ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អរគុណ Man City! Aston Villa បានលេង UCL លើកដំបូង ក្រោយខកខាន៤១ឆ្នាំ

7 ខែ មុន

ចក្រភពអង់គ្លេស ៖ ក្រុមបាល់ទាត់ Aston Villa បានកៅអីលេងពានរង្វាន់ UEFA Champions

ចក្រភពអង់គ្លេស ៖ ក្រុមបាល់ទាត់ Aston Villa បានកៅអីលេងពានរង្វាន់ UEFA Champions League ជាលើកដំបូង សម្រាប់រដូវកាល ២០២៤-២៥ ក្រោយខកខានអស់រយៈពេល៤១ឆ្នាំ បន្ទាប់ពីគូប្រជែងតំណែងកំពូលទាំង ៤ (Top 4) គឺក្រុមមាន់ខ្នាយមាស Tottenham Hotspur បានចាញ់ក្រុមមេឃខៀវ Manchester City ការប្រកួតក្របខណ្ឌ English Premier League កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

Tottenham Hotspur គឺជាក្រុមតែមួយគត់ ដែលអាចប្រជែងចំណាត់ថ្នាក់លេខ ៤ ជាមួយនឹងក្រុម Aston Villa ប្រសិនបើពួកគេអាចយកឈ្នះក្រុម Man City ប៉ុន្តែការបរាជ័យក្នុងផ្ទះខ្លួនឯងលទ្ធផល ២-០ កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅ ធ្វើឱ្យពួកគេមានគម្លាត៥ពិន្ទុ តាមពីក្រោយក្រុម Aston Villa ខណៈនៅ១ប្រកួតទៀតនឹងចប់ការប្រកួតលីគរដូវកាលនេះ ដែលមានន័យថា ក្រុមលោក Unai Emery ទទួលបានសិទ្ធិពេញលេញសម្រាប់ការប្រកួត Champions League រដូវកាលក្រោយ។

ពិសេសជាងនេះទៅទៀត ការបរាជ័យរបស់ក្រុម Spurs មានន័យថា ម្ចាស់ជើងឯកពានរង្វាន់ Premier League រដូវកាលនេះ រវាង Man City និង Arsenal នឹងត្រូវដឹងនៅការប្រកួតសប្តាហ៍ចុងក្រោយ ពោលគឺសប្តាហ៍ទី ៣៨ នៅថ្ងៃទី១៩ ខែឧសភា ខាងមុខនេះ។ បច្ចុប្បន្ន Man City នៅកំពូលតារាងមាន៨៨ពិន្ទុ ត្រូវទទួលក្រុមញញួរយក្ស West Ham United រីឯ Arsenal នៅលេខ ២ មាន៨៦ពិន្ទុ ត្រូវទទួលក្រុមស្ករគ្រាប់ Everton សម្រាប់ការប្រកួតសប្តាហ៍ចុងក្រោយ។

ក្រឡេកមក Aston Villa ឯណេះវិញ មិនដែលបានលេងនៅពានរង្វាន់ Champions League ចាប់តាំងពីពានរង្វាន់មួយនេះ បានផ្លាស់ប្ដូរឈ្មោះពី European Cup ទៅជា Champions League នៅរដូវកាល ១៩៩១-៩២។ Aston Villa បង្ហាញវត្តមានចុងក្រោយនៅពានរង្វាន់ European Cup រដូវកាល ១៩៨២-៨៣ ពោលរយៈពេល៤១ឆ្នាំ និងធ្លាប់ឈ្នះជើងឯកម្ដងគត់ កាលពីរដូវកាល ១៩៨១-៨២។

Aston Villa បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ និងលេខ ៤ ក្របខណ្ឌ Premier League ក្នុងរដូវកាល ១៩៩២-៩៣ និង ១៩៩៥-៩៦ ប៉ុន្តែនៅគ្រានោះ មានតែក្រុមកំពូលតារាងប៉ុណ្ណោះ ដែលបានកៅអីលេងនៅ Champions League។

ក្រុមតំណាងចក្រភពអង់គ្លេសទៅលេងពានរង្វាន់ UEFA Champions League រដូវកាលក្រោយរួមមាន Man City Arsenal Liverpool និង Aston Villa ៕ (ប្រភព ៖ BBC រូបភាព ៖ Sky Sports, Premier League, Aston Villa និង The Score)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ