ខេត្តស្វាយរៀង ៖ «ផ្សារព្រាត់ប្រាស់» គឺមានប្រវត្តិព្រាត់ប្រាស់គ្នាគ្រប់ជំនាន់ ដោយសារតែគូស្នេហ៌មិនគោរពប្រពៃណី ត្រូវចាស់ទុំបំបែកបំបាក់ដេញវាយ ដេញកាប់ ខាងកូនប្រុសរត់ព្រាត់ប្រាស់ពីគូស្នេហ៌ ចាស់ទុំបានលើកឡើងថា ចាស់ទុំខ្មែរយើងពីបុរាណកាលគាត់ប្រកាន់ណាស់ គឺកម្លោះក្រមុំ បើស្រឡាញ់គ្នាត្រូវឲ្យឪពុកម្តាយមកស្តីដណ្តឹងដល់ចាស់ទុំ ហើយរៀបអាពាហ៌ពិពាហ៌រួច ទើបឲ្យរស់នៅជាប្តីប្រពន្ធ ជាពិសេស នៅ (ភូមិចំបក់ ឃុំស្វាយជ្រំ ខេត្តរំដួល នេះ ) បច្ចុប្បន្ន ឈ្មោះភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំខេត្តស្វាយរៀង ។
បើតាមលោកតាស៊ាន អាយុ៧២ឆ្នាំ រស់នៅក្នុងផ្សារព្រាត់ប្រាស់នេះបានឲ្យដឹងថា ផ្សារព្រាត់ប្រាស់នេះមានប្រវត្តិជាច្រើនជំនាន់ខុសគ្នា ចាស់ទុំតំណាលតៗគ្នាមកថា កាលពីអំឡុងឆ្នាំ១៨៦៥ មានគូស្នេហ៌មួយគូកម្លោះក្រមុំបាននាំគ្នាមករួមមេត្រីនៅក្នុងផ្ទះមួយក្នុងផ្សារចំបក់នេះ បានប្រមាណជាមួយសប្តាហ៌ ម្តាយឪពុកខាងស្រីមករកឃើញ ក៏នាំគ្នាមកយកកូនស្រីត្រឡប់ទៅវិញ ហើយបានដេញកាប់កូនកម្លោះ និងសាច់ញាតិរត់ព្រាត់ប្រាស់ចោលផ្ទះសម្បែងអស់ទៅ ហើយខាងឪពុកម្តាយកូនស្រីក៏នាំយកកូនស្រីត្រឡប់ទៅផ្ទះវិញទៅ ។
ក្រោយមក ក្នុងសម័យអាណានិគមបារាំងសេស ក្នុងអំឡុងឆ្នាំ១៩០១២ ក៏មានគូស្នេហ៌១គូទៀតមកជួបគ្នាក្នុងផ្សារចំបក់នេះ ហើយក៏ស្រឡាញ់គ្នាចាក់ទឹកមិនលិចទេ តែងតែណាត់ជួបគ្នានៅក្នុងផ្សារនេះ ។ ដោយផ្សារចំបក់នេះ កាលណោះ ជាផ្សារតូចមួយ នៅជនបទដាច់ស្រយាល មានតូបលក់ដូរប្រមាណជា៧ទៅ៨តូបប៉ុណ្ណោះ ហើយការណាត់លួចជួបគ្នាមិនបានប៉ុន្មានផង ក៏ត្រូវបងប្អូនខាងស្រីដឹង ក៏មកបំបែកយក កូនស្រីត្រឡប់ទៅវិញ គូស្នេហ៌ទី២នេះ បានព្រាត់ប្រាស់គ្នារហូត ។
លោកតាស៊ាន បាននិយាយទៀតថា នៅក្នុងអំឡុងឆ្នាំ១៩៦៨ មានរឿងជម្លោះវាយតប់គ្នា២នាក់បងប្អូន កាលណោះមានតាម្នាក់ឈ្មោះតាឈុំ មុខរបររត់រ៉ឺម៉ក (រ៉ឺម៉កកង់) ពេលឈប់សម្រាកនៅពេលថ្ងៃត្រង់តា ឈុំមកឈប់រ៉ឺម៉កនៅផ្សារចំបក់នេះ ដើម្បីពិសារបាយ ខណៈនោះលោកតា ញ៉ែម បងលោកតាឈុំ បានមកផ្សារចំបក់នេះ ហើយបានទៅទិញស្រាពីតូបលោកតាជឿង ឪពុករបស់គាត់ (កាលណោះតាស៊ានអាយុ១៧ឆ្នាំ ឪពុកគាត់ឈ្មោះតាជឿង អាយុ៥១ឆ្នាំ តាញ៉ែមនិងតាឈុំ អាយុប្រហាក់ប្រហែលតាជឿងដែរ) នាំគ្នាអង្គុយផឹកស៊ីនៅក្នុងរោងតូបលោកតាជឿង ខណៈនោះតាឈុំក៏មកពីរត់រ៉ឺម៉កវិញ ក៏ចូលទៅផឹកស្រាជាមួយលោកតាញ៉ែមផឹក២នាក់បងប្អូន ។
ការផឹកស៊ីនិយាយព្រោកប្រាជ្ញបានប្រមាណជាមួយម៉ោង តាឈុំក៏ឈឺបត់ជើងធំ ក៏ដើរចេញពីរោងផឹក ប្រមាណជា៣០ម៉ែត្រក៏ស្រាតខោជុះចំតិតមករករោងផឹកស៊ី ។ តាញ៉ែមឃើញតាឈុំបត់ជើងធំចំតិតគូទ ដាក់មករករោងបែបនេះ តាញ៉ែមគាត់ប្រកាន់ខឹងក៏ទៅដេញវាយតាឈុំ ត្រូវជាច្រើនដៃចំមុខបែកមាត់ តាឈុំក៏រត់លើកខោមិនទាន់ ដាច់ខានជុះមិនទាន់អស់ផង លើកខោរត់ចោលរ៉ឺម៉កម៉ក គឺរត់យកប្រះអាយុ ។
ទីតាំងកន្លែងនេះ អ្នកស្រុកហៅថា ផ្សារចំតិត អ្នកខ្លះហៅថា ផ្សារព្រាត់ប្រាស់ ។ ក៏ប៉ុន្តែក្រោយមក មានគូរស្នេហ៌ថ្មីមួយទៀតបានពង្រត់គ្នាមកសំងំរស់នៅក្នុងភូមិចំបក់នេះ ។ ពេលនាំគ្នាមកផ្សារចំបក់ ក៏ត្រូវសាច់ញាតិខាងស្រីមកឃើញក៏នាំគ្នាដេញវាយខាងប្រុសហើយចាប់អូសបង្ខំយកខាងស្រីត្រឡប់ទៅវិញទាំងគូស្នេហ៌១គូនេះបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធទៅហើយ ។ ទោះបែបនេះក្តី ក៏ត្រូវឪពុកម្តាយខាងស្រីបំបែកគ្នាឲ្យព្រាត់ប្រាស់ប្តីប្រពន្ធអត់ខាន់ស្លា១គូនេះឲ្យព្រាត់ប្រាស់គ្នាដែរ ។
ចាស់ទុំនៅភូមិចំបក់នេះ បានតំណាលតៗគ្នាថា នៅភូមិចំបក់នេះចាស់ទុំប្រកាន់ខ្លាំងណាស់ មិនថាក្រមុំកម្លោះទេ ទោះបីស្ត្រីមេម៉ាយ ឬមានប្តីមានប្រពន្ធហើយលួចមានសាហាយស្មន់ ក៏ត្រូវចាស់ទុំនិងអ្នកស្រុកគេបណ្តេញចេញឲ្យព្រាត់ប្រាស់ពីភូមិដែរ ទើបអ្នកស្រុកនេះហៅ «ផ្សារចំតិត»ទៅជា «ផ្សារព្រាត់ប្រាស់» រហូតបច្ចុប្បន្ននេះ ។
លោកតាម្នាក់បានលើកឡើងថា មិនមែនមានតែពីបុរាណកាលនោះទេ នៅផ្សារព្រាត់ប្រាស់នេះ នៅជាង១០ឆ្នាំមុន ក៏មានបុរសម្នាក់នាំប្រពន្ធកូនមករកស៊ីនៅផ្សារព្រាត់ប្រាស់នេះ បានទៅលួចសហាយស្មន់ជាមួយប្រពន្ធគេ ក៏ត្រូវប្តីគេទាន់ស្រែកឆោឡោផ្អើលដល់អ្នកផ្សារព្រាត់ប្រាស់នេះ និងអ្នកភូមិបាននាំគ្នាដេញវាយរត់ខ្ចាត់ខ្ចាយ ខ្លះកាន់កាំបិត ពូថៅ ដេញកាប់ធ្វើឲ្យបុរសនោះភ័យរត់ទាំងខ្លួនននលគកដៃម្ខាងកាន់ខោលីអូរត់កាត់វាលស្រែ ក៏ប៉ុន្តែអ្នកស្រុកមិនបានកាប់ឬវាយទេ គ្រាន់តែដេញប៉ុណ្ណោះ ធ្វើឲ្យបុរសនោះខ្មាស់អ្នកផ្សារ ក៏គេចខ្លួនទៅរស់នៅស្វាយរៀងចោលប្រពន្ធកូន គឺព្រាត់ប្រាស់ប្រពន្ធកូនរហូតសព្វថ្ងៃ ៕
ចែករំលែកព័តមាននេះ