ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ខុស​ទេ​…​មាន​ប្រាក់​ទិញ​យក្ស​ឱ្យ​បិទ​ភ្នែក​បាន ​!

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាននៅ​ក្នុងភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សង្ស័យ​មិន​ដែល​អើពើ​អន្តរាគមន៍​ទប់ស្កាត់ និង​បង្ក្រាប​បាន​ម្តងណា​ឡើយ បណ្តែតបណ្តោយ​ឱ្យ​ក្រុម​មេ​ឈ្មួញ​ល្បីឈ្មោះ…

ខេត្តកំពង់ស្ពឺ ៖ បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាននៅ​ក្នុងភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សង្ស័យ​មិន​ដែល​អើពើ​អន្តរាគមន៍​ទប់ស្កាត់ និង​បង្ក្រាប​បាន​ម្តងណា​ឡើយ បណ្តែតបណ្តោយ​ឱ្យ​ក្រុម​មេ​ឈ្មួញ​ល្បីឈ្មោះ ដែល​មានឈ្មោះ ធឺ​ន ដឹក​ជញ្ជូន​ឈើ​គ្រឿងផ្ទះ​បាន​ដោយ​រលូន ចាយ​លុយ​ត្រឹមតែ​១​លាន​រៀល​តែ​ប៉ុណ្ណោះ ចេញពី​ស្រុក​ឱ​រ៉ា​ល់ ឆ្លងកាត់​ស្រុក​ថ្ពង​បាន​ដោយ​រលូន ។

ជាក់ស្តែង កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មី​ៗ​នេះ មេ​ឈ្មួញ​ឈ្មោះ ធឺ​ន អាយុ​ជិត​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ដឹកឈើ​តាម​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង ជា​ប្រភេទ​ឈើ​លេខ​១ (​គ្រឿងផ្ទះ​) ចេញពី​ស្រុក​ឱ​រ៉ា​ល់ ចំណុច​ខាងជើង​រង្វង់​មូល​ស្ពានដែក តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​៤៤ ឆ្ពោះទៅ​ទិស​ខាងកើត ឆ្លងកាត់​ស្នាក់​ការ​សមត្ថកិច្ច​តាម​ដងផ្លូវ​ជា​ច្រើន មាន​ដូច​ជា​នគរបាល​ប៉ុស្តិ​ឃុំ​ត្រពាំង​ជោ ស្នាក់​ការ​រង​បរិស្ថាន​ភ្នំ​តូច និង​ស្នាក់​ការ​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោ រួច​ហួស​ទៅ​ដល់​ព្រំប្រទល់​ស្រុក​ថ្ពង មាន​ប៉ុស្តិ​នគរបាល និង​ស្នាក់​ការ​ជា​ច្រើន​ថែម​ទៀត​ផង ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​គោ​យន្ត​កន្ត្រៃ​របស់​មេ​ឈ្មួញ​ឈ្មោះ ធឺ​ន រូប​នោះ មិន​ត្រូវ​បាន​ចាប់​បង្ក្រាប​ម្តងណា​ឡើយ ដោយ​លោក​ថៅកែ ធឺ​ន បាន​ចំណាយ​លុយ​គ្រប់​សមត្ថកិច្ច​ជំនាញ​ទាំងអស់​មិន​ឱ្យ​រំលង​ស្ថាប័ន​ណា​ឡើយ បើ​ទោះបី​សមត្ថកិច្ច​ណា​ចុះ​មក​ចាប់ ក៏​ចាប់​មិន​បាន​ជាប់​ដែរ ថៅកែ ធឺ​ន មាន​ខ្នងបង្អែក​ធំ​ៗ គ្រាក់​ៗ​នៅ​ចាំ​ជួយ​អន្តរាគមន៍​រហូត​ដល់​គោលដៅ​។

បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ថា ថៅកែ​ល្បីឈ្មោះ​រកស៊ី​មិន​ខ្លាចញញើត​សមត្ថកិច្ច​នេះ ជា​រៀងរាល់ថ្ងៃ​ដើរ​ប្រមូល​ទិញ​ឈើ​គ្រឿងផ្ទះ​នៅ​ក្នុងភូមិ​ស្ពានដែក ភូមិ​ស្រែ​ច្រាប និង​ភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយ​បញ្ជារ​ឱ្យ​កូនចៅ​ដឹក​តាម​គោ​យន្ត​កន្ត្រៃ ពេល​ប្រមូល​​បាន​គ្រប់​ចំនួន​ពេញ​គោ​យន្ត​ហើយ​(​ចាប់ពី​៣​ទៅ​៥​ម៉ែត្រគូប​) ទើប​ធ្វើ​ដំណើរ​យក​ទៅ​លក់​បន្ត​ទៅ​តាម​ដេប៉ូ ឬ​ឈ្មួញ​ធំ​ៗ​បន្ត​ទៀត ។

លោក​ថៅកែ​ឈើ​ល្បីល្បាញ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​មិន​ខ្លាចញញើត​សមត្ថកិច្ច​ខាងលើ​នេះ ធ្លាប់​ព្រលយ​ពាក្យ​ថា ចាយ​លុយ​ត្រឹម​១​លាន​រៀល​ទៅ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់​បង្ក្រាប​ឈើ​របស់​គេ ។ ម្យ៉ាងវិញទៀត​ខ្នងបង្អែក​របស់​គេ​ក៏​ធំ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឬ​ចាប់​អីវ៉ាន់​របស់​គេ​ឡើយ​។​ទ​ង្វើ​រ​របស់​ថៅកែ​ធឺ​ន បំផ្លិចបំផ្លាញ​បទល្មើស​ព្រៃឈើ និង​អាងខ្នង​បង្អែក​អ្នកមាន​លុយ មាន​អំណាច​នៅ​ពីក្រោយ​ខ្នង​នេះ ធ្វើ​ឱ្យ​ព្រៃឈើ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់​រង​នូវ​ក្តី​វិនាស​ហិនហោច​ប្រាកដ​ណាស់ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ