ខេត្តស្វាយរៀង ៖ ឯកឧត្តម ឆាន់ សុផល អគ្គនាយដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យទីតាំងសាងសង់អគាររោងចក្ររបស់ក្រុមហ៊ុន ម៉ាយ៉ាកម្ពុជា ដែលបានធ្វើសកម្មភាពសាងសង់សំណង់អគារ ដោយគ្មានច្បាប់អនុញ្ញាតពីអគ្គនាយកដ្ឋានសំណង់ ត្រូវបានឯកឧត្តម ឆាន់ សុផល បញ្ជាឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ផ្អាកសាងសង់ជាបណ្តោះអាសន្នសិន ។
ការចុះពិនិត្យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (ស៊ីនបាវិត៣) ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរស្រុកចន្ទ្រា ។
លោក ទិត ខេមរា ប្រធាននាយកដ្ឋានសំណង់ នៃអគ្គនាយកដ្ឋានសំណង់ បានមានប្រសាសន៍ថា អគាររោងចក្រម៉ាយ៉ាកម្ពុជា សាងសង់ខុសលក្ខណៈបច្ចេកទេស ដោយលោកបានលើកឡើងចំនួន០៣ចំណុច ៖ ទី១.បញ្ហាសាងសង់អត់ច្បាប់ ទី២.ការរលំអគារគឺបណ្តាលមកពីខ្យល់កន្ត្រាក់ ទី៣.មន្ត្រីជំនាញបានចុះពិនិត្យ និងណែនាំឲ្យម្ចាស់សំណង់ សុំច្បាប់តាមនីតិវិធីច្បាប់។ ហើយវិធានការ ផ្អាកដំណើរការសាងសង់ជាបណ្តោះអាសន្ន ណែនាំម្ចាស់សំណង់ឲ្យទៅសុំច្បាប់តាមនីតិវិធីច្បាប់ និងឲ្យក្រុមហ៊ុនដោះស្រាយចំពោះ ជនរងគ្រោះទាំង០៧នាក់ ។
សូមរំលឹកផងដែរ មានភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់បង្កឲ្យរលំអគាររោងចក្រ ចំនួន២ខ្នង រាបដល់ដី បណ្តាលឲ្យកម្មករសំណង់០៤នាក់ រងរបួសធ្ងន់ បែកក្បាល បាក់ធ្មេញ បាក់ដៃ ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ ចំណែក០៣នាក់ផ្សេងទៀត រងរបួសស្រាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូ ដើម្បីព្យាបាល ។
បើតាមអាជ្ញាធរស្រុកចន្ទ្រា បានឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ មានភ្លៀង មួយមេធំ លាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលអោយគ្រោងដែកសាងសង់អាគាររោងចក្រ ២ខ្នង (ទទឹង ៨១ម៉ែត្រ បណ្ដោយ ១៦២ម៉ែត្រ) កំពុងតែសាងសង់ថ្មីដួលរលំខូចខាតទាំងស្រុង អាគាររោងចក្រនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត៣ ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ដែលមានកម្មករសំណង់នៅទីនោះរងរបួស ចំនួន០៧នាក់ ក្នុងនោះរបួសធ្ងន់០៤នាក់ (បាក់ដៃ ២នាក់ របួសបែកក្បាល ២នាក់) របួសស្រាល ០៣នាក់។ ចំពោះអ្នករបួសធ្ងន់០៤នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង អ្នករងរបួសស្រាល ៣នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។
អគាររោងចក្រ ដែលកំពុងសាងសង់ថ្មី ខូចខាតទាំងស្រុង ជាមួយនេះ ក៏មានខូចខាតរថយន្តក្រឡុកស៊ីម៉ង់០៣គ្រឿង ខូចខាតរថយន្តបាញ់បេតុង ០១គ្រឿង ខូចខាតរថយន្តម៉ាកតាកូម៉ា ០១គ្រឿង។ និងរឡូកិនដី ១គ្រឿង ក្នុងករណីនេះ ពុំមានរងគ្រោះដល់អាយុជីវិតមនុស្សនោះទេ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កម្មករធ្វើការនៅទីនោះ សរុប៦៥នាក់ (ស្រី០៩នាក់) ក្នុងនោះបែងចែកជា០៣ក្រុម គឺក្រុមជាងគ្រឿងដែក ៣០នាក់ ក្រុមចាក់បេតុង ២០នាក់ និងក្រុមចាក់សាបនិងលាបបេតុង ១៥នាក់ ហើយ០២ក្រុមជាងគ្រឿងដែក និងចាក់បេតុង បានសម្រាកនៅសល់តែក្រុមចាក់សាប និងលាបបេតុង ១៥នាក់ធ្វើការថែមម៉ោង ទើបជួបគ្រោះបែបនេះ ហើយខណៈនោះ ខ្លះរត់ចូលពួននៅក្រោមអាប៊ុល ខ្លះរត់ចូលក្រុមរថយន្តក្រឡុកស៊ីម៉ង់ដ៏ ហើយអ្នករងរបួសគាត់ភ័យស្លន់ស្លោ ក៏ត្រូវគ្រឿងដែកប៉ះបណ្តាលឲ្យរងរបួសតែម្តង។ ហើយក្នុងនោះដែរ ក៏មានកម្មករចងតង់ដេកក្នុងអគារនោះ ចំនួន២តង់ មានមនុស្សដេកចំនួន៨ទៅ០៩នាក់ រត់រួច ហើយម៉ូតូ០២គ្រឿង នៅបញ្ឈរក្នុងនោះ ក៏អត់ប៉ះដែរ គឺនៅចំប្រឡោះ ។
ទាក់ទិនករណីនេះដែរ លោក ទិត ខេមរា ប្រធានាយកដ្ឋានសំណង់ បានមានប្រសាសន៍ថា ក្រុមហ៊ុន ម៉ាយ៉ាកម្ពុជា សាងសង់អត់ច្បាប់អនុញ្ញាតទេ ហើយការសាងសង់នេះ គឺគ្មានបុកគ្រឹះ ចាប់ខ្ចៅតូចៗ ដែកគ្រឿងសំណង់ស្តើង មិនអាចទ្រទម្ងន់បានទេ ។
លោកបានឲ្យតំណាងក្រុមហ៊ុន ម៉ាយ៉ាកម្ពុជា និងប្រធានក្រុមហ៊ុន យូ សេងសុជី អ្នកទទួលការសាងសង់ រៀបចំឯកសារ យកទៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង ដើម្បីដោះស្រាយបញ្ហានានា នៅរសៀលថ្ងៃទី១៤ ឧសភា ២០២៤នេះ ជាកំហិត ។ និងឲ្យមន្ត្រីសុរិយោដី ពិនិត្យមើលថា តើដីនៅចំណុចទីតាំងសាងសង់អគាររោងចក្រនេះ មានបណ្ណ័កម្មសិទ្ធិ ដែរឬទេ និងមានរៀបចំប្លង់មេ ក្នុងការសាងសង់ដែរ ឬនៅ ។
លោក អ៊ុំ វាសនា អនុប្រធានការិយាល័យសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ការសាងសង់សំណង់ អគាររោងចក្រ ម៉ាយ៉ាកម្ពុជានេះ ពុំមានសុំច្បាប់ទេ លោកធ្លាប់បានទទួលបញ្ជាពីលោកប្រធានមន្ទីរ ដែនដីនគរូបនីយកម្មសំណង់ខត្ត ឲ្យមកឃាត់ ផ្អាកការសាងសង់បណ្តោះអាសន្ន និងសុំឲ្យក្រុមហ៊ុន ម៉ាយ៉ាកម្ពុជា ទៅធ្វើសំណើរសុំទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សិន ពេលបានច្បាប់អនុញ្ញាតិសាងសង់ ទើបដំណើរការសាងសង់ ក៏ប៉ុន្តែក្រុមហ៊ុនមួយនេះ នៅតែសាងសង់យ៉ាងគគ្លើន។ ហើយមិនដឹងថា អ្នកម៉ៅការសាងសង់អគាររោងចក្រនេះ ជាវិស្វករ មានអាជ្ញាបណ្ណ ឬក៏អត់ទេ ?
ចំពោះលោក សាម សុវណ្ណនី មេការសាងសង់ឲ្យប្រធានក្រុមហ៊ុនរោងចក្រ ម៉ាយ៉ាកម្ពុជានេះ មិនអាចសុំការបំភ្លឺបានទេ គាត់ឆ្លើយយ៉ាងខ្លីថា គាត់មិនអាចឆ្លើយអីបានទេ។ ចំណែកឯលោក យូ សេងសុជី ប្រធានក្រុមហ៊ុន យូសេងសុជី ក៏មិនអាចសុំការបំភ្លឺបានដែរ ៕

















ចែករំលែកព័តមាននេះ