ទីក្រុងវ៉ាស៊ីនតោន៖ ប្រទេសអាមេរិកគ្មានផែនការបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ។ និយាយនេះសំដៅលើយោធាចារ្យបង្ហាត់បង្រៀនក្បួនយុទ្ធសាស្ត្រសង្គ្រាមសម្រាប់កងទ័ពអ៊ុយក្រែន។ នាយអគ្គសេនាធិការកងទ័ពអាមេរិកថ្លែងដូច្នេះបន្ទាប់ពីបារាំងថ្លែងថាខ្លួនត្រៀមបញ្ជូនទ័ពទៅអ៊ុយក្រែន។ បន្ទាប់ពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងជាង២ឆ្នាំ រុស្ស៊ីបន្តវាយទៅមុខដោយសន្សឹមៗ ហើយធ្វើឱ្យអ៊ុយក្រែនបាត់បង់កម្លាំងប្រយុទ្ធមិនតិចទេ។ ជំនួយយោធារបស់ក្រុមបស្ចិមប្រទេសក៏ត្រូវពន្យារពេលរាប់ខែ។

ស្ថានភាពនេះនាំឱ្យមានការដាក់ជាសំណួរដ៏ធំ១ថាតើប្រទេសអាមេរិក និងក្រុមសម្ព័ន្ធមិត្តអាចធ្វើអ្វីបានទៀតក្រៅពីជួយថវិការាប់ពាន់លានដុល្លារ, អាវុធយុទ្ធភ័ណ្ឌ, ព័ត៌មានសម្ងាត់ និងបណ្ដុះបណ្ដាលយោធាអ៊ុយក្រែន។ ឧត្ដមសេនីយ៍ឆាលប្រោន (Charles Brown) ជានាយសេនាធិការកងទ័ពអាមេរិកថ្លែងថាសម្រាប់ពេលនេះ លោកគ្មានគម្រោងបញ្ជូនយោធាចារ្យទៅអ៊ុយក្រែនទេ។ លើកលែងតែសង្គ្រាមត្រូវបានបិទបញ្ចប់ទៅវិញជាស្ថាពរទើបអាមេរិកអាចនឹងពិចារណាទៅលើរឿងនេះ។

ក៏ប៉ុន្តែមិនមែនបានសេចក្ដីថាអាមេរិកគ្មានកងទ័ពសូម្បីតែម្នាក់នៅលើទឹកដីអ៊ុយក្រែននោះដែរ។ គ្រាន់តែថាកងទ័ពអាមេរិក១៥០នាក់នៅអ៊ុយក្រែនសព្វថ្ងៃនេះបញ្ជូនទៅតាំងពីមុនពេលផ្ទុះសង្គ្រាមអ៊ុយក្រែនទៅទៀត។ សូមរំលឹកថាលោកម៉ាក្រុង ធ្លាប់បោះពាក្យបោះសម្ដីតាំងពីខែកុម្ភៈ ឆ្នាំ២០២៤ថាលោកអាចនឹងបញ្ជូនកងទ័ព ឬយោធាចារ្យទៅអ៊ុយក្រែនដើម្បីកុំឱ្យរុស្ស៊ីមានជ័យជម្នះនៅក្នុងសង្គ្រាម។ ប៉ុន្តែការលើកឡើងនេះត្រូវរុស្ស៊ីចេញសារព្រមានធ្ងន់ៗថាប្រយ័ត្នទទួលរងផលវិបាកធ្ងន់ធ្ងរ។

មិនយូរប៉ុន្មានបណ្ដាប្រទេសដទៃទៀតនៅសហភាពអឺរ៉ុបដូចជាអាល្លឺម៉ង់ជាដើមចេញមកប្រកែកឡើងញ័រមាត់ព្រោះខ្លាចអំណាចរុស្ស៊ី។ សូម្បីតែអាមេរិកក៏ចេញមកប្រកែកជាហូរហែផងដែរ។ រដ្ឋមន្ត្រីការបរទេសបារាំងចេញមកបញ្ជាក់ឡើងវិញថាលោកម៉ាក្រុងមិនមែនចង់បញ្ជូនកងទ័ពទៅប្រយុទ្ធទល់នឹងកងទ័ពរុស្ស៊ីទេ។ លោកចង់បំពេញតម្រូវការណាមួយរបស់អ៊ុយក្រែនតែប៉ុណ្ណោះ។ ក្រុមអ្នកការទូតបារាំងថ្លែងថាលោកម៉ាក្រុងមិនបានកំណត់យន្តការជាក់លាក់ណាមួយនោះទេ។

ដើម្បីជៀសវាងមន្ទិលសង្ស័យនានា លោកប្រោនចេញមកបញ្ជាក់ឡើងវិញនៅចំពោះមុខរដ្ឋមន្ត្រីការពារជាតិ។ លោកក៏ទើបតែជួបក្រុមប្រទេសផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែនផងដែរ។ លោកប្រោន និងលោកអូស្ទីនយល់ថាគេត្រូវតែជួយអ៊ុយក្រែននៅក្នុងពេលនេះព្រោះកងទ័ពរុស្ស៊ីវាយប្រហារកាន់តែខ្លាំងនៅសមរភូមិខាគីវ។

ជានិច្ចកាល ប្រទេសអាមេរិកហាក់ដូចជាប្រយ័ត្នប្រយែងណាស់ចំពោះពាក្យសម្ដី ឬសារនយោបាយពាក់ព័ន្ធនឹងការបញ្ជូនកងទ័ពទៅអ៊ុយក្រែន។ សូម្បីតែមន្ត្រីជាន់ខ្ពស់ឈ្មោះនូលែន (Nuland)បញ្ចេញទស្សនៈថាលោកបៃដឹនគួរដកចេញនូវបម្រាមដែលហាមឃាត់អ៊ុយក្រែនមិនឱ្យប្រើប្រាស់អាវុធបាញ់ចូលទឹកដីរបស់អ៊ុយក្រែន មន្ទីរបញ្ចកោណចេញមកបដិសេធភ្លាម។

សេតវិមានយល់ថាបើអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើរបៀបនេះអាចនាំឱ្យមានជម្លោះដោយផ្ទាល់រវាងទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន។ លោកប្រោនជឿជាក់ថារហូតមកដល់ពេលនេះ អ៊ុយក្រែនពុំដែលបានប្រើប្រាស់អាវុធរបស់អាមេរិកបាញ់ចូលទឹកដីរុស្ស៊ីម្ដងណាទេ។ អ៊ុយក្រែនក៏ធ្លាប់ឆ្លើយបំភ្លឺរឿងនេះផងដែរថាកាលពីពេលកន្លងមក ខ្លួនពិតជាធ្លាប់បានប្រើប្រាស់យន្តហោះដ្រូន ឬគ្រាប់រ៉ុកកែតដើម្បីបាញ់ចូលទឹកដីរុស្ស៊ីមែន។ ក៏ប៉ុន្តែអាវុធទាំងនេះផលិតនៅក្នុងរោងចក្ររបស់អ៊ុយក្រែនផ្ទាល់តែម្ដង៕
ចែករំលែកព័តមាននេះ