ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ម្លឹង! កីឡាការិនីរូបស្រស់ម្នាក់ គេចមិនបង់ថ្លៃផ្ទះជួលគេ ហើយលួ.ចគ្រឿងសង្ហារិមថែមទៀត

2 ខែ មុន

បរទេស ៖ អតីតកីឡាការិនីវាយតេនី្នសឆ្នើមជនជាតិអ៊ីតាលី Camila Giorgi រងការចោទប្រកាន់​ពី​

បរទេស ៖ អតីតកីឡាការិនីវាយតេនី្នសឆ្នើមជនជាតិអ៊ីតាលី Camila Giorgi រងការចោទប្រកាន់​ពី​បទ​គេចមិនព្រមបង់លុយថ្លៃផ្ទះជួល ហើយលួចយកគ្រឿងសង្ហារិមពីផ្ទះជួលនៅថែមទៀត ដែលស្ថិតនៅប្រទេសកំណើតរបស់ខ្លួន មុនពេលគេចខ្លួនទៅកាន់សហរដ្ឋអាម៉េរិក។

ប្រភពពីសារព័ត៌មាន VnExpress និង BroBible កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កីឡាការិនី Camila Giorgi អាយុ៣២ឆ្នាំ បានប្រកាសចូលនិវត្តន៍ពីអាជីពយ៉ាងភ្ញាក់ផ្អើលជាទីបំផុត កាលពីសប្តាហ៍មុនតាមរយៈបណ្ដាញសង្គម Instagram ។ ហើយនៅមុនពេលចាកចេញពីប្រទេស​កំណើត​របស់ខ្លួន Giorgi និងក្រុមគ្រួសាររបស់នាងបានរស់នៅក្នុងផ្ទះជួលមួយកន្លែង ដែលស្ថិតនៅក្នុងតំបន់ Tuscany ។

យោងតាមកាសែតអ៊ីតាលី La Repubblica កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ម្ចាស់ផ្ទះជួលរបស់ Giorgi បានចោទប្រកាន់នាងថា មិនបានបង់ថ្លៃជួលរយៈពេល៦ខែ ហើយថែមទាំងបានលួចគ្រឿងសង្ហារឹមមួយចំនួន មុនពេលចាកចេញទៅ។ ម្ចាស់ផ្ទះជួលបាននិយាយថា « Giorgi និងក្រុមគ្រួសាររបស់នាងបានលួចគ្រឿងសង្ហាិមរបស់យើងអស់ពាក់កណ្ដាលបាត់ទៅហើយ។ កម្រាលព្រំ Persian គ្រឿងសង្ហារឹមល្អៗ និងសូម្បីតែតុបុរាណមួយ។ យើងកំពុងនិយាយពីការបាត់បង់ជាទឹកប្រាក់ចន្លោះ ៥ម៉ឺនអឺរ៉ូ ទៅ ១០ម៉ឺនអឺរ៉ូ ឬ ស្មើនឹង ៥៤,៣០០ ដល់ ១០៨,៥០០ដុល្លារអាម៉េរិក»។

កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី La Gazzetta dello Sport បានរាយការណ៍ថា កីឡាការិនីរូបស្រស់ Camila Giorgi និងក្រុមគ្រួសាររបស់នាង ដែលមានឪពុកម្ដាយ និងបងប្អូន២នាក់ផ្សេងទៀត បានចាកចេញពីតំបន់ Tuscany ធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក។ ម្ចាស់ផ្ទះជួលបានអះអាងថា គាត់បានទាក់ទងទៅឪពុករបស់ Giorgi ដើម្បីសុំគ្រឿងសង្ហារឹមត្រឡប់មកវិញ ប៉ុន្តែឪពុកនាងបាននិយាយថា គ្រឿងសង្ហារឹមមានតម្លៃតិចតួចប៉ុណ្ណោះ ។ ប្រភពក្នុងស្រុកក៏បានរាយការណ៍ថា Giorgi និងសមាជិកគ្រួសារនាង ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតដោយការិយាល័យរដ្ឋអាជ្ញាទីក្រុង Florence តំបន់ Tuscany ទាក់ទងនឹងការបង់ពន្ធផងដែរ។ រហូតមកទល់ពេលនេះ ពុំទាន់មានការចេញមកបកស្រាយណាមួយអំពី Giorgi នៅឡើយទេ ជុំវិញការចោទប្រកាន់ទាំងនេះ ហើយសារព័ត៌មានធំៗ ក៏មិនទាន់មានដំណឹងចុងក្រោយណាមួយអំពីនាងផងដែរ។

គួរបញ្ជាក់ថា អំឡុងពេលអាជីពកីឡាវាយតេនី្នសដ៏រស់រវើករបស់កីឡាការិនី Camila Giorgi បានប្រកួតប្រជែងនៅក្នុងពានរង្វាន់ Grand Slam ចំនួន៤ដង។ លទ្ធផលល្អបំផុតរបស់នាងគឺឈានដល់វគ្គ៨ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ Wimbledon កាលពីឆ្នាំ ២០១៨។ ចំណាត់ថ្នាក់ពិភពលោកខ្ពស់បំផុត Giorgi គឺនៅលេខ ២៦ កាលពីឆ្នាំ ២០១៨ ។ នៅឆ្នាំ ២០២១ នាងបានឈានដល់វគ្គ៨នាក់ចុងក្រោយ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។

សមិទ្ធផលកីឡាសំខាន់ៗផ្សេងទៀតរបស់ Camila Giorgi ក៏រួមបញ្ចូលការឈ្នះពានរង្វាន់ WTA Tour ចំនួន៤ដងផងដែរ។ នៅខាងក្រៅអាជីពកីឡាវាយវាយតេនី្នស Giorgi ក៏ជាម៉ូដែលសម្រាប់ម៉ាកល្បីៗលំដាប់ពិភពមួយចំនួនផងដែរ៕ (រូបភាព ៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ