ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ប្រកាស​ត្រៀម​ខ្លួន​ចរ​ចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន

11 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែង​ថា​លោក​មិន​ដែល​ប្រកែក​ថា​មិន​ចរ​ចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ម្ដង​ណា​ទេ​។​ ណាស់​តែ​​អ៊ុយ​ក្រែន​ទេ​តើ​ដែល​ចូល​ចិត្ត​បោះ​បង់​​ចោល​ការ​ចរ​ចា​គ្នា​ទាំង​កណ្ដាល​ទី​​។ ​លោក​​ថ្លែង​ថាកាល​ពី​ពេល​កន្លង​មក ​អ៊ុយ​ក្រែន​​​ច្រើន​​​មាន​ទម្លាប់​​មួយ។ ​នៅ​ពេល​កំពុង​ចរ​ចា​គ្នា​សុខ​ៗ​ អ៊ុយ​ក្រែន​ដើរ​ចេញ​ពី​តុ​ចរ​ចា​ ហើយ​ងាក​ទៅ​ធ្វើ​សង្គ្រាម​ជា​បន្ត​ទៀត។ មូល​ហេតុ​​ដោយ​សារ​ពួក​គេ​ស្ដាប់​តាម​ការ​និយាយ​ចាក់​រុក​ពី​ក្រុម​បស្ចិម​ប្រទេស​។ លោក​បាន​និយាយ​រំលឹក​ថា​តាម​ពិតទៅ​រុស្ស៊ី​ធ្លាប់​វាយ​សឹង​តែ​យក​បាន​ទី​ក្រុង​កៀវ​បាត់​ទៅ​ហើយ​តាំង​ពី​​រដូវ​ផ្ការីក​ឆ្នាំ​២០២២​។…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែង​ថា​លោក​មិន​ដែល​ប្រកែក​ថា​មិន​ចរ​ចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ម្ដង​ណា​ទេ​។​ ណាស់​តែ​​អ៊ុយ​ក្រែន​ទេ​តើ​ដែល​ចូល​ចិត្ត​បោះ​បង់​​ចោល​ការ​ចរ​ចា​គ្នា​ទាំង​កណ្ដាល​ទី​​។ ​លោក​​ថ្លែង​ថាកាល​ពី​ពេល​កន្លង​មក ​អ៊ុយ​ក្រែន​​​ច្រើន​​​មាន​ទម្លាប់​​មួយ។ ​នៅ​ពេល​កំពុង​ចរ​ចា​គ្នា​សុខ​ៗ​ អ៊ុយ​ក្រែន​ដើរ​ចេញ​ពី​តុ​ចរ​ចា​ ហើយ​ងាក​ទៅ​ធ្វើ​សង្គ្រាម​ជា​បន្ត​ទៀត។ មូល​ហេតុ​​ដោយ​សារ​ពួក​គេ​ស្ដាប់​តាម​ការ​និយាយ​ចាក់​រុក​ពី​ក្រុម​បស្ចិម​ប្រទេស​។

លោក​បាន​និយាយ​រំលឹក​ថា​តាម​ពិតទៅ​រុស្ស៊ី​ធ្លាប់​វាយ​សឹង​តែ​យក​បាន​ទី​ក្រុង​កៀវ​បាត់​ទៅ​ហើយ​តាំង​ពី​​រដូវ​ផ្ការីក​ឆ្នាំ​២០២២​។ ប៉ុន្តែ​ដោយ​សារ​ជឿ​លង់​តាម​ពាក្យ​សម្ដី​​​បោក​បញ្ឆោត​របស់​អ៊ុយ​ក្រែន រុស្ស៊ី​សុខ​ចិត្ត​យល់​ព្រម​ដក​កង​ទ័ព​របស់​ខ្លួន​ថយ​មក​វិញ​បន្ទាប់​ពី​អ៊ុយ​ក្រែន​ដាក់​លក្ខ​ខណ្ឌ​ថា​រុស្ស៊ី​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ទើប​ខ្លួន​យល់​ព្រម​ចូល​តុ​ចរ​ចា​គ្នា​។ ប៉ុន្តែ​មាន​អី​ចឹង​ឯណា​។ បន្ទាប់​ពី​រុស្ស៊ី​បន្ធូរ​ដៃ​តែ​បន្តិច​ អ៊ុយ​ក្រែន​ចាប់​ផ្ដើម​ឡើង​ចាង​ភ្លាម​។ ខាង​លើ​នេះ​ជា​អ្វីដែល​លោក​ពូទីន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​២​ថ្ងៃ​ទៅ​ប្រទេស​ចិន លោ​ក​ពូទីន​ហាក់​ដូច​ជា​និយាយ​លើក​ជើង​ប្រទេស​ចិន​​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​ព្រោះ​ចិន​បាន​ជួយ​រុស្ស៊ី​ច្រើន​ណាស់​ក្នុង​ការ​បន្ធូរ​បន្ថយ​សម្ពាធ​សេដ្ឋ​កិច្ច​។ មែនទែន​ទៅ​ ប្រទេស​ទាំង​២​កំពុង​ជិះ​នៅ​លើ​​ទូក​តែ​មួយ​ទៅ​ហើយ​ឥឡូវ​នេះ​​។ លោក​ពូទីន​​បាន​លើក​យក​បញ្ហា​​អ៊ុយ​ក្រែន​​ទៅ​ជជែក​​គ្នា​​ជា​មួយ​លោក​ស៊ី​ជីន​ពីង។ លោក​ថា​លោក​ពេញ​ចិត្ត​នឹង​ជំហរ​របស់​ចិន​ដែល​​មាន​ភាព​​​ស្មោះ​ត្រង់​ប្រាកដ​ប្រជា​ និង​​​ចេះ​​បត់​បែន​​យ៉ាង​ប៉ិន​ប្រសប់​ទៅ​តាម​​​កាលៈ​ទេសៈ​។

លោក​ថា​យើង​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ហើយ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​។ នោះ​គឺ​គម្រោង​គោល​ៗ​ដែល​យើង​ធ្លាប់​បាន​ព្រម​ព្រៀង​​​គ្នា​តាំង​ពី​ពេល​​​ចរ​ចា​​​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ុល ប្រទេស​តួកគី​មក​ម៉្លេះ​។​​ ប៉ុន្តែ​​អ៊ុយ​ក្រែន​ និង​ក្រុម​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ទេ​តើ​​​ដែល​យក​កិច្ច​ព្រម​ព្រៀង​នោះ​គ្រវាត់​ចោល​ទៅ​ក្នុង​ធុង​សំរាម​។

ចំពោះ​​សន្និ​សីទ​អន្តរ​ជាតិ​ស្ដី​ពី​បញ្ហា​អ៊ុយ​ក្រែន​​ដែល​គ្រោង​រៀប​ចំ​នៅ​​ប្រទេស​ស្វីស​នោះ លោក​ពូទីន​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​ថា​សន្និសីទ​នោះ​នឹង​ទាម​ទារ​ឱ្យ​រុស្ស៊ី​ធ្វើ​បែប​ណា​ទេ​។ ​មូល​ហេតុ​ដោយសារ​គេ​មិន​បាន​អញ្ជើញ​ភាគី​រុស្ស៊ី​ឱ្យ​ចូល​រួម​។ ដូច្នេះ បើ​ទុក​ជា​សន្និ​សីទ​នេះ​ចេញ​លទ្ធ​ផល​អ្វី​ក៏​ដោយ​ ឬ​ដាក់​ឱសាន​វាទ​អ្វី​ក៏​ដោយ ទី​ក្រុង​ម៉ូស្គូ​សូម​ចេញ​មុខ​ជំទាស់​ទុក​ជា​មុន​។​

លោក​ក៏​បាន​កោត​សរ​សើរ​គំនិត​ផ្ដួច​ផ្ដើម​ឱ្យ​មាន​បទ​ឈប់​បាញ់​​ជា​បណ្ដោះ​អាសន្ន​​នៅ​អ៊ុយ​ក្រែន​​នៅ​​​ពេល​​ប្រកួត​កីឡា​អូឡាំ​ពិច​​នៅ​​ប្រទេស​បារាំង​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ដល់​ថ្ងៃ​ទី​១១​ ខែ​សីហា ឆ្នាំ​២០២៤​។​ សំណើ​នេះ​ផ្ដួច​ផ្ដើម​ឡើង​ដោយ​ប្រធា​នា​​ធិបតី​បារាំង លោក​ម៉ាក្រុង​។ នៅ​ពេល​លោក​ស៊ី​ជីន​ពីង​អញ្ជើញ​ទៅ​បំពេញ​​ទស្សន​កិច្ច​នៅ​អឺរ៉ុប​​​ដោយ​ចាប់​ផ្ដើម​ពី​ប្រទេស​បារាំង​មុន​គេ​ លោក​ម៉ាក្រុង​ក៏​ឆ្លៀត​លើក​ឡើង​នូវ​សំណើ​នេះ​តែ​ម្ដង​។

ឥឡូវ​នេះ នៅ​លើ​សមរ​ភូមិ​ជាក់​ស្ដែង​នៃ​តំបន់​ខាគីវ ​រុស្ស៊ី​អះ​អាង​ថា​កង​ទ័ព​របស់​ខ្លួន​វាយ​យក​បាន​ភូមិ​ចំនួន​១២​​ត្រឹម​តែ​រយៈ​ពេល​មួយ​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​​។ កង​ទ័ព​រុស្ស៊ី​កំពុង​​​វាយ​សម្រុក​ទៅ​មុខ​ជា​បន្ត​ទៀត​​។ ប៉ុន្តែ​លោក​ពូទីន​សូម​បញ្ជាក់ថា​លោក​គ្មាន​គម្រោង​កាន់​កាប់​តំបន់​ខា​គីវ​ទេ​។ លោក​គ្រាន់​តែ​ចង់​បង្កើត​តំបន់​ទ្រនាប់​មួយ​ដើម្បី​ឱ្យ​មាន​គំលាត​ឆ្ងាយគ្រប់​គ្រាន់​​​ពី​ទី​ក្រុង​ម៉ូស្គូ​ និង​ដើម្បី​កុំ​ឱ្យ​អ៊ុយ​ក្រែន​វាយ​ប្រហារ​ដល់​ទី​ក្រុង​នេះ​តែ​ប៉ុណ្ណោះ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ