ខេត្តស្វាយរៀង ៖ ក្រុមកាងារសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងបានចុះពិនិត្យ និងបិទទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញចំនួន០២កន្លែង ដែលរកឃើញថា មិនមានលិខិតអនុញ្ញាតទេ ។
ករណីនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ កន្លងមក ដោយទទួលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ទទួលបន្ទុកសុខាភិបាល រួមជាមួយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង សហការជាមួយលោកព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តស្វាយរៀង លោកអភិបាលរងក្រុងបាវិត លោកអធិការរងនៃអធិការនគរបាលក្រុងបាវិត និងសមាសភាពពាក់ព័ន្ធមួយចំនួនទៀត។
កម្លាំងបានចុះពិនិត្យ និងបិទទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺមាត់-ធ្មេញចំនួន០២កន្លែង ដែលមិនមានលិខិតអនុញ្ញាត ដើម្បីពង្រឹងការអនុវត្តវិធានការច្បាប់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានអនុវត្តនីតិវិធី៖
១-ទីតាំង ហាងថែរក្សាមាត់-ធ្មេញ ៩៨ ៖បានដកហូតសំភារៈ បរិក្ខារដែលផ្តល់សេវា និងបិទផ្អាកទីតាំងបណ្តោះអាសន្ន។ ២-ទីតាំង បន្ទប់ពិគ្រោះព្យាបាលជំងឺ មាត់-ធ្មេញ QUOC TE SMILE បានបិទផ្អាកមិនឱ្យដំណើការបណ្តោះអាសន្ន។
មហាជនបានលើកឡើងថា បន្ទប់ពិគ្រោះជំងឺបើកស្លាកយីហោរាប់ឆ្នាំមិនឃើញ ហើយការបិទទីតាំងបណ្តោះអាសន្ន គួរតែបិទរហូត ចំពោះបុគ្គលប្រកបមុខរបរផ្នែកសុខភាព ប្រសិនបើគ្មានជំនាញច្បាស់លាស់បង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ សូមអាជ្ញាធរមេត្តារឹតបន្តឹងច្បាប់ចំពោះអ្នកប្រកបមុខរបរផ្តល់សេវាសុខភាព អត់ច្បាប់ជាពិសេសអ្នកលក់ផលិតផលសុខភាពតាមអនឡាញសូមក្រសួងមេត្តារឹតបន្តឹងផង។
ចែករំលែកព័តមាននេះ