ខ្លោងទ្វារបុរាណអាយុជិត១០០ឆ្នាំមានឫទ្ធិបារមីខ្លាំង អាជ្ញាធរមិនហ៊ានប៉ះពាល់សុខចិត្តធ្វើផ្លូវវាង
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ខ្លោងទ្វារបុរាណមួយកន្លែង ដែលមានអាយុកាលជិត១០០ឆ្នាំ ឈ្មោះ«ខ្លោងទ្វារ
ខេត្តបាត់ដំបង ៖ ខ្លោងទ្វារបុរាណមួយកន្លែង ដែលមានអាយុកាលជិត១០០ឆ្នាំ ឈ្មោះ«ខ្លោងទ្វារ
ខេត្តបាត់ដំបង ៖ ខ្លោងទ្វារបុរាណមួយកន្លែង ដែលមានអាយុកាលជិត១០០ឆ្នាំ ឈ្មោះ«ខ្លោងទ្វារដំណាក់ហ្លូង» មានទីតាំងជាប់ចិញ្ចើមផ្លូវជាតិអតីតលេខ១០ ស្ថិតក្នុងក្រុងបាត់ដំបង ដែលប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់មានជំនឿយ៉ាងមុតមាំថា ខ្លោងទ្វារនេះមាន«បារមីខ្លាំងពូកែសក្តិសិទ្ធិ» រហូតអាជ្ញាធរឬមន្ត្រីជំនាញមិនហ៊ានប៉ះពាល់ បើទោះជាសព្វថ្ងៃនេះ ខ្លោងទ្វារនេះ ស្ថិតចំទ្រូងផ្លូវក្នុងគម្រោងដែលកំពុងសាងសង់ថ្មីក្តី តែអាជ្ញាធរសុខចិត្តធ្វើផ្លូវវាង ហើយបានរក្សាទុកខ្លោងទ្វារបុរាណនេះជាទីសក្ការៈបូជាសម្រាប់ប្រជាពលរដ្ឋដែលមានជំនឿ ថែមទាំងរៀបចំកែលម្អរធ្វើជាសួនច្បារទៀតផង។ ប្រជាពលរដ្ឋខ្លែរភាគច្រើន បានជឿលើបារមីដែលថែរក្សាគ្រប់គ្រងខ្លោងទ្វារ«ដំណាក់ហ្លួង»នេះ។
ប្រជាពលរដ្ឋតែងអុជធួបបន់ស្រន់សុំសេចក្ដីសុខសប្បាយ ឬ ធ្វើពិធីបន់ស្រន់ផ្សេងៗ ទៅតាមជំនឿរបស់ពួកគេ ដែលពួកគេមានបំណង។ ប្រជាពលរដ្ឋដែលបានអុជធួបបន់ស្រន់ ឬ ធ្វើពិធីផ្សេងៗសុទ្ធតែបានអះអាងថា «ក្រោយបន់ស្រន់ បារមីខ្លោងទ្វារដំណាក់ហ្លួង ពិតជាពួកែសាកសិទ្ធមែន»។
មិនត្រិមតែអ្នកមានជំនឿខាងផ្លូវងងិតទេ ដែលមានជំនឿយ៉ាងមុតមាំទៅបានបារមីខ្លោងទ្វារដំណាក់ហ្លួងនេះ សូម្បីអ្នកញៀននឹងល្បែងកន្ទុយលេស(ឆ្នោត) ក៏ធ្លាប់ផ្អើលភ្លូកទឹកភ្លូកដីនាំគ្នាទៅដុះអង្អែលខ្លោងទ្វារបុរាណនេះសុំលេខឆ្នោតចាក់ត្រូវស្ទើរគ្រប់ៗគ្នា។ ទាក់ទិននឹងបារមីដ៏ពូកែសាកសិទ្ធ នៃខ្លោងទ្វារដំណាក់ហ្លួងនេះ យោងតាមប្រភពជាច្រើន និង អ្នកមើលថែរក្សានាបច្ចុប្បន្ននេះ បានអះអាងប្រហាក់ប្រហែលគ្នាថា ខ្លោងទ្វារដំណាក់ហ្លួងនេះ ពិតជាមានបារមីខ្លាំងពូកែមែន។
តាមប្រភពបានបញ្ជាក់ថា កាលពីជាង១០ឆ្នាំមុន ក្នុងរាជកាល លោកប្រាជ្ញ ចន្ទ ធ្វើជាអភិបាលខេត្ត គេមានគម្រោងឈូសរំលើងខ្លោងទ្វារនេះចោល ដើម្បីសាងសង់ពង្រីកផ្លូវ។ ប៉ុន្តែកាលនោះអាជ្ញាធរ និង មន្ត្រីជំនាញ បានប្រើប្រាសគ្រឿងចក្រឈូសកំទេចខ្លោងទ្វារនេះចោល តែគ្រឿងចក្របានរងការខូចខាតអស់ចំនួន០៣គ្រឿងជាបន្តបន្ទាប់ រហូតមានលេចឮនូវពាក្យចាមអារ៉ាមថា «មិនត្រិមតែខូចគ្រឿងចក្រទេ អ្នកបើកបរគ្រឿងចក្រដែលព្យាយាមឈូសកំទេចខ្លោងទ្វារក៏ឈឺរហូតដល់ស្លាប់ម្នាក់ដែរ»។
នៅក្នុងហេតុការណ៏នេះ មានសាក្សីម្នាក់ គឺ លោក សុខ ចាន់ អាយុ៥៥ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលផ្ទះរបស់គាត់នៅចម្ងាយពីខ្លោងទ្វារដំណាក់ហ្លួងនេះប្រមាណ១០០ម៉ែត្រ បានប្រាប់កោះសន្តិភាព កាលពីសប្ដាហ៏មុននេះដោយលោកទទូលស្គាល់ថា «ពិតជាមានហេតុការណ៏បានកើតឡើង ដូចការលើកឡើងខាងលើនេះមែន»។
មានប្រវត្តិជាអតីតយោធា ធ្លាប់ចូលប្រឡូកស្ទើរគ្រប់សមរភូមិក្ដៅៗ នៅក្នុងខេត្តបាត់ដំបង ក្នុងអំឡុងទសវត្សឆ្នាំ១៩៨០។ ប៉ុន្តែបច្ចុប្បន្ន លោក សុខ ចាន់ ជាយោធិនពិការដោយរងរបួសធ្ងន់ត្រង់ក្បាល តែសព្វថ្ងៃនេះលោកពុំមានឈ្មោះនៅក្នុងបញ្ជីយោធិនពិការ ដែលអាចទទូលបានប្រាក់បំណាច់អ្វីដូចគេទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អតិតយោធិនជួរមុខរូបនេះ ជាអ្នកថែទាំបោសសម្អាតនៅទីតាំង«ខ្លោងទ្វារដំណាក់ហ្លួង» គ្រាន់បានកំរ៉ៃបន្តិចបន្ទូចពីភ្ញៀវដែលចូលអុជធួបបន់ស្រន់ ឬ ធ្វើពិធីផ្សេងៗ។ ដូចហើយទើបគាត់បានដឹងពីដំណើររឿងច្រើនគួរសមពីជំនឿតាមផ្លូវងងិតក្ដី ឬ លើបារមីដ៏ពូកែសាកសិទ្ធនៅ«ខ្លោងទ្វារដំណាក់ហ្លួង»នេះក្ដី។ យកដៃគង់ថ្ងាស់ សម្រាន្តនៅលើអង្រឹងពណ៏ខ្មៅតូចមួយ ដែលចងភ្ជាប់ពីបង្គោលម្ខាងទៅជាប់នឹងខ្លោងទ្វារ ក្រោមម្លប់ជ្រៃក្រិម ដែលដុះគ្រប់ដណ្ដប់លើខ្លោងទ្វារ។ គាត់សម្រាន្តមិនទាន់លក់ដែលទំនងរង់ចាំបដិសណ្ធាកិច្ចភ្ញៀងដែលចូលទៅដុតធួប។
លោក សុខ ចាន់ បានព័រណ៌នាយ៉ាងក្បោះក្បាយនូវអ្វីដែលគាត់បានដឹងពីប្រវត្តិខ្លះៗ នៃខ្លោងទ្វារដំណាក់ហ្លួង ប្រាប់ដល់កោះសន្តិភាព។ សំនួរជាច្រើនទៅកាន់លោក សុខ ចាន់ ដែលបានផ្ដោតសំខាន់ទៅលើ បារមីសក្តិសិទ្ធិ ប្រវត្តិសង្វេប និងបរិមាណនៃអ្នកមានជំនឿទៅលើខ្លោងទ្វារបុរាណ ដែលមានអាយុកាលជិត១០០ឆ្នាំនេះ។
គាត់បាននិយាយថា «ខ្លោងទ្វារដំណាក់ហ្លួងនេះ មានបារមីខ្លាំង ពូកែសក្តិសិទ្ធិណាស់។ អ្នកបាត់ដំបង ឬ អ្នកដំណើរនានា តែងចូលមកដុតធួប ឬ ធ្វើពិធីបន់ស្រន់ផ្សេង នៅទីកន្លែងខ្លោងទ្វារនេះ ហើយពួកគេហាក់ទទូលបានសមតាមបំណង នូវអ្វីដែលពួកគេបានបន់ស្រន់សុំ»។ លោក សុខ ចាន់ បានរំលឺកពីប្រវត្តិពូកែសាកសីទ្ធខ្លះៗ ដែលបានកើតឡើង ហើយលោកធ្លាប់បានដឹង និង បានឃើញផ្ទាល់ភ្នែកនូវហេតុការណ៏ដ៏ចម្លែកទាំងនោះ។
គាត់បាននិយាយថា កាលពីជាង១០ឆ្នាំមុន (ជំនាន់លោកប្រាជ្ញ ចន្ទ ជាអភិបាលខេត្ត) គេបានប្រើប្រាសគ្រឿងចក្រ ទៅឈូសកំទេចខ្លោងទ្វារដំណាក់ហ្លួងចោល ដើម្បីសាងសង់ផ្ផូវ។ គាត់បានបន្តថា កាលនោះមានគ្រឿងចក្រចំនួន០៣គ្រឿង បានរងការខូចខាតជាបន្តបន្ទាប់ ហើយថែមទាំងឈឺស្លាប់អ្នកបញ្ជាគ្រឿងចក្រម្នាក់ផង នៅពេលកាយទាញបំបាក់កំពូលខ្លោងទ្វារម្ខាងឲ្យបាក់ធ្លាក់មកលើដី។ នេះដោយសារចាញ់បារមីខ្លោងទ្វារដំណាក់ហ្លួង។ ត្រង់ចំណុចនេះ សាក្សីរូបនេះ បានបញ្ជាក់ដូច្នេះថា « កាលនោះ ខ្ញុំបានឈើរមើលសកម្មភាពគេវាយកំទេចខ្លោងទ្វារនេះផ្ទាល់ភ្នែក។
គេមិនត្រឹមតែប្រើគ្រឿងចក្រឈូស ឬ កាយកំទេចខ្លោងទ្វារប៉ុណ្ណោះទេ ក្រុមជំនាញថែមទាំងប្រើម៉ូទ័រសម្រាប់បុកកំទេចថ្មបេតុង យកទៅបុកកំទេចជញ្ជាំងខ្លោងទ្វារយ៉ាងគគ្រឹកគគ្រេងទៀត តែបានត្រិមបែករលាត់ស៊ីម៉ង់ត៏បូកតិចទូចតែប៉ុណ្ណោះ រីឯជញ្ជាំងឥដ្ធនិងខ្លោងទ្វារទាំងមូលនៅតែរឹងមាំដដែល។ នេះសបញ្ជាក់ឲ្យឃើញថា ខ្លោងទ្វារដំណាក់ហ្លួងនេះ មានបារមីខ្លាំងពូកែណាស់» ។ គាត់បានលើកឡើងថា ដោយសារតែខូចគ្រឿងចក្រច្រើនគ្រឿង និង មានស្លាប់មនុស្សផង ទើបមន្ត្រីជំនាញ អាជ្ញាធរ រួមទាំងអ្នកភូមិផង បាននាំគ្នាធ្វើពិធីបួងសូងសុំទោសអ្នកមានបារមី ថែរក្សាខ្លោងទ្វារ និង ឈប់ប៉ះពាល់ខ្លោងទ្វារបុរាណមួយនេះ ចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។ ពុំមានឯកសារបង្ហាញ ឬ ប្រភព ឬ មន្ត្រីជំនាញនៅអង្គភាពណាមួយ បានអះអាង ឬ បានបង្ហាញប្រវត្តិសាវតា នៃខ្លោងទ្វារ«ដំណាក់ហ្លួង» នេះឲ្យបានដឹងជាក់លាក់ទេរហូតដល់សព្វថ្ងៃនេះ។
មានតែប្រភពព្រាលៗ ដែលបានដឹងខ្លះៗ ពីការតំណាលតៗគ្នារបស់ចាស់ៗ បានលើកយកមកនិយាយប្រហាក់ប្រហែលគ្នាថា ខ្លោងទ្វារ«ដំណាក់ហ្លួង» នេះមានប្រវត្តិនៅលើទឹកដីខេត្តបាត់ដំបង ស្មើនឹងខ្ទង់រយឆ្នាំហើយ។ កាលដើមឡើយ នៅចំណុចនោះ មានដំណាក់ស្ដេចខ្មែរ ដែលតែងគង់នៅ ឬ យាងមកស្នាក់នៅម្ដងម្ដាល។ ដំណក់ព្រះមហាក្សត្រត្រូវបានសាង់សង់នៅក្បែរនិងប៉ែកខាងជើងខ្លោងទ្វារ«ដំណាក់ហ្លួង» ដែលសព្វថ្ងៃជាមន្ទីរពេទ្យយោធភូមិភាគទី៥ (ពេទ្យពពីរ)។
តាមប្រភពដដែលបានបន្តថា នៅខាងជើងខ្លោងទ្វារមាន«ដំណាក់ស្ដេច» រីឯនៅប៉ែកខាងត្បូងប្រហែល២០ម៉ែត្រ នៃខ្លោងទ្វារមាន«ស្រះស្រង់ដ៏ធំមួយ» ដែលគេហៅតៗគ្នាថា «ស្រះដំណាក់ហ្លួង»។ ស្រះនេះត្រូវបានគេហែកចែកគ្នាលក់ខ្ទេច លក់ខ្ទីអស់គ្មានសល់ នៅក្នុងសម័យកាល លោក ប្រាជ្ញ ចន្ទ កាន់កាប់អាណាចក្រខេត្តបាត់ដំបង។ សព្វថ្ងៃទីតាំងអតីត«ស្រះដំណាក់ហ្លួង»នេះ បានប្រែក្លាយទៅជាផ្ទះល្វែងរបស់អ្នកមានអស់ទៅហើយ។
ពាក់ព័ន្ធនឹងប្រវត្តិ នៃខ្លោងទ្វារ«ដំណាក់ហ្លួង» នេះដែរ បើតាមប្រធានមន្ទីរវប្បធម៏និងវិចិត្រសិល្បៈខេត្ត លោក គឹម សោភ័ណ ក៏ហាក់មិនទាន់ច្បាស់លាស់ពីប្រវត្តិដែរ។ ប៉ុន្តែលោកអាចលាតបង្ហាញបានខ្លះៗដោយយោងលើឯកសារមួយចំនួន ដែលលោកបានឃើញ បានដឹង។ លោកប្រធានមន្ទីរបានប្រាប់ថា បើតាមលោកដឹងខ្លះៗ តាមរយៈឯកសារ ខ្លោងទ្វារ«ដំណាក់ហ្លួង» នេះសាងសង់ក្នុងចន្លោះឆ្នាំ១៩២៨ ដល់អំឡុងឆ្នាំ១៩៤០ ឬ លើសពីនេះបន្តិចបន្ទូច ក្នុងរាជកាលព្រះបាទព្រះមុនីវង្ស។
លោកមិនបានព័រនាពីប្រវត្តិលំអិត នៃខ្លោងទ្វារបុរាណនេះទេ ព្រោះលោកពុំមានឯកសារនៅក្នុងដៃ តែថា បើតាមយោងលើឆ្នាំសាងសង់ រហូតមកពេលនេះ ខ្លោងទ្វារបុរាណមួយនេះ មានអាយុកាលជិត១០០ឆ្នាំហើយ។ បើពិនិត្យលើស្ថានភាពជាក់ស្ដែង ខ្លោងទ្វារដំណាក់ហ្លួង មានសភាពរឹងមាំ តែត្រូវគេប្រើគ្រឿងចក្រកាយបំបាក់កំពូលម្ខាង និង រនាទ្វារដែកច្រេះចាប់និងបាក់វៀចខូចខាតស្ទើរទាំស្រុង រីឯឥដ្ខជញ្ជាំមានស្នាមបុកកំទេចធ្វើឲ្យប្រេះបែកខ្លះៗ តែកន្លែងខ្លះមានស្នាមរលោងស្រិលដោយសារស្នាដៃអ្នកចាក់កន្ទុយលេខយកម្ស៉ៅទៅលាបដុះសុំលេខឆ្នោតរាល់ថ្ងៃពេក។
ដោយឡែកបើនិយាយពីគមម្រោងពង្រីកសា្ថបនាផ្លូវបេតុងថ្មី គេឃើញក្រុមហ៊ុនសាងសង់ផ្លូវបានឈូសឆាយពង្រីក ចាក់បេតុងជុំវិញទីតាំងខ្លោងទ្វារ តែមិនហ៊ានប៉ះពាល់ខ្លោងទ្វារសូម្បីប៉ុនក្រចក ដូចកាលជាង១០ឆ្នាំមុន ជំនាន់លោកប្រាជ្ញ ចន្ទ កាន់កាប់ទេ។
លោកព្រូញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត បានថ្លែងប្រាប់កោះសន្តិភាព នៅថ្ងៃទី ១៥ ឧសភា ថា ក្រុមហ៊ុនឯកជន ជាអ្នកទទូលសាងសង់ផ្លូវបេតុងឆ្លងកាត់ខ្លោងទ្វារខាងលើនេះ។ លោកថា បើពិនិត្យលើគម្រោងប្លង់ស្ថាបនាផ្លូវ គឺ ខ្លោងទ្វារបានប៉ះពាល់លើដងផ្លូវទាំងស្រុងតែម្ដង តែយើងមិនហ៊ានប៉ះពាលខ្លោងទ្វារទេ។ ពោល គឺយើងធ្វើគេច(វាង) ដោយទុកទិតាំងខ្លោងទ្វារឲ្យស្ថិតនៅចំកណ្ដាលផ្លូវ។
បើតាមលោកព្រូញ រិទ្ធថា បានបញ្ជាក់ថា យើងមិនហ៊ានធ្វើប៉ះពាល់ដល់ទីតាំងខ្លោងទ្វារទេ។ យើងធ្វើវាងជុំវិញ តែពេលនេះក្រុមហ៊ុនសាងសង់បានចាក់បេតុងរួចម្ខាងហើយ នៅមួយកំណាត់ក្បែរខ្លោងទ្វារប៉ែកខាងជើង។ ក្រោយចាក់បេតុងរួចយើងនឹងរៀបចំធ្វើសួនច្បារឲ្យស្អាត់ល្អ នៅជុំវិញលើផ្ទៃដី នៃទីតាំងខ្លោងទ្វារបុរាណនេះ។ នៅពេលសួរនាំពីរឿងបារមីពូកែសាកសិទ្ធ នៃខ្លោងទ្វារដំណាក់ហ្លួងនេះ ដែលធ្លាប់ធ្វើឲ្យខូចគ្រឿងចក្រចំនួន០៣គ្រឿងជាបន្តបន្ទាប់ ថែមទាំងល្បីថា មានស្លាប់អ្នកបើកគ្រឿងចក្រម្នាក់ផង លោកប្រធានមន្ទីររូបនេះ ហាក់មិនច្បាស់លាស់ដែរ ក្នុងការផ្ដល់ចម្លើយ។ លោក គ្រាន់តែនិយាយថា « កាលនោះខ្ញុំមិនបានឃើញផ្ទាល់ភ្នែក ឬ ដឹងច្បាស់ទេ តែខ្ញុំបានឮពាក្យចាមអារ៉ាមគេនិយាយតៗដែរគ្នាថា មានរឿងបែបនេះកើតឡើង»។
តើលោកប្រធានជឿទេ ចំពោះពាក្យចាមអារ៉ាមបែបនេះដែលថា ខ្លោងទ្វារដំណាក់ហ្លួង មានបារមីខ្លាំងពួកែសាកសិទ្ធ ? «ខ្ញុំជឿដែរ… ព្រោះកាលមុនអំឡុងពេលរៀបចំគម្រោងសាងសង់ពង្រីកផ្លូវថ្មីៗកន្លងទៅនេះ អាជ្ញាធរ មន្ត្រីជំនាញ និង ខាងមន្ទីរធម្មការខេត្ត បានភិភាក្សាគ្នា ដើម្បីធ្វើពិធីរំកិលខ្លោងទ្វារចេញពីទីតាំងចាស់។ ប៉ុន្តែគ្រាន់តែពិភាក្សាគ្នាសោះ មិនទាន់ធ្វើពិធីនោះផង ស្រាប់តែមានបញ្ហា… កើតឡើងស្ដែងៗតែម្ដង។ ដូច្នេះរឿងអីមិនជឿ ?
ពេលនេះយើងបានសម្រេចធ្វើផ្លូវវាងជុំវិញ និង រៀបចំធ្វើសួនច្បារលម្អរទិតាំងខ្លោងទ្វារនេះហើយ»។ ពាក់ព័ន្ធនឹងជំនឿយ៉ាងមុតមាំ ទៅលើបារមី ឬ ទៅលើផ្លូវងងិត នៃខ្លោងទ្វារ«ដំណាក់ហ្លួង» នេះ យើងងាកមកស្ដាប់ការរៀបរាប់ បំភ្លឺស្ទើសម្បុរ តាមរយៈការព័រនា របស់លោក សុខ ចាន់ ជាអ្នកថែទាំ ឬ បោសសម្អាត បរិវេណខ្លោងទ្វារដំណាក់ហ្លួងជាប្រចាំ ដែលលោកអះអាងថា ធ្លាប់ប្រទះឃើញផ្ទាល់ភ្នែក ចំពោះអ្នកសច្ចាំងបង់បត់ ឬ អ្នកមានបារមីគ្រប់គ្រងខ្លោងទ្វារ«ដំណាក់ហ្លួង» នេះ។
លោក សុខ ចាន់ បាននិយាយថា ពេលថ្ងៃឡើងមិនសូវមានភ្ញៀវចូលដុតធួប លោកតែសម្រាន្តលក់នៅលើអង្រឹង។ ប៉ុន្តែពេលយប់លោកសម្រាន្តលេងរហូតដល់ម៉ោងជិត១២យប់ ទើបលោកងើបជិះគង់ទៅផ្ទះ។ លោកបានរៀបរាប់គួឲ្យព្រឺសម្បុរនូវអ្វីដែលលោកបានឃើញយ៉ាងដូច្នេះថា «នៅយប់ខ្លះ ម៉ោងប្រហែល៩ឬ១០យប់ រាងស្ងាត់បន្តិច ខណៈលោកកំពុងសម្រាន្តលេងលើអង្រឹង ស្រាប់តែមានកូនក្មេងជាច្រើន ក្នុងសម្លៀកបំពាក់ក្រណាត់ក្រហមរុំក ពាក់ឈៀងខ្វែងដងខ្លួន និង មានចងសក់កំប៉ោយទៀតផង មកឡើងដេញគ្នាលេងរង្គឺពេញលើដើមជ្រៃក្រិម។ ខ្ញុំស្គាល់ច្បាស់គឺក្មេងៗទាំងនោះ ជាពួកម្រេញកុងវាល រហូតពេលខ្លះលោកស្រែកដេញឲ្យឈប់លេងទើបពួកគេឈប់ ព្រោះខ្ញុំថ្លង់ពេក ហើយក៏បាត់ខ្លួនអស់ភ្លាមៗទៅ»។
គាត់បាននិយាយទៀតថា «បើយប់ខ្លះ ពេលយប់ជ្រៅ ខ្ញុំធ្លាប់ឃើញមានសេះស ហោះមកចុះខាងមុខខ្លោងទ្វារ ដោយមានទាំងមីណុំ មីនាង ចុះអមដំណើរមកជាមួយផង។ ពួកគេចុះមកហាក់ធ្វើពិធីអ្វីមួយ មានលក្ខណៈសប្បាយៗ រួចហើយក៏បាត់ខ្លួនអស់ទៅ»។ អតីតយោធិនសមរភូមិក្ដៅជួរមុខរូបនេះ បានព័រនាជាច្រើនអំពីអ្នកមានជំនឿលើបារមីដ៏ពូកែសាកសិទ្ធ នៃខ្លោងទ្វារដំណាក់ហ្លួង ដែលមានអាយុកាលជិត១០០ឆ្នាំនេះ។
លោកបានបញ្ជាក់ចុងក្រោយថា ក្រៅពីអ្នកបន់ស្រន់សុំសេចក្ដីសុខ សុំជាជំងឺផ្សេង សុំលក់ដីឆាប់ដាច់ ឬ សុំឲ្យបារមីជួយឲ្យពួកគេមានកូន ក៏មានអ្នកញៀននឹងល្បែងឆ្នោតជាច្រើនអនេកដែរ ដែលនាំគ្នាមកសុំលេងឆ្នោត ហើយសូម្បីតែលោកផ្ទាល់ក៏ធ្លាប់ចាក់ឆ្នោតត្រូវតិចទូចញឹកញ៉ាប់ដែរ ដោយសារអ្នកកាន់បារមីឲ្យឃើញ៕
ចែករំលែកព័តមាននេះ