ខេត្តបាត់ដំបង ៖ ខ្លោងទ្វារបុរាណមួយកន្លែងដែលមានអាយុកាលជិត១០០ឆ្នាំឈ្មោះ «ខ្លោងទ្វារដំណាក់ហ្លូង» មានទីតាំងជាប់ចិញ្ចើមផ្លូវអតីតលេខ១០ ស្ថិតក្នុងភូមិដង្កោទាប សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ដែលប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់មានជំនឿយ៉ាងមុតមាំថា ខ្លោងទ្វារនេះមាន«បារមីខ្លាំងពូកែសាកសិទ្ធិ» រហូតអាជ្ញាធរ ឬមន្ត្រីជំនាញមិនហ៊ានប៉ះពាល់ បើទោះជាសព្វថ្ងៃនេះ ខ្លោងទ្វារនេះ ស្ថិតចំទ្រូងផ្លូវក្នុងគម្រោងដែលកំពុងសាងសង់ថ្មីក្តី តែអាជ្ញាធរសុខចិត្តធ្វើផ្លូវវាង ហើយបានរក្សាទុកខ្លោងទ្វារបុរាណនេះជាទីសក្ការៈបូជាសម្រាប់ប្រជាពលរដ្ឋដែលមានជំនឿថែមទាំងរៀបចំកែលំអធ្វើជាសួនច្បារទៀតផង ។ ប្រជាពលរដ្ឋភាគច្រើនបានជឿលើបារមីដែលថែរក្សាគ្រប់គ្រងខ្លោងទ្វារ«ដំណាក់ហ្លួង»នេះ។ប្រជាពលរដ្ឋតែងអុជធួបបន់ស្រន់សុំសេចក្ដីសុខសប្បាយ ឬធ្វើពិធីបន់ស្រន់ផ្សេងៗ ទៅតាមជំនឿរបស់ពួកគេ ដែលពួកគេមានបំណង ។
ប្រជាពលរដ្ឋដែលបានអុជធួបបន់ស្រន់ ឬធ្វើពិធីផ្សេងៗសុទ្ធតែបានអះអាងថា «ក្រោយបន់ស្រន់ បារមីខ្លោងទ្វារដំណាក់ហ្លួង ពិតជាពូកែសាកសិទ្ធមែន» ។ មិនត្រឹមតែអ្នកមានជំនឿខាងផ្លូវងងិតទេ ដែលមានជំនឿយ៉ាងមុតមាំទៅបានបារមីខ្លោងទ្វារដំណាក់ហ្លួងនេះ សូម្បីអ្នកញៀននឹងល្បែងកន្ទុយលេខ(ឆ្នោត)ក៏ធ្លាប់ផ្អើលភ្លូកទឹកភ្លូកដីនាំគ្នាទៅដុះអង្អែលខ្លោងទ្វារបុរាណនេះសុំលេខឆ្នោតចាក់ត្រូវស្ទើរគ្រប់ៗគ្នា ។ ទាក់ទិននឹងបារមីដ៏ពូកែសាកសិទ្ធិនៃខ្លោងទ្វារដំណាក់ហ្លួងនេះ យោងតាមប្រភពជាច្រើន និងអ្នកមើលថែរក្សានាបច្ចុប្បន្ននេះ បានអះអាងប្រហាក់ប្រហែលគ្នាថា ខ្លោងទ្វារដំណាក់ហ្លួងនេះ ពិតជាមានបារមីខ្លាំងពូកែមែន ។
ប្រភពបានបញ្ជាក់ថា កាលពីជាង១០ឆ្នាំមុន ក្នុងរជ្ជកាល លោកប្រាជ្ញ ចន្ទ ធ្វើជាអភិបាលខេត្ត គេមានគម្រោងឈូសរំលើងខ្លោងទ្វារនេះចោល ដើម្បីសាងសង់ពង្រីកផ្លូវ។ ប៉ុន្តែកាលនោះអាជ្ញាធរ និងមន្ត្រីជំនាញ បានប្រើប្រាស់គ្រឿងចក្រឈូសកំទេចខ្លោងទ្វារនេះចោល តែគ្រឿងចក្របានរងការខូចខាតអស់ចំនួន០៣គ្រឿងជាបន្តបន្ទាប់ រហូតមានលេចឮនូវពាក្យចាមអារ៉ាមថា «មិនត្រឹមតែខូចគ្រឿងចក្រទេ អ្នកបើកបរគ្រឿងចក្រដែលព្យាយាមឈូសកំទេចខ្លោងទ្វារ ក៏ឈឺរហូតដល់ស្លាប់ម្នាក់ដែរ»។
នៅក្នុងហេតុការណ៍នេះ មានសាក្សីម្នាក់ គឺលោក សុខ ចាន់ អាយុ៥៥ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលផ្ទះរបស់គាត់នៅចម្ងាយពីខ្លោងទ្វារដំណាក់ហ្លួងនេះប្រមាណ១០០ម៉ែត្រ បានប្រាប់កោះសន្តិភាព កាលពីសប្ដាហ៍មុននេះ ដោយលោកទទួលស្គាល់ថា «ពិតជាមានហេតុការណ៍បានកើតឡើង ដូចការលើកឡើងខាងលើនេះមែន»។ មានប្រវត្តិជាអតីតយោធា ធ្លាប់ចូលប្រឡូកស្ទើរគ្រប់ក្នុងសមរភូមិក្ដៅៗ នៅក្នុងខេត្តបាត់ដំបង ក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ ។ ប៉ុន្តែបច្ចុប្បន្ន លោក សុខចាន់ ជាយោធិនពិការដោយរងរបួសធ្ងន់ត្រង់ក្បាល តែសព្វថ្ងៃនេះ លោកពុំមានឈ្មោះនៅក្នុងបញ្ជីយោធិនពិការ ដែលអាចទទូលបានប្រាក់បំណាច់អ្វីដូចគេទេ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អតីតយោធិនជួរមុខរូបនេះ ជាអ្នកថែទាំបោសសម្អាតនៅទីតាំង «ខ្លោងទ្វារដំណាក់ហ្លួង» គ្រាន់បានកំរៃបន្តិចបន្តួចពីភ្ញៀវដែលចូលអុជធួបបន់ស្រន់ ឬធ្វើពិធីផ្សេងៗ ។
ដូចហើយទើបគាត់បានដឹងពីដំណើររឿងច្រើនគួរសមពីជំនឿតាមផ្លូវងងិតក្ដី ឬលើបារមីដ៏ពូកែស័ក្តិសិទ្ធនៅ«ខ្លោងទ្វារដំណាក់ហ្លួង»នេះក្ដី។ យកដៃគងថ្ងាស់ សម្រាន្តនៅលើអង្រឹងពណ៌ខ្មៅតូចមួយ ដែលចងភ្ជាប់ពីបង្គោលម្ខាងទៅជាប់នឹងខ្លោងទ្វារ ក្រោមម្លប់ជ្រៃក្រឹម ដែលដុះគ្រប់ដណ្ដប់លើខ្លោងទ្វារ ។ គាត់សម្រាន្តមិនទាន់លក់ដែលទំនងរង់ចាំបដិសណ្ឋារកិច្ចភ្ញៀងដែលចូលទៅដុតធូប ។
លោក សុខ ចាន់ បានពិព័ណ៌នាយ៉ាងក្បោះក្បាយនូវអ្វីដែលគាត់បានដឹងពីប្រវត្តិខ្លះៗនៃខ្លោងទ្វារដំណាក់ហ្លួង ប្រាប់ដល់កោះសន្តិភាព ។
សំនួរជាច្រើនទៅកាន់លោក សុខ ចាន់ ដែលបានផ្ដោតសំខាន់ទៅលើបារមីស័ក្តិសិទ្ធិប្រវត្តិសង្វេប និង បរិមាណនៃអ្នកមានជំនឿទៅលើខ្លោងទ្វារបុរាណដែលមានអាយុកាលជិត១០០ឆ្នាំនេះ ។គាត់បាននិយាយថា «ខ្លោងទ្វារដំណាក់ហ្លួងនេះ មានបារមីខ្លាំង ពូកែស័ក្តិសិទ្ធិណាស់ ។ អ្នកបាត់ដំបង ឬអ្នកដំណើរនានាតែងចូលមកដុតធួប ឬធ្វើពិធីបន់ស្រន់ផ្សេងនៅទីកន្លែងខ្លោងទ្វារនេះ ហើយពួកគេហាក់ទទូលបានសមតាមបំណងនូវអ្វីដែលពួកគេបានបន់ស្រន់សុំ» ។
លោកសុខ ចាន់ បានរំលឹកពីប្រវត្តិពូកែស័ក្តិសិទ្ធិខ្លះៗ ដែលបានកើតឡើង ហើយលោកធ្លាប់បានដឹង និង បានឃើញផ្ទាល់ភ្នែកនូវហេតុការណ៍ដ៏ចម្លែកទាំងនោះ ។ គាត់បាននិយាយថា កាលពីជាង១០ឆ្នាំមុន (ជំនាន់លោកប្រាជ្ញ ចន្ទ ជាអភិបាលខេត្ត) គេបានប្រើប្រាសគ្រឿងចក្រ ទៅឈូសកំទេចខ្លោងទ្វារដំណាក់ហ្លួងចោល ដើម្បីសាងសង់ផ្ផូវ។ គាត់បានបន្តថា កាលនោះ មានគ្រឿងចក្រចំនួន០៣គ្រឿង បានរងការខូចខាតជាបន្តបន្ទាប់ ហើយថែមទាំងឈឺស្លាប់អ្នកបញ្ជាគ្រឿងចក្រម្នាក់ផង នៅពេលកាយទាញបំបាក់កំពូលខ្លោងទ្វារម្ខាងឲ្យបាក់ធ្លាក់មកលើដី ។ នេះដោយសារចាញ់បារមីខ្លោងទ្វារដំណាក់ហ្លួង។
ត្រង់ចំណុចនេះ សាក្សីរូបនេះ បានបញ្ជាក់ដូច្នេះថា « កាលនោះ ខ្ញុំបានឈរមើលសកម្មភាពគេវាយកំទេចខ្លោងទ្វារនេះផ្ទាល់ភ្នែក ។ គេមិនត្រឹមតែប្រើគ្រឿងចក្រឈូស ឬកាយកំទេចខ្លោងទ្វារប៉ុណ្ណោះទេ ក្រុមជំនាញថែមទាំងប្រើម៉ូទ័រសម្រាប់បុកកំទេចថ្មបេតុងយកទៅបុកកំទេចជញ្ជាំងខ្លោងទ្វារយ៉ាងគគ្រឹកគគ្រេងទៀត តែបានត្រឹមបែករលាត់ស៊ីម៉ង់ត៍បូកតិចតួចតែប៉ុណ្ណោះ រីឯជញ្ជាំងឥដ្ធ និងខ្លោងទ្វារទាំងមូលនៅតែរឹងមាំដដែល ។ នេះសបញ្ជាក់ឲ្យឃើញថា ខ្លោងទ្វារដំណាក់ហ្លួងនេះ មានបារមីខ្លាំងពូកែណាស់» គាត់បានលើកឡងថា ដោយសារតែខូចគ្រឿងចក្រច្រើនគ្រឿង និងមានស្លាប់មនុស្សផង ទើបមន្ត្រីជំនាញអាជ្ញាធរ រួមទាំងអ្នកភូមិផង បាននាំគ្នាធ្វើពិធីបួងសូងសុំទោសអ្នកមានបារមី ថែរក្សាខ្លោងទ្វារ និងឈប់ប៉ះពាល់ខ្លោងទ្វារបុរាណមួយនេះ ចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។
ពុំមានឯកសារបង្ហាញ ឬប្រភព ឬមន្ត្រីជំនាញនៅអង្គភាពណាមួយបានអះអាង ឬបានបង្ហាញប្រវត្តិសាវតា នៃខ្លោងទ្វារ«ដំណាក់ហ្លួង»នេះឲ្យបានដឹងជាក់លាក់ទេរហូតដល់សព្វថ្ងៃនេះ ។ មានតែប្រភពព្រាលៗ ដែលបានដឹងខ្លះៗពីការតំណាលតៗគ្នារបស់ចាស់ៗបានលើកយកមកនិយាយប្រហាក់ប្រហែលគ្នាថាខ្លោងទ្វារ«ដំណាក់ហ្លួង» នេះ មានប្រវត្តិនៅលើទឹកដីខេត្តបាត់ដំបង ស្មើនឹងខ្ទង់រយឆ្នាំហើយ ។
កាលដើមឡើយ នៅចំណុចនោះមានដំណាក់ស្ដេចខ្មែរ ដែលតែងគង់នៅ ឬយាងមកស្នាក់នៅម្ដង
ម្ដាល ។ ដំណក់ព្រះមហាក្សត្រត្រូវបានសាងសង់នៅក្បែរ និងប៉ែកខាងជើងខ្លោងទ្វារ«ដំណាក់ហ្លួង» ដែលសព្វថ្ងៃជាមន្ទីរពេទ្យយោធភូមិភាគទី៥(ពេទ្យពពីរ)។ ប្រភពដដែលបានបន្តថា នៅខាងជើងខ្លោងទ្វារមាន«ដំណាក់ស្ដេច» រីឯនៅប៉ែកខាងត្បូងប្រហែល២០ម៉ែត្រនៃខ្លោងទ្វារមាន «ស្រះស្រង់ដ៏ធំមួយ» ដែលគេហៅតៗគ្នាថា «ស្រះដំណាក់ហ្លួង»។ ស្រះនេះ ត្រូវបានគេហែកចែកគ្នាលក់ខ្ទេចលក់ខ្ទីរអស់គ្មានសល់ នៅក្នុងសម័យកាល លោក ប្រាជ្ញ ចន្ទ កាន់កាប់អាណាចក្រខេត្តបាត់ដំបង ។ សព្វថ្ងៃទីតាំងអតីត «ស្រះដំណាក់ហ្លួង»នេះ បានប្រែក្លាយទៅជាផ្ទះល្វែងរបស់អ្នកមានអស់ទៅហើយ ។
ពាក់ព័ន្ធនឹងប្រវត្តិនៃខ្លោងទ្វារ«ដំណាក់ហ្លួង» នេះដែរ បើតាមប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត លោក គឹម សោភ័ណ ក៏ហាក់មិនទាន់ច្បាស់លាស់ពីប្រវត្តិដែរ។ ប៉ុន្តែលោកអាចលាតបង្ហាញបានខ្លះៗដោយយោងលើឯកសារមួយចំនួនដែលលោកបានឃើញបានដឹង ។ លោកប្រធានមន្ទីរបានប្រាប់ថា បើតាមលោកដឹងខ្លះៗ តាមរយៈឯកសារខ្លោងទ្វារ «ដំណាក់ហ្លួង» នេះសាងសង់ក្នុងចន្លោះឆ្នាំ១៩២៨ ដល់អំឡុងឆ្នាំ១៩៤០ ឬលើសពីនេះបន្តិចបន្តួចក្នុងរជ្ជកាលព្រះបាទព្រះមុនីវង្ស ។
លោកមិនបានពីព័រណ៌នាពីប្រវត្តិលំអិតនៃខ្លោងទ្វារបុរាណនេះទេ ព្រោះលោកពុំមានឯកសារនៅក្នុងដៃ តែថា បើតាមយោងលើឆ្នាំសាងសង់រហូតមកពេលនេះ ខ្លោងទ្វារបុរាណមួយនេះ មានអាយុកាលជិត១០០ឆ្នាំហើយ។ បើពិនិត្យលើស្ថានភាពជាក់ស្ដែងខ្លោងទ្វារដំណាក់ហ្លួង មានសភាពរឹងមាំ តែត្រូវគេប្រើគ្រឿងចក្រកាយបំបាក់កំពូលម្ខាង និងរនាងទ្វារដែកច្រេះចាប់និងបាក់វៀចខូចខាតស្ទើរទាំស្រុង រីឯឥដ្ឋជញ្ជាំងមានស្នាមបុកកំទេចធ្វើឲ្យប្រេះបែកខ្លះៗ តែកន្លែងខ្លះមានស្នាមរលោងស្រិល ដោយសារស្នាដៃអ្នកចាក់កន្ទុយលេខយកម្ស៉ៅទៅលាបដុះសុំលេខឆ្នោតរាល់ថ្ងៃពេក។
ដោយឡែក បើនិយាយពីគមម្រោងពង្រីកសា្ថបនាផ្លូវបេតុងថ្មី គេឃើញក្រុមហ៊ុនសាងសង់ផ្លូវបានឈូសឆាយពង្រីកចាក់បេតុងជុំវិញទីតាំងខ្លោងទ្វារ តែមិនហ៊ានប៉ះពាល់ខ្លោងទ្វារសូម្បីប៉ុនក្រចក ដូចកាលជាង១០ឆ្នាំមុនជំនាន់លោកប្រាជ្ញ ចន្ទ កាន់កាប់ទេ ។ លោកព្រូញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានថ្លែងប្រាប់កោះសន្តិភាព នៅថ្ងៃទី ១៥ ឧសភា ថា ក្រុមហ៊ុនឯកជនជាអ្នកទទូលសាងសង់ផ្លូវបេតុងឆ្លងកាត់ខ្លោងទ្វារខាងលើនេះ ។ លោកថា បើពិនិត្យលើគម្រោងប្លង់ស្ថាបនាផ្លូវ គឺខ្លោងទ្វារបានប៉ះពាល់លើដងផ្លូវទាំងស្រុងតែម្ដង តែយើងមិនហ៊ានប៉ះពាលខ្លោងទ្វារទេ ។ ពោល គឺយើងធ្វើគេច(វាង) ដោយទុកទិតាំងខ្លោងទ្វារឲ្យស្ថិតនៅចំកណ្ដាលផ្លូវ។ បើតាមលោកព្រូញ រិទ្ធថា បានបញ្ជាក់ថា យើងមិនហ៊ានធ្វើប៉ះពាល់ដល់ទីតាំងខ្លោងទ្វារទេ ។
យើងធ្វើវាងជុំវិញ តែពេលនេះ ក្រុមហ៊ុនសាងសង់បានចាក់បេតុងរួចម្ខាងហើយ នៅមួយកំណាត់ក្បែរខ្លោងទ្វារប៉ែកខាងជើង ។ ក្រោយចាក់បេតុងរួចយើងនឹងរៀបចំធ្វើសួនច្បារឲ្យស្អាត់ល្អ នៅជុំវិញលើផ្ទៃដី នៃទីតាំងខ្លោងទ្វារបុរាណនេះ ។ នៅពេលសួរនាំពីរឿងបារមីពូកែស័ក្តិសិទ្ធិនៃខ្លោងទ្វារដំណាក់ហ្លួងនេះ ដែលធ្លាប់ធ្វើឲ្យខូចគ្រឿងចក្រចំនួន០៣គ្រឿងជាបន្តបន្ទាប់ ថែមទាំងល្បីថា មានស្លាប់អ្នកបើកគ្រឿងចក្រម្នាក់ផង លោកប្រធានមន្ទីររូបនេះ ហាក់មិនច្បាស់លាស់ដែរ ក្នុងការផ្ដល់ចម្លើយ ។
លោកគ្រាន់តែនិយាយថា « កាលនោះ ខ្ញុំមិនបានឃើញផ្ទាល់ភ្នែក ឬដឹងច្បាស់ទេ តែខ្ញុំបានឮពាក្យចចាមអារ៉ាមគេនិយាយតៗដែរគ្នាថា មានរឿងបែបនេះកើតឡើង» ។ តើលោកប្រធានជឿទេ ចំពោះពាក្យចចាមអារ៉ាមបែបនេះដែលថា ខ្លោងទ្វារដំណាក់ហ្លួង មានបារមីខ្លាំងពួកែស័ក្តិសិទ្ធិ? «ខ្ញុំជឿដែរ… ព្រោះកាលមុនអំឡុងពេលរៀបចំគម្រោងសាងសង់ពង្រីកផ្លូវថ្មីៗកន្លងទៅនេះ អាជ្ញាធរមន្ត្រីជំនាញ និង ខាងមន្ទីរធម្មការខេត្តបានភិភាក្សាគ្នា ដើម្បីធ្វើពិធីរំកិលខ្លោងទ្វារចេញពីទីតាំងចាស់ ។ ប៉ុន្តែគ្រាន់តែពិភាក្សាគ្នាសោះ មិនទាន់ធ្វើពិធីនោះផង ស្រាប់តែមានបញ្ហា… កើតឡើងស្ដែងៗតែម្ដង ។
ដូច្នេះរឿងអីមិនជឿ? ពេលនេះ យើងបានសម្រេចធ្វើផ្លូវវាងជុំវិញ និងរៀបចំធ្វើសួនច្បារលំអទីតាំងខ្លោងទ្វារនេះហើយ» ។ ពាក់ព័ន្ធនឹងជំនឿយ៉ាងមុតមាំ ទៅលើបារមី ឬទៅលើផ្លូវងងិតនៃខ្លោងទ្វារ
«ដំណាក់ហ្លួង»នេះ យើងងាកមកស្ដាប់ការរៀបរាប់ បំភ្លឺស្ទើសម្បុរតាមរយៈការពិព័រណនារបស់លោក សុខ ចាន់ ជាអ្នកថែទាំ ឬបោសសម្អាត បរិវេណខ្លោងទ្វារដំណាក់ហ្លួងជាប្រចាំ ដែលលោកអះអាងថា ធ្លាប់ប្រទះឃើញផ្ទាល់ភ្នែកចំពោះអ្នកសច្ចាំងបង់បត់ ឬអ្នកមានបារមីគ្រប់គ្រងខ្លោងទ្វារ
«ដំណាក់ហ្លួង» នេះ ។
លោក សុខ ចាន់ បាននិយាយថា ពេលថ្ងៃឡើងមិនសូវមានភ្ញៀវចូលដុតធួប លោកតែសម្រាន្តលក់នៅលើអង្រឹង ។ ប៉ុន្តែពេលយប់លោកសម្រាន្តលេងរហូតដល់ម៉ោងជិត១២យប់ ទើបលោកងើបជិះគង់ទៅផ្ទះ ។ លោកបានរៀបរាប់គួឲ្យព្រឺសម្បុរនូវអ្វីដែលលោកបានឃើញយ៉ាងដូច្នេះថា «នៅយប់ខ្លះ ម៉ោងប្រហែល៩ឬ១០យប់ រាងស្ងាត់បន្តិច ខណៈលោកកំពុងសម្រាន្តលេងលើអង្រឹង ស្រាប់តែមានកូនក្មេងជាច្រើនក្នុងសម្លៀកបំពាក់ក្រណាត់ក្រហមរុំ.ក ពាក់ឈៀងខ្វែងដងខ្លួន និងមានចងសក់កំប៉ោយទៀតផង មកឡើងដេញគ្នាលេងរង្គើរពេញលើដើមជ្រៃក្រិម ។
ខ្ញុំស្គាល់ច្បាស់គឺក្មេងៗទាំងនោះ ជាពួកម្រេញគង់វាល រហូតពេលខ្លះ លោកស្រែកដេញឲ្យឈប់លេងទើបពួកគេឈប់ ព្រោះខ្ញុំថ្លង់ពេក ហើយក៏បាត់ខ្លួនអស់ភ្លាមៗទៅ»។ គាត់បាននិយាយទៀតថា «បើយប់ខ្លះ ពេលយប់ជ្រៅ ខ្ញុំធ្លាប់ឃើញមានសេះ.សហោះមកចុះខាងមុខខ្លោងទ្វារ ដោយមានទាំងមីណុំ មីនាង ចុះ អមដំណើរមកជាមួយផង ។ ពួកគេចុះមកហាក់ធ្វើពិធីអ្វីមួយ មានលក្ខណៈសប្បាយៗ រួចហើយក៏បាត់ខ្លួនអស់ទៅ» ។
អតីតយោធិនសមរភូមិក្ដៅជួរមុខរូបនេះ បានពិព័រណ៌នាជាច្រើនអំពីអ្នកមានជំនឿលើបារមីដ៏ពូកែស័ក្តិសិទ្ធិ នៃខ្លោងទ្វារដំណាក់ហ្លួង ដែលមានអាយុកាលជិត១០០ឆ្នាំនេះ ។ លោកបានបញ្ជាក់ចុងក្រោយថា ក្រៅពីអ្នកបន់ស្រន់សុំសេចក្ដីសុខ សុំជាជំងឺផ្សេង សុំលក់ដីឆាប់ដាច់ ឬសុំឲ្យបារមីជួយឲ្យពួកគេមានកូន ក៏មានអ្នកញៀននឹងល្បែងឆ្នោតជាច្រើនអនេកដែរ ដែលនាំគ្នាមកសុំលេងឆ្នោត ហើយសូម្បីតែលោកផ្ទាល់ក៏ធ្លាប់ចាក់ឆ្នោតត្រូវតិចទូចញឹកញ៉ាប់ដែរ ដោយសារអ្នកកាន់បារមីឲ្យឃើញ៕
ចែករំលែកព័តមាននេះ