ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខការទូតកម្ពុជា និងបារាំង ពិភាក្សាតាមទូរស័ព្ទជុំវិញវិបត្តិព្រំដែនកម្ពុជា-ថៃ និងស្ថានភាពមនុស្សធម៌

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រី​នៃ​ក្រសួង​អឺរ៉ុប និង​ការ​បរទេស​នៃ​សាធារណរដ្ឋ​បារាំង ។ នេះ​បើ​យោង​តាម​លោក ប្រាក់ សុ​ខុន បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ​នេះ ។

ក្នុង​អំឡុង​កិច្ច​សន្ទនា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​បន្ដ​គាំទ្រ​របស់​បារាំង ក្នុង​ដំណើរការ​សន្តិភាព ជា​ពិសេស​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​ការ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​មនុស្សធម៌ ដែល​បណ្តាល​ឱ្យ​មានការ​ជម្លៀស​ជន​ស៊ី​វិល​កម្ពុជា​ប្រមាណ​ជាង​កន្លះ​លាន​នាក់ ក៏​ដូច​ជា ការ​ខូចខាត​ដែល​បាន​កើតឡើង​នៅ​តំបន់​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា ក្នុង​ពេល​មាន​អរិភាព​នេះ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម Jean-Noël BARROT បាន​កោតសរសើរ​ចំពោះ​សេចក្តី​ប្រកាស​របស់​ប្រធាន​អាស៊ាន អំពី​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ស្តី​ពី​ស្ថានការណ៍​បច្ចុប្បន្ន​រវាង​កម្ពុជា​ថៃ ដែល​បាន​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​ប្រកាស​អំពី​ការ​ចាប់ផ្តើម​ឡើង​វិញ​នូវ​កិច្ច​សន្ទនា​សម្រាប់​ដោះស្រាយ​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ និង​បាន​ស្វាគមន៍​ចំពោះ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​។

ឯកឧត្តម Jean-Noël BARROT ក៏​បាន​សម្តែង​ការ​គាំទ្រ​របស់​ប្រទេស​បារាំង​ចំពោះ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី ចិន និង​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​សម្រេច​ឱ្យ​បាន​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​តាម​រយៈផ្លូវ​ការទូត​។

ជា​កិច្ចបញ្ចប់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​មិន​ងាករេ​របស់​កម្ពុជា​ចំពោះ​សន្តិភាព និង​ការ​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​បទ​ឈប់​បាញ់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ