(ថៃ) ៖ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃបានចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមប្រជាពលរដ្ឋថៃជាង៧១លាននាក់ និងពលករបរទេសជិត៣លាននាក់ ពលការនីខ្មែរវ័យ២៣ឆ្នាំម្នាក់ ត្រូវបានចាត់ទុកថា ជានារីសំណាងជាងគេ ក្រោយប្រែពីពលករចំណាកស្រុកមកស៊ីឈ្នួលថែសួន ក្លាយខ្លួនជាសេដ្ឋីនីភ្លាមៗ ក្រោយពីឈ្នះឆ្នោតជាតិថៃរង្វាន់ធំ ដែលមានទំហំ ទឹកប្រាក់រហូតដល់ទៅ១២លានបាត ដែលស្មើនឹងជាង៣៣០,៦៦៩ដុល្លារសហរដ្ឋអាមេរិក។
អ្វីដែលសារព័ត៌ថៃធំៗ ចាប់អារម្មណ៍ចុះផ្សាយព្រោងព្រាត អំពីនារីខ្មែររូបនេះ គឺពាក់ព័ន្ធទៅនឹងរឿងអបិយជំនឿមុនពេលឈ្នះឆ្នោត និងជាពិសេសក្រោយឈ្នះឆ្នោតដ៏ច្រើនសន្ធឹកក្នុងប្រទេសថៃ ពលការនីខ្មែររូបនេះកំពុងត្រៀមខ្លួនរៀបចំឥវ៉ាន់ ត្រលប់មករស់នៅប្រទេសកម្ពុជា ដែលជាប្រទេសកំណើត ដោយប្រកាសថា នាងលែងធ្វើជាពលករចំណាកស្រុកនៅប្រទេសថៃតទៅទៀតហើយ។
ប្រភពព័ត៌មានពីប្រទេសថៃបានបញ្ជាក់ថា ពលការនីខ្មែររូបនេះមានឈ្មោះថា ណង ណាត មានអាយុ២៣ឆ្នាំ និងសង្សារស្រីរបស់អាយុ៤២ឆ្នាំ ឈ្មោះថា ស្រ៊ីប្រាយ ដែលបម្រើការងារនៅសួនច្បារមួយកន្លែងខេត្តនគររាជសីមា បានឈ្នះឆ្នោតលេខ១ ចំនួន១២លានបាត ដោយស្រីណាតជាអ្នកទិញសំបុត្រឆ្នោត។
ណាតថ្លែងប្រាប់សារព័ត៌មានថា នាងបានមកធ្វើការដោយស្របច្បាប់នៅប្រទេសថៃរយៈពេល៨ឆ្នាំមកហើយ ដំបូងឡើយជាអ្នករើសពោត និងកម្មកររោងចក្រ ហើយបច្ចុប្បន្ននាងជាអ្នកថែសួននៅក្នុងភូមិខក់ណាក្លងស៊ុកប៉ៃប៊ុន ស្រុកសេងសាង ខេត្តនគររាជសីមា។
ណាតបានរៀបរាប់ថា ៤ថ្ងៃមុនចេញលេខឆ្នោត នាងនិងសង្សារ បានទៅលេងផ្សារមួយ ហើយនាងបានទិញសន្លឹកឆ្នោតចំនួន២សន្លឹកដែលមានលេខ៩០ ។ បន្ទាប់ពីទិញសន្លឹកឆ្នោតរួច នាងនិងសង្សារ បានទៅកន្លែងទីសក្ការៈបូជាដ៏ល្បីមួយក្នុងតំបន់ ដែលអ្នកស្រុកតែងតែមកសុំពរជ័យឈ្មោះថា លោកតាម៉ុង ដោយនាងបានបន់ស្រន់ថា បើនាងត្រូវឆ្នោតរង្វាន់ធំនោះ នាងនឹងជួលក្រុមភ្លេងមកប្រជុំថ្វាយ។
លុះឈានមកដល់យប់មុនថ្ងៃចេញឆ្នោត នាង យល់សប្តិថា លោកតា ម៉ុង បានមកលេងនាង ដោយឈរនៅចុងជើង ហើយញញឹមដាក់នាង មុនពេលចាកចេញ។ ដោយឡែក នារីជាសង្សាររបស់ ណាត ដែលមានឈ្មោះ Sripai វិញ ក៏បានយល់សប្តិឃើញថា សន្លឹកឆ្នោតជាច្រើនពាសពេញកន្លែងដេករបស់ខ្លួន។
ពេលភ្ញាក់ដេកព្រឹកឡើងភ្លាម ពួកគេទាំងពីរបាននិយាយរឿងយល់សប្តិ ប្រាប់គ្នាទៅវិញទៅមក ប៉ុន្តែពួកគេមិនបានគិតអ្វីច្រើននោះឡើយ។ ហើយមកដល់ល្ងាច ពួកគេបានផ្ទៀងផ្ទាត់លទ្ធផលឆ្នោត ក៏រំភើបស្ទើហោះ ក្រោយដឹងថា ពួកគេពិតជាបានឈ្នះឆ្នោតរង្វាន់ធំ តាមរយៈសន្លឹកមួយក្នុងចំណោម២ ដែលមានលេខ 205690 ។ នៅពេលនោះ ពួកគេបានឱបគ្នាទៅវិញទៅមកស្រែកហ៊ោដោយមិននឹងស្មានថា សុបិនក្លាយជាការពិតបែបនេះនោះឡើយ។
ក្រោយឈ្នះឆ្នោត ណាត នឹងត្រឡប់មករស់នៅក្នុងកម្ពុជាវិញ៖
ណាត គ្រោងនឹងយកប្រាក់រង្វាន់ដ៏ច្រើននេះទៅបើកអាជីវកម្មនៅស្រុកកំណើត នាខេត្តកំពង់ធំ ក្នុងប្រទេសកម្ពុជា។ នាងនឹងមិនត្រឡប់មកធ្វើការជាពលករចំណាកស្រុកបន្តទៅទៀតឡើយ។ ណាត អះអាងថា នាងនឹងចាយវាយលុយនេះដោយសន្សំសំចៃ និងរៀបចំផែនការចំណាយរដោយប្រុងប្រយ័ត្ន។ ។ ប៉ុន្តែមុននឹងចាកចេញពីប្រទេសថៃ នាងនិងសង្សារ នឹងទៅលាបំណន់នៅទីសក្ការៈបូជា លោកតាម៉ុង ដែលនាងបានបន់ស្រន់។
ថៅកែរបស់ស្រីណាត និង Sripai គឺលោក នូ ថាថៃសុង អាយុ៦១ឆ្នាំ បានសម្តែងក្តីត្រេកអរចំពោះបុគ្គលិករបស់ខ្លួន ដែលពួកគេ មានសំណាងបែបនេះ។ លោករៀបរាប់ថា កម្មករថែសួនជាគូស្នេហ៍ទាំងពីរនាក់នេះ គឺជាបុគ្គលិកដែលឧស្សាហ៍ព្យាយាម និងតស៊ូអត់ធ្មត់ដែលខិតខំធ្វើការមិនដែលត្អូញត្អែរ។
លោកថែកែបន្តថា ស្រីណាត ជាពលករខ្មែរស្របច្បាប់ ដែលមានឯកសារត្រឹមត្រូវ មានទាំងលិខិតឆ្លងដែន និងប័ណ្ណការងារ។ គាត់ បានជូនពួកគេទៅប៉ុស្តិ៍ប៉ូលិសក្នុងតំបន់រួចហើយ ដើម្បីរាយការណ៍ពីរឿងនេះ មុនពេលដែលពួកគេទៅបើកប្រាក់រង្វាន់នៅទីក្រុងបាងកក។
គួររំលឹកថា កាលពីឆ្នាំ២០១៩ កន្លងទៅ ពលករខ្មែរចំណាកស្រុកនៅប្រទេសថៃម្នាក់ លោក ធីដា សាណា ដែលកាលនោះមានអាយុ២៩ឆ្នាំ ដែលធ្វើការក្នុងភោជនីយដ្ឋានមួយលើកោះសាមុយ ក៏ធ្លាប់បានឈ្នះឆ្នោតរង្វាន់ធំនៅប្រទេសថៃ ដោយទទួលបានប្រាក់រង្វាន់ចំនួន៦លានបាត ហើយក្នុងឆ្នាំ២០១៩ លុយថៃ ៦លាននោះ ឬស្មើនឹងជិត២០ម៉ឺនដុល្លារអាមេរិកឯណោះ៕
ចែករំលែកព័តមាននេះ