បន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងផែនព្រហ្មទណ្ឌកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការចុះស្រាវជ្រាវ ករណីពលរដ្ឋរាយការណ៍មកថា មានចោរលួចរថយន្ត ខណៈម្ចាស់កំពុងចុះទិញឥវ៉ាន់ ត្រូវចោរឡើងបើករថយន្តរត់គេចខ្លួន រួចបានយកទៅប្លុងចោល ម្ដុំក្រោយផ្សារសមាគមន៍ ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង២០:២៣នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។
ពលរដ្ឋរងគ្រោះមានឈ្មោះ សំ សុវណ្ណ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ និងប្រពន្ធឈ្មោះ ឈឹម ស៊ីណា អាយុ៤៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មានកូនប្រុស១នាក់ និងម្តាយចាស់១នាក់ រួមដំណើរ ។
នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះបាននាំគ្នាជិះរថយន្តរបស់ខ្លួន ម៉ាកលុច្សស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2C-4361 ឈប់នៅមុខតូបលក់ខោអាវជជុះមួយកន្លែង ត្រង់ចំណុចខាងកើតបេនឡានតូច ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ដើម្បីចុះទៅទិញខោអាវ ដោយកូន និងម្ដាយអង្គុយរង់ចាំនៅក្នុងរថយន្ត ប្រហែល១០នាទី ស្រាប់តែក្រោយមកមានបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណបានលួចចូលក្នុងរថយន្តបើកចេញទៅតាមបណ្តោយផ្លូវស្តង់តាងួន ដល់ចំណុចស្រះបេះដូង បានអោយក្មេងប្រុស ខាងលើចុះពីលើរថយន្ត រួចបន្តដំណើរទៅតាមផ្លូវជាតិលេខ៥៨ ដល់ចំណុចផ្លូវបំបែកអូរនាង បានដាក់អ៊ុំស្រីខាងលើ រួចអ្នកបើកបរបានបើកត្រឡប់ទៅទិសខាងត្បូងវិញ ។
ជាលទ្ធផល នៅវេលាម៉ោង២២:៣០នាទីយប់ថ្ងៃដដែល កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ និងរកឃើញរថយន្តត្រូវបានជនសង្ស័យផ្លុងចោលនៅខាងលិចផ្សារសហគមន៍ និងបានប្រគល់រថយន្តទៅម្ចាស់ដើមវិញរួចរាល់ ។
ករណីខាងលើនេះ ពុំបានបណ្តាលអោយមានមនុស្សរងរបួសនោះទេ ចំណែកសម្ភារៈនៅក្នុងរថយន្តមានទូរស័ព្ទចំនួន០២គ្រឿង (ម៉ាកoppo និងអាយហ្វូនXsmax ក្នុងរថយន្តត្រូវបានបាត់ ។ បច្ចុប្បន្ននគរបាលកំពុងបន្តការស្រាវជ្រាវ លើករណីនេះ ៕
ចែករំលែកព័តមាននេះ