ហ៊ីងមានពងកំពុងក្លាយជាប្រធានបទល្បី ខណៈនៅថៃ ហ៊ីងកំពុងក្លាយជាមុខម្ហូបដ៏ពេញ
និយមបំផុត និងមានតម្លៃខ្ពស់មិនធម្មតា ។

ក្រោយពីកំពូលអ្នកផលិតមាតិការម្ហូប ឆោម ស្រីផាច ចេញវីដេអូធ្វើ«សម្លម្ជូរហ៊ីងត្រួយអំពិល» ដោយយកសត្វហ៊ីងដែលសុទ្ធតែមានពងពេញពោះមកចម្អិននោះ ក៏នាំឱ្យមានអ្នករិះគន់ និងចង់អភិរក្សហ៊ីង ហើយរឿងអភិរក្សហ៊ីងនោះ នាំផ្ទុះការជជែកវែកញែក ព្រោងព្រាតពីអ្នកលេងបណ្តាញសង្គមនៅកម្ពុជា។

យ៉ាងណាក៏ដោយ អ្នកអភិរក្សហ៊ីងម្នាក់ពីរនាក់ មិនអាចតទល់នឹងអ្នកពលរដ្ឋខ្មែរ១៧លាននាក់បាននោះទេ ហើយប្រធានបទហ៊ីងមានពង បានជំរុញឱ្យទីផ្សារ ហ៊ីងហក់ឡើងតម្លៃខ្ពស់ រហូតម្លៃហ៊ីង១គីឡូលោតដល់៤៥០០០រៀលឯណោះ។

តាមពិតទៅរៀងរាល់ ក្រោយមានភ្លៀងធ្លាក់ជោកជាំដើមរដូវវស្សា សត្វហ៊ីងដែលសំងំក្នុងដីសើម និងក្រោមស្លឹកឈើងាប់អត់ស៊ីចំនីជាច្រើនខែ វារត់ចេញមកក្រៅ និងយំសម្លេងទ្រហឹងតគ្នាដើម្បីបង្កាត់ពូជ។ ហ៊ីងដើមរដូវពងពេញៗពោះដោយមិនទាន់បើកមាត់ចាប់សត្វល្អិតផ្សេងៗធ្វើជាចំណីនោះ គឺជាទីពេញនិយមបំផុតសម្រាប់ការទិញយកមកចម្អិនម្ហូបជាទីឆ្ងាញ់ពិសារ ។

ស្របគ្នាដែលលើបណ្តាញសង្គមនៅខ្មែរ ហ៊ីងមានពងកំពុងក្លាយជាប្រធានល្បី នៅឯប្រទេសថៃ ឯណោះវិញ ហ៊ីងកំពុងក្លាយជាម្ហូប មួយមុខថ្មី ដែលល្បីរហូតចុះផ្សាយតាមបណ្តាសារព័ត៌មានល្បីៗ។ ជាក់ស្តែងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មាន Sanu News បានចេញផ្សាយព័ត៌មានពីហ៊ីង ក្រោមចំណងជើងថា មកស្គាល់មុខម្ហូបមួយមុខ៖ សម្លពងហ៊ីង ដែលជាមុខម្ហូបពេញនិយមបំផុតនៅពេលនេះ។ តម្លៃមិនធម្មតាថ្លៃជាងទុរេនទៅទៀត។

សម្លពងហ៊ីង ត្រូវបានគេចាត់ទុកថា ជាមុខម្ហូបដែលត្រូវបានគេនិយាយច្រើនជាងគេបំផុតនៅពេលនេះនៅក្នុងប្រទេសថៃ បើទោះជាបច្ចុប្បន្នកំពុងស្ថិតក្នុងរដូវប្រមូលផលផ្លែទុរេនក៏ដោយចុះ។ ជាពិសេស ពងហ៊ីង កំពុងជាអាហារដ៏ពេញនិយមក្នុងចំណោមប្រជាជនថៃ ព្រោះតែវាមានរសជាតិប្លែក និងមានក្លិនឈ្ងុយ ហើយឆ្ងាញ់ជាងពងត្រី ។ ក្រៅពីស្លរ ហ៊ីងអាំងគឺពេញនិយមខ្លាំងបំផុត។ ហ៊ីងដែលមានពង បានឡើងថ្លៃមិនធម្មតា ដោយអាចលក់បានក្នុងតម្លៃ ៤០០បាតក្នុងមួយគីឡូក្រាម ក្នុងតម្លៃនេះ ហ៊ីង គឺថ្លៃជាង ទុរេន។

ហ៊ីង មិនត្រូវបានចាត់ទុកថាជាសត្វដែលត្រូវអភិរក្សនោះទេក្នុងប្រទេសថៃ ប៉ុន្តែនាដើមរដូវវស្សានេះ ហ៊ីងក៏កំពុងប្រឈមនឹងហានិភ័យនៃការផុតពូជផងដែរនៅក្នុងប្រទេសថៃផងដែរ ដោយសារតែហ៊ីងដែលមានពងពេញពោះទាំងនោះ ត្រូវបានគេចាប់យកមកលក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងរកបានចំណូលក្នុងមួយថ្ងៃរាប់ម៉ឺនបាត។

សូមជម្រាបថា សត្វហ៊ីងគឺជាសត្វមួយប្រភេទសន្ដាននឹងកង្កែបដែរ តែវាមានមាឌត្រមុល បំប៉ោងខ្លួនបាន,វាចូលចិត្តបង្កប់ខ្លួននៅក្នុងដីសើមឬក្រោមគំនរស្លឹកឈើសើមៗ។ នៅពេលណាមានភ្លៀងធ្លាក់ វាចេញមកខាងក្រៅស្រែកយំឮសូរខ្លាំងហួសមាឌ។ សត្វហ៊ីងមាន៣ប្រភេទគឺ ហ៊ីងកណ្ដោល ឬហ៊ីងក្រូត មាឌធំជាងហ៊ីងឯទៀត វាយំឮក្រេតក្រូតៗ, ហ៊ីងជ័រ មានមាឌតូចជាងហ៊ីងកណ្ដោល មានជ័រស្អិតនៅលើស្បែក វាយំឮសូរតូច និងហ៊ីងចំបក់ មានមាឌតូចជាងហ៊ីងជ័រ វាយំឮសូរខ្សោយជាងហ៊ីងជ័រ។

រីឯវិធីធ្វើម្ហូបគឺភាគច្រើន គេយកទៅលាងជាមួយទឹកអំបិលដាក់នៅក្នុងធុងទាំងរស់ ឬស្ងោរជាមួយស្លឹកអំពិល រួចយកទៅហាលថ្ងៃឲ្យស្ងួត ហើយយកទៅអាំងជ្រលក់ទឹកត្រី ឬបំពងខ្លាញ់យកទៅស្ងោរតាមចំណង់ចំណូលចិត្តរបស់អ្នកបរិភោគម្នាក់ៗ៕



ចែករំលែកព័តមាននេះ