ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Atalanta បញ្ចប់ភាពមិនស្គាល់ចាញ់របស់ Leverkusen ឈ្នះពានអឺរ៉ុបលើកដំបូង

3 អាទិត្យ មុន

សាធារណរដ្ឋអៀរឡង់ ៖ អបអរសាទរ ក្រុមបាល់ទាត់ Atalanta ដែលបានបិទបញ្ចប់ដំណើរមិនស្គាល់

សាធារណរដ្ឋអៀរឡង់ ៖ អបអរសាទរ ក្រុមបាល់ទាត់ Atalanta ដែលបានបិទបញ្ចប់ដំណើរមិនស្គាល់ពាក្យថា «ចាញ់» របស់ក្រុម Bayer Leverkusen ដើម្បីក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ UEFA Europa League រដូវកាល ២០២៣-២៤។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋាន Aviva នាទីក្រុង ឌូលីន (Dublin) នៃសាធារណរដ្ឋអៀរឡង់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ៤៧,០០០នាក់ ក្រុមតំណាងអ៊ីតាលី Atalanta បានបំបាក់ក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ Bayer Leverkusen ដោយលទ្ធផល ៣-០ ដែលសម្រេចបានដោយកីឡាករ Ademola Lookman។ ខ្សែបម្រើស្លាបក្រុមជម្រើសជាតិនីហ្សេរីយ៉ាវ័យ២៦ឆ្នាំ ដែលកើតនៅចក្រភពអង់គ្លេសរូបនេះ ក្លាយជាកីឡាករទី ៦ នៅក្នុងប្រវត្តិសាស្ត្រ ដែលធ្វើបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ទ្វីបអឺរ៉ុប។

តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់នេះ Atalanta ក្រោមការដឹកនាំរបស់លោក Gian Piero Gasperini ស្គាល់រសជាតិឈ្នះពានរង្វាន់អឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ និងបិទបញ្ចប់ការខកខានឈ្នះពានរង្វាន់ធំអស់រយៈពេល៦១ឆ្នាំរបស់ខ្លួន ខណៈដែលការឈ្នះចុងក្រោយគឺពានរង្វាន់ក្នុងស្រុក Coppa Italia ឬ Italy Cup កាលពីឆ្នាំ ១៩៦៣។

អ្វីដែលកាន់តែពិសេសទៀតនោះ Atalanta គឺជាក្រុមដែលបានបិទបញ្ចប់ដំណើរមិនស្គាល់ចាញ់របស់ក្រុមម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso ត្រឹមប្រកួតទី ៥២ ដែលមានន័យថា ការប្រកួតមិនស្គាល់ចាញ់យូរបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុបបានបញ្ចប់ជាផ្លូវការហើយ ពោលចំនួន ៥១ ប្រកួត ៕ (ប្រភព ៖ BBC, ESPN និង GiveMeSport រូបភាព ៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ