ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិបាវិតលើ និងភូមិច្រកលាវ បានទទួលផ្លូវបេតុងចំនួន៣ខ្សែ មានប្រវែង៥០១ម៉ែត្រ ត្រូវកំពុងស្ថាបនា ដែលឆ្លងកាត់ចំនួន០២ភូមិ ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលផ្លូវមួយនេះ កន្លងមកជាផ្លូវដី ដែលធ្វើដំណើរដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋមកកាន់ទីផ្សារ ហើយរដូវប្រាំងដីហ៊ុយ និងរដូវវស្សា បែកផុក ជាពិសេសសិស្សសាលាធ្វើដំណើរទៅរៀនម្តងៗ មានការពិបាកខ្លាំង ។
បើតាមលោក សាញ់ សាខុន ចៅសង្កាត់បាវិត បានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីលោក លឹម សៀងហេង អភិបាលក្រុងបាវិត ក្នុងនាមលោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ បានជួយសម្រួលផលប៉ះពាល់ក្នុងការជួសជុលស្ថាបនាផ្លូវទាំង ៣ខ្សែនេះ បានរលូនដោយមានការចូលរួមពីប្រជាពលរដ្ឋ។ ហើយផ្លូវទាំង៣ខ្សែនេះ មានប្រវែង៥០១ម៉ែត្រ (ផ្លូវ១ខ្សែ ក្នុងភូមិបាវិតលើ មានទទឹក៧ម៉ែត្រ និងផ្លូវ០២ខ្សែទៀត
មានទទឹង៦ម៉ែត្រ ឆ្លងកាត់២ភូមិ គឺភូមិបាវិតលើ និងភូមិច្រកលាវ ដែលជាថវិកាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៤ ។
លោកចៅសង្កាត់ បានបន្តទៀតថា ក្នុងការជួសជុលស្ថាបនា ផ្លូវចាក់បេតុងទាំង៣ខ្សែនេះ គឺមានសារៈសំខាន់ក្នុងការដឹកកសិផលការធ្វើដំណើររបស់បងប្អូនពលរដ្ឋ។ ដូច្នេះក្នុងនាមលោកចៅសង្កាត់ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋយោគយល់ អំឡុងពេល ដែលខាងក្រុមហ៊ុនកំពុងស្ថាបនាត្រូវសហការជាអាជ្ញាធរក៏ដូចខាងក្រុមហ៊ុន ដើម្បីងាយស្រួលក្នុងការស្ថាបនា ។
លោក សាញ់ សាខុន ចៅសង្កាត់បាវិត ក៏បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន ដែលទទួលម៉ៅការ ត្រូវតាមកិច្ចសន្យា ព្រមទាំងតាមលក្ខណៈបច្ចេកទេស ដែលខាងមន្ត្រី បច្ចេកទេសណែនាំ ដើម្បីឲ្យផ្លូវមានគុណភាពប្រើប្រាស់បានយូរអង្វែង ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ច្រកលាវ និងភូមិបាវិតលើ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី ដែលបានជួសជុលស្ថាបនាផ្លូវទាំង០៣ខ្សែនេះ ដែលកន្លងមកពិបាកក្នុងការធ្វើដំណើរខ្លាំងបច្ចុប្បន្នទទួលបានផ្លូវល្អពួកគាត់សប្បាយចិត្តខ្លាំងណាស់និងសូមគាំទ្រសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រទេសឲ្យមានការ អភិវឌ្ឍន៍រីកចម្រើនទៅបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ