ខេត្តស្វាយរៀង ៖ ថ្នាក់ដឹកនាំមន្ត្រីរាជ្យការ និងប្រជាពលរដ្ឋខេត្តស្វាយរៀង មានមោទនភាពក្រៃលែង ដែលក្រុមកីឡាករបាល់ទាត់ ក្លិបព្រះខ័នរាជស្វាយរៀង បានទទួលពានរង្វាន់ជើងឯក ចំនួន០២ ក្នុងពេលតែមួយ គឺពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ និងពានរង្វាន់ជម្រើសជើងឯក ខេមបូឌានមៀរលីគ (Cambodian Premier League CHAMPIONS) ឆ្នាំ២០២៣-២០២៤ ។
ពិធីដង្ហែពាន និងទទួលពាននេះ ធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលដល់ម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅរង្វង់មូលវិមានឯករាជ្យ ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោក ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខណ័រាជស្វាយរៀង លោក ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង អភិបាលរងខេត្ត គណៈប្រតិភូកីឡា មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនកុះករ ។
លោក កៅ សំអាន បានឲ្យដឹងថា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលពាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ពានរង្វាន់ជម្រើសជើងឯក ខេមបូឌានមៀរលីគ បានទទួលពាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ។
លោក កៅ សំអាន បន្តទៀតថា គណៈកម្មាធិការ នៃក្លិបបាល់ទាត់ព្រះខ័ណរាជស្វាយរៀង បានរៀបចំដង្ហែពាន ទាំងពីរ ក្នុងពេលតែមួយ គឺពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ជម្រើសជើងឯក ខេមបូមបូឌានមៀរលីគ ឆ្នាំ២០២៣-២០២៤ នៅវេលាម៉ោង២និ៣០នាទីរសៀលថ្ងៃទី១៧ ខែឧសភា ២០២៤នេះ រួមគ្នា បានចេញដំណើរពីកីឡាដ្ឋានខេត្តស្វាយរៀង តាមដងវិថីនានា ក្នុងក្រុងស្វាយរៀង ហើយបានបញ្ចប់នៅរង្វង់មូលវិមានឯករាជ្យ ខេត្តស្វាយរៀង ស្ថិតនៅភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង ដោយមានថ្នាក់ដឹកនាំមន្ត្រីរាជ្យការ ប្រជាពលរដ្ឋសិស្សានុសិស្សជាច្រើនកុះករ ។
លោក កៅ សំអាន បានមានប្រសាសន៍ថា ប្រវត្តិសង្ខេបរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បង្កើតឡើងនៅឆ្នាំ១៩៩៧ ដោយនាយឧត្តមសេនីយ៍សៅ សុខា ហើយមានដើមកំណើតដំបូងឡើយនៅទីក្រុងភ្នំពេញ ក្រោមឈ្មោះហៅថា ក្លិបបាល់ទាត់ព្រះខ័ណរាជ ។ នៅឆ្នាំ២០១៣ លោក ឌី វិជ្ជា បានក្លាយជាម្ចាស់ក្លិប ហើយបានផ្លាស់ប្តូរទីតាំងមកខេត្តស្វាយរៀង ហើយបានប្តូរឈ្មោះទៅជាក្លិបបាល់ទាត់ព្រះខ័ណរាជស្វាយរៀង ដោយផ្សារភ្ជាប់ពាក្យស្វាយរៀង ទៅនឹងឈ្មោះដើម ដែលជាខេត្តកំណើតផ្ទាល់របស់លោក ។
លោកបន្តថា ពួកយើង គឺជាក្លិបមួយក្នុងចំណោមក្លិបជោគជ័យច្រើនទៀតនៅកម្ពុជា ។ យើងជាម្ចាស់ជើងឯកលីគកំពូល ចំនួន០៣សម័យកាល គឺឆ្នាំ២០១៣ ឆ្នាំ២០១៩ និងថ្មីៗនេះគឺឆ្នាំ២០២៣-២០២៤។ យើងជាម្ចាស់ជើងឯក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន០៥ សម័យកាល គឺឆ្នាំ២០១១-២០១២ ឆ្នាំ២០១៥-២០១៧ និងថ្មីៗនេះ គឺនៅឆ្នាំ២០២៣-២០២៤ ។
លោកបន្តទៀតថា ព្រះខ័នរាជស្វាយរៀង នឹងជាក្លិបតំណាងឲ្យកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធីពានរង្វាន់កម្រិតអាស៊ី ចំនួន ២ ដូចជា ៖ ពានរង្វាន់ AFF ASEAN Club Championship(ACC) Shopee Cub រដូវកាល២០២៤-២០២៥ និងពានរង្វាន់ AFC Challenge League Play off Round រដូវកាល ឆ្នាំ២០២៤-២០២៥ផងដែរ ។ បន្ទាប់ពីសំណេះសំណាល គីឡាករ ជាមួយអ្នកគាំទ្រ រួចមកក៏មានប្រគុំតន្ត្រីអបសាទរពិធី ដង្ហែពានរង្វាន់០២ ក្នុងពេលតែមួយនេះ ផងដែរ ៕












ចែករំលែកព័តមាននេះ