ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប Fury និង Usyk អ្នកឈ្នះបាន​៣០លានដុល្លារ អ្នកចាញ់បានដល់១០០លានដុល្លារ

2 ខែ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ការ​ប្រកួត​ប្រដាល់សកល​ប្រវត្តិសាស្ត្រ​ដ៏​កក្រើក​ប្រចាំឆ្នាំ ២០២៤ បាន​បញ្ចប់​

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ការ​ប្រកួត​ប្រដាល់សកល​ប្រវត្តិសាស្ត្រ​ដ៏​កក្រើក​ប្រចាំឆ្នាំ ២០២៤ បាន​បញ្ចប់​ទៅ​ជាមួយ​ភាព​អស្ចារ្យ​ដ៏​បំផុត បន្ទាប់​ពី Oleksandr Usyk អ្នក​ប្រដាល់​ដ៏​ឆ្នើម​ជនជាតិ​អ៊ុយ​ក្រែ​ន បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក WBC ក្រោយ​ផ្តួល​អ្នកលេង​កណ្តាប់ដៃ​ដែក​ចក្រភព​អង់គ្លេស Tyson Fury ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​។

ការ​ប្រកួត​១២​ទឹក ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Kingdom Arena មាន​មូលដ្ឋាន​នៅ​ទីក្រុង​រី​យ៉ា​ដ (Riyadh) ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន Usyk បាន​ផ្តល់​មេរៀន​ដ៏​មហា​ឈឺចាប់​ដល់​ជើង​ខ្លាំង​អង់គ្លេស Fury ឱ្យ​ស្គាល់​រសជាតិ​ចាញ់​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន ដោយ​ចៅក្រម​កាត់​សេ​ច្តី​បាន​ផ្តល់​ឱ្យ Usyk ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ ១១២-១១៥ ១១៤-១១៣ និង ១១៣-១១៤​។

តាម​រយៈ​ជ័យជម្នះ​ដ៏​សំខាន់​នេះ Usyk ដែល​តែងតែ​លើក​ឡើង​អំពី​កង្វល់​ចំពោះ​ក្រុម​គ្រួសារ និង​ប្រជាជាតិ​អ៊ុយ​ក្រែ​ន​របស់​ខ្លួន ដែល​ស្ថិត​នៅ​ក្នុង​ភ្លើងសង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​នោះ កំពុង​កាន់កាប់​ខ្សែក្រវាត់​ចំនួន ៤ នៅ​ពេល​នេះ ក្រោយ​ដណ្តើម​បាន​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក WBC ពី Fury បន្ថែម​ពីលើ​ខ្សែក្រវាត់​ចំនួន ៣ ដែល​ខ្លួន​កំពុង​កាន់កាប់​រួម​មាន WBA (Super), WBO និង IBF បន្ទាប់​ពី​ឆ្លងកាត់ ២២​ប្រកួត​កន្លង​មក ឈ្នះ​ទាំងអស់ និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ ១៤​ដង​។ ចំណែក Fury ស្គាល់​បរាជ័យ​លើក​ដំបូង​ក្នុង​អាជីព ៣៦​ប្រកួត​របស់​ខ្លួន ដែល​ឈ្នះ​៣៤​ដង ស្មើ​១​ដង​និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ ២៤​ដង​។

យោង​តាម​ប្រភព​ពី​កាសែត Marca និង​គេហទំព័រ talkSPORT កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ បានឱ្យ​ដឹង​ថា អ្នក​ផ្សព្វផ្សាយ​ការ​ប្រកួត​ជនជាតិ​អា​មេ​រិ​ក លោក Bob Arum បាន​បង្ហាញ​ថា Tyson Fury ដែល​ជា​អ្នក​ចាញ់​ទទួល​បាន​ប្រាក់ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ Oleksandr Usyk ដែល​ជា​អ្នក​ឈ្នះ​ទទួល​បាន​ត្រឹម ៣០​លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុណ្ណោះ​។

ប៉ុន្តែ​ទោះ​យ៉ាងណា បើ​តាម​ប្រភព​ពី​សារព័ត៌មាន The Mirror ដែល​បាន​ស្រង់​របាយការណ៍​ចេញពី​ក្រុមហ៊ុន​វិនិយោគ Stocklytics បានឱ្យ​ដឹង​ថា កីឡាករ Fury នឹង​បាត់បង់​ប្រាក់​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ទល់​នឹង Usyk ដោយសារ​តែ​ច្បាប់​ពន្ធ​របស់​ចក្រភព​អង់គ្លេស​។

អ្នក​ប្រដាល់​វ័យ​៣៥​ឆ្នាំ​រូប​នេះ នឹង​ត្រូវ​បង្ខំ​ឱ្យ​បង់ពន្ធ​លើ​ប្រាក់​ចំណូល ៤៦​លាន​ផោន ដែល​ស្មើនឹង ៥៨​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ការ​ធានា​រ៉ាប់រង​ជាតិ​។ អ្នកនាំពាក្យ​ក្រុមហ៊ុន Stocklytics បាន​ពន្យល់​ថា មិន​ខ្វល់​ថា អ្នកជា​នរណា​នោះ​ទេ ប្រសិនបើ​អ្នកជា​អ្នក​រស់នៅ​ចក្រភព​អង់គ្លេស អ្នក​ត្រូវ​តែ​បង់ពន្ធ​លើ​ប្រាក់​ចំណូល​រកបាន​នៅ​បរទេស តាម​របៀប​ដូច​គ្នា​៕ (​រូបភាព ៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ