លួនទាំង២នាក់ និងបក្ខពួក ធ្លាប់បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូចំនួន០២លើក និងឆក់កាបូបតាមផ្លូវចំនួន០៣លើក នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ហើយក៏បានប្រើប្រាស់ថ្នាំញៀន អស់រយៈពេល០៣ឆ្នាំមកហើយដែរ ។
នគរបាលដកហូតបានវត្ថុតាង រួមមាន ៖ ម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ1IW-0098 (ជារបស់ជនរងគ្រោះ) ម៉ូតូម៉ាកយ៉ាម៉ាហាMT ពណ៌កាប់ស្តាំងផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1KF-9310 (ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព) ទូរសព្ទដៃចំនួន០២គ្រឿងម៉ាកសាំស៊ុង A13 ពណ៌ផ្ទៃមេឃ១គ្រឿង, ទូរសព្ទដៃម៉ាកអូប៉ូ ពណ៌ខ្មៅ១គ្រឿង(ជារបស់ជនសង្ស័យ) អាវធំពណ៌ស០១, មួកសុវត្ថិភាព០១, កូនកន្ត្រៃចំនួន០២, កូនសោដោះគ្រឿងលេខ១៣ចំនួន០១, ទួនណាវីសដងឈើ០១, នាឡិកាដៃចំនួន០២គ្រឿង, លោហធាតុពណ៌លឿង(ចិញ្ជៀនចំនួន០៣វង់), កាតធនាគារវីង(Wing Bank)ចំនួន០៤សន្លឹក, កាបូបដាក់លុយពណ៌ខ្មៅ០១, កាបូបស្ពាយពណ៌ត្រេអ៊ី ០១(ជារបស់ជនសង្ស័យ)។
ដោយឡែកសិស្សស្រីរងគ្រោះឈ្មោះ ស.អ.ស.គ.ក អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រៀននៅវិទ្យាល័យហ៊ុន សែន អង្គស្នួល ឃុំបែកចាន ស្រុកអង្គស្នួល ។ នាងបានរបួសដាច់រលាត់សាច់ចំនួន០៣កន្លែង គឺនៅស្មាខាងស្តាំ០១កន្លែង, ក្បាលជង្គង់ខាងស្តាំ០១កន្លែង និងខ្នងជើងខាងស្តាំ០១កន្លែង ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុសិស្សស្រីរងគ្រោះខាងលើ បានជិះម៉ូតូម្នាក់ឯង ចេញពីរៀនត្រលប់ទៅផ្ទះ លុះពេលទៅជិតដល់ត្រង់ចំណុចកើតហេតុ បានឃើញជនសង្ស័យ០២នាក់នោះ កំពុងជិះម៉ូតូធំ០១គ្រឿង ខណៈនោះនាងបានបើកម៉ូតូវ៉ាជែងទៅមុន ស្រាប់តែជនសង្ស័យបើកម៉ូតូដេញតាមពីក្រោយ រួចធ្វើសកម្មភាពធាក់ដៃចង្កូតម៉ូតូរបស់នាងបណ្តាលឲ្យដួលម៉ូតូបោកនឹងថ្នល់រងរបួស។ បន្ទាប់មកជនសង្ស័យម្នាក់ ដែលជិះក្រោយ បានចុះទៅលើកម៉ូតូរបស់ជនរងគ្រោះ ហើយនាំគ្នាជិះគេចខ្លួនត្រឡប់ក្រោយទៅទិសខាងកើតវិញ ។
នគរបាលដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ភ្លាមៗនោះ នាងរងគ្រោះបានទូរសព្ទប្រាប់ឪពុករបស់នាង ហើយឪពុករបស់នាងបានទូរសព្ទរាយការណ៍ ប្រាប់ប្រជាការពារភូមិ ទើបមានការស្រែកប្រកាសតាមវិទ្យុកទាក់ទង ទៅកាន់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជឲ្យជួយអន្តរាគមន៍។ ក្រោយពីទទួលបានព័ត៌មាននោះហើយ កម្លាំងនគរបាលប៉ុស្ដិ៍ទួលព្រេជ បានចេញធ្វើការពួនស្ទាក់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ឃើញជនសង្ស័យកំពុងជិះម៉ូតូម្នាក់១គ្រឿងយ៉ាងលឿន។ ភ្លាមៗនោះ កម្លាំងនគរបាលខាងលើបានដេញតាមបណ្ដើរប្រកាសតាមវិទ្យុទាក់ទងបណ្ដើរទៅកាន់គោលដៅនានា ហើយជនសង្ស័យ បានព្យាយាមជិះម៉ូតូគេចខ្លួនទៅដល់ត្រង់ចំណុចភូមិម៉ឺនរាម ឃុំទួលព្រេជ ជនសង្ស័យម្នាក់ដែលជិះម៉ូតូរបស់ជនរងគ្រោះ ក៏បានផ្តួលម៉ូតូចោល ហើយរត់ឡើងជិះម៉ូតូបក្ខពួករបស់ខ្លួនវិញ ។
នគរបាលខាងលើបានបញ្ជាក់ប្រាប់ទៀតថា ខណៈនោះ នគរបាលប៉ុស្តិ៍ទួលព្រេជនៅតែបន្តដេញតាម ចំណែកកម្លាំងនគរបាលស្រុកគ្រប់ផ្នែក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ប៉ុស្តិ៍សំរោងលើ ប៉ុស្តិ៍ពើក និងប៉ុស្តិ៍ដំណាក់អំពិល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ បាននាំគ្នាចេញស្ទាក់និងដេញតាមដែរ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ឡើយ បានព្យាយាមជិះរត់ចូលដល់ទឹកដីភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
បន្ទាប់មកក៏បានផ្តួលម៉ូតូចោលរួច កម្លាំងនគរបាលខាងលើឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ចំណែក១នាក់ទៀត បានបន្តគេចខ្លួន ហើយក្រោយមកដោយមានការចូលរួមសហការណ៍ជាពីកម្លាំងនគរបាលប៉ុស្តិ៍នភ្នំតូច នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ទើបឃាត់ខ្លួន១នាក់ទៀត រួចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលចាត់ការតាមច្បាប់ ៕







ចែករំលែកព័តមាននេះ