ខេត្តកំពង់ស្ពឺ ៖ ឃ្លាំងស្តុកអាគុយចាស់ៗត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ខណៈដែលឆ្លងរន្តក្លាយជាអណ្តាតភ្លើងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍យករថយន្តជួយពន្លត់ ។
ហេតុការណ៍ឆាបឆេះឃ្លាំងស្តុកសម្ភារៈចាស់ៗ(សំបកអាគុយ)បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៩និង៣០នាទីយប់ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសាមគ្គមុនីជ័យ បានឱ្យដឹងថា មានករណីភ្លើងឆេះឃ្លាំងស្តុកសម្ភារចាស់ៗ(សំបកអាគុយ)របស់សហគ្រាសធុនតូចកែច្នៃអាគុយ យីហោ(ហ្សុង តេង អ៊ិនធើណេសិនណល) ត្រេឌីង ZHONGTENG (INTERNATIONAL) TRADING CO, LTD ដែលមានទំហំទទឹង៣០ម៉ែត្រ គុណ និង៧០ម៉ែត្រ ធ្វើអំពីដែកដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធរបស់ឈ្មោះ ឈិន យ៉ាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន អាស័យដ្ឋានបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តថា អគ្គិភ័យខាងលើនេះ បណ្តាលឱ្យមានការឆាបឆេះខូចខាតដូចខាងក្រោម ៖ ឃ្លាំងទំហំ៣០ម៉ែត្រ គុណ និង៧០ ម៉ែត្រ ខូចខាតទាំងស្រុង ។ សម្ភារៈចាស់ៗនៅក្នុងឃ្លាំងខូចខាតទាំងស្រុងតែម្តង ។ មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះឃ្លាំងនេះ គឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ។
នគរបាលស្រុកដដែលបានបញ្ជាក់បន្ថែមថា ករណីនេះមិនមានឆេះរាលដាល ឬបង្កគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ ។ នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ នគរបាលជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង កម្លាំងចំនួន៦៥នាក់ ប្រើទឹកចំនួន៣២រថយន្តផងដែរ ។
នគរបាលបានបន្ថែមទៀតថា រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះនៅមិនទាន់រលត់នៅឡើយទេ ៕
ចែករំលែកព័តមាននេះ