ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានតម្លៃជិត២៥០លានដុល្លារ គឺជាក្តីរំពឹងធំនៃទស្សនកិច្ចនាយករដ្ឋមន្ត្រី

6 ខែ មុន

គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​មាន​តម្លៃ​ជិត​២៤៦​លាន​ដុល្លារ បាន​ចុះហត្ថលេខា​រួច​ហើយ កាល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២២ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​មក​ដល់​ពេល​នេះ​គម្រោង​នេះ​បាន​ត្រឹមតែ​ឭ​ព័ត៌មាន​ជា​បន្តបន្ទាប់ រីឯ​រូបភាព​ពិតប្រាកដ​ហាក់​មិន​ទាន់​ដឹង ។ ដូច្នេះ​ហើយ​បានជា​វា…

គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​មាន​តម្លៃ​ជិត​២៤៦​លាន​ដុល្លារ បាន​ចុះហត្ថលេខា​រួច​ហើយ កាល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២២ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​មក​ដល់​ពេល​នេះ​គម្រោង​នេះ​បាន​ត្រឹមតែ​ឭ​ព័ត៌មាន​ជា​បន្តបន្ទាប់ រីឯ​រូបភាព​ពិតប្រាកដ​ហាក់​មិន​ទាន់​ដឹង ។

ដូច្នេះ​ហើយ​បានជា​វា គឺជា​ចំណុច​សំខាន់​ដែល​ពលរដ្ឋ​ទំនងជា​រង់ចាំ​លទ្ធផល​ចេញពី​ដំណើរ​ទស្សនៈកិច្ច​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​កូរ៉េ​ខាងត្បូង ពី​ថ្ងៃ​ទី​១៥ ដល់​១៨ ខែឧសភា នេះ ។

តាម​ការ​ប្រកាស​របស់​ក្រសួងការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ សម្តេច​ធិ​បតី​នឹង​ដឹកនាំ​គណប្រតិភូ​កម្ពុជា​ទៅ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​សាធារណៈរដ្ឋ​កូរ៉េ ដែល​យើង​និយម​ហៅ​ថា កូរ៉េ​ខាងត្បូង ចាប់ពី​ថ្ងៃ​ពុធ​នេះ​រហូត​ដល់​ចុង​ស​ប្តា​ហ៍​តប​តាម​ការ​អញ្ជើញ​របស់​លោក យួន សក​យ៉​ល (Yoon Suk Yeol) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ។

នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​នោះ សម្តេច​ធិ​បតី​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី នាយក​រដ្ឋមន្ត្រី និង​ប្រធាន​សភា​កូរ៉េ​ខាងត្បូង ដើម្បី​ពិភាក្សា​ស៊ីជម្រៅ​នូវ​ភាព​ជា​ដៃគូ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពហុ​វិស័យ​ក្នុង​គោលបំណង​លើកកម្ពស់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​ឈាន​ទៅ​កម្រិត​ថ្មី ។

នៅ​ក្នុងអំឡុងពេល​ស្នាក់​នៅ​កូរ៉េ​ខាងត្បូង​សម្តេច​ធិ​បតី​ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ និង​ជួប​ជាមួយ​ក្រុមហ៊ុន​សំខាន់​ៗ​មួយ​ចំនួន​ព្រមទាំង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង ហើយ​ក៏​នឹង​មានការ​ចុះហត្ថលេខា លើ​ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ ។

មក​ដល់​ពេល​នេះ ជោគវាសនា​នៃ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ គេ​មិនដឹង​ថា យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ថ្មី​ៗ​កន្លង​ទៅ​នេះ​លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រាប់​សារព័ត៌មាន នៅ​ក្នុងស្រុក​ខ្លះ​ៗ​ថា គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជ្រើសរើស​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជម្រុះ ។

លោក​ក៏​មិន​បាន​កំណត់​កាលបរិច្ឆេទ បើក​ការដ្ឋាន​សាងសង់​ច្បាស់លាស់​ដែរ​ដោយ​គម្រោង​នេះ​នៅ​ត្រូវ​ឆ្លងកាត់​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ជា​ហេតុ​មិន​ទាន់​អាច​កំណត់​ពេលវេលា​ជាក់លាក់​បាន​នៅឡើយ ។ ដោយឡែក​លោក ផាក ជុង​វ៉ុ​ក ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង កាលពី ពេល​កន្លង​ទៅ​ថា គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ រំពឹង​ថា​នឹង​បើក​ការដ្ឋាន​នៅ​ដើមឆ្នាំ​២០២៥ ខាង​មុខ ។

តាម​គម្រោង​ស្ពាន​មិត្ដភាព​កម្ពុជា​-​កូរ៉េ នឹង​ត្រូវ​សាងសង់​ចំនួន​២​ខ្សែ ដោយ​ខ្សែ​ទី​១ ​ត​ភ្ជាប់​ពី​ខាង​មុខ​ផ្សារ​រាត្រី​ឆ្លងកាត់​ទន្លេសាប​ទៅ​កាន់​តំបន់​ជ្រោយចង្វារ និង​ខ្សែ​ទី​២ ត​ភ្ជាប់​ពី​ជ្រោយចង្វារ​ឆ្លងកាត់​ទន្លេមេគង្គ​ទៅ​អរិយ​ក្សត្រ ។ រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​កូរ៉េ បាន​ដាក់​ក្តី​សង្ឃឹមថា ស្ពាន​នេះ​នឹង​ជួយ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា និង​ជា​និមិត្តរូប​នៃ​មិត្តភាព​កម្ពុជា​-​កូរ៉េ ហើយ​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពង្រីក​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ឱ្យ​កាន់តែ​រឹង​មាំ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​កូរ៉េ​មក​វិនិយោគ​នៅ​កម្ពុជា និង​បន្ត​ពង្រីក​លើ​វិស័យ​នានា​បន្ថែម​ទៀត ហើយ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ដ៏​រឹង​មាំ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​រួមចំណែក​ដល់​សន្តិភាពស្ថិរភាព និង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ានក៏​ដូច​ជា​តំបន់​មេគង្គ ។ នេះ គឺជា​ក្តី​រំពឹង​របស់​ពលរដ្ឋ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ លោកបណ្ឌិត ស៊ឺ​ន សំ អ្នកវិភាគ​គោលនយោបាយ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​ចែករំលែក​នូវ​ក្តី​រំពឹង​ជា​ច្រើន​ទៀត​ដែល​មាន​តម្លៃលើស​ពី​ស្ពាន ។

លោក​បាន​ចែករំលែក​ថា ដំណើរ​ទស្សនៈកិច្ច​របស់​សម្តេច​ធិ​បតី​នេះ​អាច​នឹង​ឲ្យ​កម្ពុជា​និង​កូរ៉េ ខាងត្បូង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​ដែល​ស៊ីជម្រៅ​មួយ​ចំនួន​នៅ​លើ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ និង​ភាព​ជា​ដៃគូ​សន្តិសុខ​, កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ឱកាស​វិនិយោគ​, ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​ការ​អប់រំ ការ​លើកកម្ពស់​ការ​ផ្លាស់​ប្តូរ​វប្បធម៌ ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​, សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​, ជំនួយ​មនុស្សធម៌ និង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​, ព្រមទាំង​កិច្ចសហការ​លើ​បញ្ហា​ផ្សេង​ទៀត ដែល​មាន​ដូច​ជា​ការ​ថែទាំ​សុខភាព ការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ និង​ការ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ