ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ ដឹកនាំ​គណៈប្រតិភូ​ ទៅដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ហើយ

7 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​ធ្វើ​ដំណើរ​ចំណាយពេល​ជាង​៥​ម៉ោង នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​ធ្វើ​ដំណើរ​ចំណាយពេល​ជាង​៥​ម៉ោង នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និងលោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៨ ខែឧសភា ឆ្នាំ​២០២៤ ​។

ដំណើរ​អញ្ជើញ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ​។

សូម​បញ្ជាក់​ថា សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចេញ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ នា​ម៉ោង​៨​ព្រឹក​មិ​ញ​នេះ ​។

ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម យូ​ន សក​យ៉​ល (Yoon Suk Yeol) ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ។

អញ្ជើញ​អមដំណើរ​សម្ដេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត រួម​មាន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា សោភា រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​រដ្ឋមន្ត្រី មន្ត្រី​សំខាន់​ៗ នៃ រាជរដ្ឋាភិបាល និង​តំណាង​ពី​សភាពាណិជ្ជកម្ម​កម្ពុជា​ ។

ប្រភព​បន្ត​ថា ក្នុង​ទស្សនកិច្ច​ជា​លើក​ដំបូង​ លើ​ទឹកដី​កូរ៉េ​ខាងត្បូង ​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រីកម្ពុជា សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី យូ​ន សក​យ៉​ល​។ ក្នុង​ជំនួប​នេះ នឹង​ពិភាក្សា​ស៊ីជម្រៅ​លើ​ភាព​ជា​ដៃគូ និង​ពង្រីក​កិច្ច​សហប្រ​តិប​ត្តិការពហុ​វិស័យ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​ឈាន​ទៅ​កម្រិត​ថ្មី​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ នឹង​អញ្ជើញ​ធ្វើ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ពាក់ព័ន្ធ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​នឹង​មាន​ជំនួប​ដាច់​ដោយឡែក​ជាមួយ​នាយក​រដ្ឋមន្ត្រី​កូរ៉េខាងត្បូង ឯកឧត្តម ហាន់ ដុក​ស៊ូ (Han Duck-soo) និង​ប្រធានរដ្ឋសភា ឯកឧត្តម គី​ម ជី​ន​ណូ (Kim Jin-pyo) ​។

សម្តេច​ធិ​បតី ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ និង​ជួប​ជាមួយ ក្រុមហ៊ុន​កូរ៉េ​សំខាន់​ៗ​មួយ​ចំនួន​។ ឆ្លៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​ធិ​បតី ក៏​នឹង​ជួបសំណេះសំ​ណា​ល​ជាមួយ​សហគមន៍​ខ្មែរ កំពុង​រស់នៅសិក្សា​រៀនសូត្រ និង​ធ្វើការ​នៅ​កូរ៉េ​ខាងត្បូង​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា កម្ពុជា និង​កូរ៉េ​ខាងត្បូង ត្រូវ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ ថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ​១៩៩៧​។ ចំណង​ការទូត​នេះ ត្រូវ​បាន​បង្កើត​ឡើង​វិញ ក្រោម​កិច្ច​ប្រឹងប្រែង​ដ៏​ខ្លាំងក្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឬ​អាច​ហៅ​បាន​ថា សម្តេច​តេ​ជោ ជា​ឆ្មប​បង្កើត​នូវ​ទំនាក់ទំនង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​ ។

បន្ទាប់​ពី​បង្កើត​ជា​ផ្លូវការ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការរវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បានពង្រឹងពង្រីក និង​លើកកម្ពស់​ឱ្យ​កាន់តែ​រឹង​មាំ និង​មាន​ភាពល្អ​ប្រសើរ​ជា​បន្តបន្ទាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ