ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម វ៉ា​ត់ ចំរើន កត្តា​ចម្បង នៃ​ការ​លេង​កីឡា គឺ​គោរព​វិន័យ នាំ​មក​នូវ​សេចក្ដី​ថ្លៃថ្នូរ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា ៖ «​សូម​រៀន និង​ចង​ចាំ​ទាំងអស់​គ្នា ហើយ​ត្រូវ​និយាយ​ដដែល​ៗ​បន្ត​គ្នា​ថា កីឡា គឺ​វិន័យ មុន​លេង​កីឡា​គេ​ស្រែក​កីឡា វិន័យ ដោយ​វិន័យ​នេះ​ហើយ គឺជា​សេចក្តី​ថ្លៃថ្នូរ ជា​ទ្រព្យសម្បត្តិ និង​ជា​អ្វី​ៗ​គ្រប់យ៉ាង​សម្រាប់​ជីវិត​» ។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​រដ្ឋលេខាធិការ នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់​ផ្នែក​ជាមួយ​ប្រតិភូ​កីឡា នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា នៃ​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ ឆ្នាំ​២០២៤ ។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា ៖ «​ដូច្នេះ​មាន​ន័យ​ថា វិន័យ គឺ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក គោរព​ពេលវេលា បទបញ្ជា និង​ការ​គោរព​ខ្លួនឯង​។ ដើម្បី​ឱ្យ​ដំណើរការ​ប្រកួត​ឱ្យ​បាន​រលូន ហើយ​មាន​កិត្តិយស​ទាំងអស់​គ្នា គឺ​ត្រូវការ​ថែរក្សា​ឱ្យ​បាន​នូវ​វិន័យ ។ ប្រសិនបើ​យើង​ធ្លាប់​ចេញ​ទៅ​ប្រកួត​ហ្គេ​ម នៅ​ក្រៅប្រទេស គឺ​យើង​នឹង​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​គោរព​វិន័យ​នេះ វា​ចាំបាច់​ប៉ុណ្ណា ដោយ​ចំណុច​សំខាន់​ទី​១​នៃ​វិន័យ​នេះ គឺ​ការ​ពាក់​បណ្ណ​សម្គាល់​ខ្លួន ដែល​បង្ហាញ​អំពី​ការ​ចូលរួម​ប្រកួត ឬ​ជា​អ្នកបម្រើ​ការ ក្នុង​ហ្គេ​ម​នីមួយ​ៗ​។ ក្រៅពី​អត្តសញ្ញាណ​នៃ​ហ្គេ​ម ក៏​ការ​ពាក់​បណ្ណ​សម្គាល់​ខ្លួន​មាន​សារៈសំខាន់​សម្រាប់​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​ផង​ដែរ​» ។

ជាមួយ​គ្នា​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន ក៏​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ ប្រតិភូ លោកគ្រូ អ្នកគ្រូ​នៅ​គ្រឹះស្ថានសិក្សា ដែល​ចូលរួម​ប្រកួត​កីឡា​សិស្ស​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ជួយ​ជំរុញ​ដល់​ការ​ផ្សព្វផ្សាយ ដើម្បី​បញ្ចេញ​ព័ត៌មាន​ការ​ប្រកួត​ពី​ការ​ចូលរួម​ប្រកួត​របស់​ខ្លួន​ទៅ​ក្នុង​គេហទំព័រ និង​បណ្តាញ​សង្គម​របស់​ខ្លួន ជា​ពិសេស​គឺ​សាកលវិទ្យាល័យ ដែល​ទទួល​បាន​ជ័យ​លា​ភី​ល្អ​ៗ គឺ​ត្រូវ​តែ​បង្ហាញ​ពី​មោទនភាព ដែល​ទាំង​អស់នេះ​គឺជា​ការ​បង្ហាញ​ពី​ឧត្តម​ប្រយោជន៍ សម្រាប់​ព្រឹត្តិការណ៍​របស់​យើង​។ ក្នុង​ការ​រួមចំណែក​ផ្សព្វផ្សាយ​នេះ ឯកឧត្តម​ស្នើ​សុំ​ឱ្យ​ផ្សព្វផ្សាយ​ក្នុង​រូបភាព​វិជ្ជមាន ដែល​ផ្តល់​ប្រយោជន៍​ដល់​ការ​អប់រំ និង​សង្គម​ជាតិ ។

តាម​ការ​គូសបញ្ជាក់​ពី​លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​បានឱ្យ​ដឹង​ថា នាយកដ្ឋាន​ចំណុះ​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ទាំង​១៣ រៀបចំ ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ ឆ្នាំ​២០២៤ ចាប់ពី​ថ្ងៃ​ទី​១៨- ២៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ ដែល​បាន​កំណត់​យក​ប្រភេទ​កីឡា ចំនួន​១៣ រួម​មាន​៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែល​ទឹក វាយ​សី​  វាយ​កូន​ឃ្លី​លើ​តុ​  តេ​ក្វា​ន់​ដូ WT  តេ​ក្វា​ន់​ដូ ITF កា​រ៉ា​តេ​  សីដក់ និង​គុន​ដាវ ស្មើនឹង​  ១០៣​វិញ្ញាសា​   សរុប ៧១៨  មេដាយ​  ដែល​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​ចូលរួម​ប្រកួត​សរុប ១ ៧៦៤ នាក់ ស្រី ៣៩១ នាក់ ដែល​អញ្ជើញ​មក​ពី ៤៧ គ្រឹះស្ថានឧត្តមសិក្សា ដោយ​ក្នុង​នោះ​មាន​គ្រឹះស្ថានសិក្សា​សាធារណៈ ចំនួន ១៣ និង​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន ៣៤ ។

ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​នេះ មាន​គោលបំណង ដើម្បី​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការ​ជួបជុំ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ រវាង​សាកលវិទ្យាល័យ និង​គ្រឹះស្ថានឧត្តមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស ក្នុង​បរិបទ​ដែល​នាំ​មក​នូវ វប្បធម៌ ការ​អប់រំ សកម្មភាព​កីឡា បង្កើន​ភាព​សប្បាយ​រីករាយ និង​ពង្រឹង​កាយសម្បទា​មាំមួន​។ ការ​ប្រកួត​កីឡា​នេះ​តម្រូវ​ឱ្យ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ ការ​គោរព​វិន័យ គោរព​បទបញ្ជា​បច្ចេកទេស ចេះ​យោគយល់ អធ្យាស្រ័យ ទើប​អាច​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​នូវ​ចំណងមិត្តភាព សាមគ្គីភាព និង​ភាតរភាព ដែល​ជា​គំរូ​មួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​ជាតិ​យើង និង​ជៀស​ផុត​ពី​អំពើ​អសកម្ម​ផ្សេង​ៗ​នៅ​ក្នុង​សង្គម ពិសេស​ជាង​នេះ​ទៀត​នោះ​ឱ្យ​ស្រប​ទៅ​តាម​លំនាំ​នៃ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​មាន​លក្ខណៈ​ជា​ហ្គេ​ម​  (GAMES)  ទៅ​នឹង​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ អាស៊ាន (ASEAN University Games) ទៀត​ផង​៕

អត្ថបទសរសេរ ដោយ