ខេត្តព្រៃវែង ៖ យុវជនពីរនាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចាប់ឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាពកា.ប់បុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួនបានជាងកន្លះខែ ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទី១ ឈ្មោះ រស់ពៅ ភេទប្រុស អាយុ ១៧ឆ្នាំ និងទី២ ឈ្មោះ ណាតមុនីរ័ត្ន ភេទប្រុស អាយុ២២ ឆ្នាំ អ្នកទាំងពីរមានទីលំនៅក្នុងភូមិព្រែកខ្សាយខាងជើង ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ចំណែកជនរងគ្រោះមានឈ្មោះ អៀន រោត ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅក្នុងភូមិកណ្ដាល ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
លោកវរៈសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែងបានឲ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ នៅយប់ថ្ងៃទី ០១ ឧសភា ក្នុងពេលដែលពួកគេកំពុងតែជិះម៉ូតូតាមផ្លូវ លើកំណត់ផ្លូវជាតិលេខ១១ ត្រង់ចំណុចក្រោមស្ពានអ្នកលឿង ពួកគេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក៏បកម៉ូតូត្រឡប់ក្រោយតាមទៅកា.ប់ជនរងគ្រោះត្រូវមួយដាវចំខ្នងរួចក៏បើកម៉ូតូរត់គេចខ្លួនបាត់តែម្ដង ។
ក្រុមជនសង្ស័យទាំងពីរនាក់បានបញ្ជាក់ថា ពួកគេនឹងជនរងគ្រោះមិនដែលស្គាល់គ្នា ហើយក៏មិនធ្លាប់មានគំនុំអ្វីនឹងគ្នាដែរ ពួកគេកា.ប់ជនរងគ្រោះ គឺដើម្បីកាត់ស៊យ ព្រោះទម្លាប់ពួកគេពេលចេញដើរ បើមិនបានវ៉ៃគេ ឬមិនបានកា.ប់គេទេវាចង្រៃដល់ខ្លួន ដូច្នេះហើយទើបពួកគេកា.ប់ជនរងគ្រោះយកហេង ។
លោក ផាត់ សុជោត បានបញ្ជាក់ថា ក្រោយពីកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកម្លាំងអាវុធហត្ថស្រុកពាមរក៍ ហើយកម្លាំងស្រុក និងខេត្តបានសហការគ្នាចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១៦ឧសភា ក៏កំណត់មុខសញ្ញាជនសង្ស័យបានទើបសុំដីការពីលោកព្រះរាជអាជ្ញា និងឈានដល់ការចុះចាប់ខ្លួនជន សង្ស័យបាន នៅព្រឹកថ្ងៃទី១៨ ឧសភា ហើយបានកសាងសំណុំរឿងចាត់ការបន្តទៅតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ