ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណាខ្លះជាអត្តពលិកស្ត្រីទាំង៥រូប ដែលមានបំផុតលើលោកក្នុង​ឆ្នាំ២០២៤?

2 ខែ មុន

សហរដ្ឋអាម៉េរិក ៖ យោងតាមគេហទំព័រ Celebrity Net Worth ដែលជាគេហទំព័ររាយការណ៍អំពីចំនួន

សហរដ្ឋអាម៉េរិក ៖ យោងតាមគេហទំព័រ Celebrity Net Worth ដែលជាគេហទំព័ររាយការណ៍អំពីចំនួនទ្រព្យសកម្មសរុប និងសកម្មភាពហិរញ្ញវត្ថុរបស់បណ្ដាបុគ្គលល្បីៗគ្រប់វិស័យ នៅទូទាំងពិភពលោក កាលពីថ្មីៗនេះ បានឱ្យដឹងថា អត្តពលិកស្ត្រីចំនួន៤រូប ក្នុងចំណោមអត្តពលិកស្ត្រី ដែលមានបំផុតទាំង៥រូប នៅលើពិភពលោក ប្រចាំឆ្នាំ ២០២៤ គឺចេញពីកីឡាវាយតេនី្នស (Tennis) ។

បញ្ជីអត្តពលិកស្ត្រី ដែលមានបំផុតទាំង៥រូប នៅលើពិភពលោកប្រចាំឆ្នាំ ២០២៤ របស់គេហទំព័រ Celebrity Net Worth គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន South China Morning និង VnExpress ៖

៥-កីឡាការិនីវាយតេនី្នស Venus Williams សញ្ជាតិអាម៉េរិក អាយុ៤៣ឆ្នាំ ដែលជាបងស្រីបង្កើតរបស់កីឡាការិនី Serena Williams បានក្លាយជាកីឡាការិនីអាជីពនៅអាយុ១៤ឆ្នាំ ហើយជាប់ចំណាត់ថ្នាក់លេខ ១ ពិភពលោកម្ដង កាលពីឆ្នាំ ២០០២។ សព្វថ្ងៃ Venus Williams កំពុងកើបចំណូលបានរាប់លានដុល្លារអាម៉េរិកពីដៃគូសហការឧបត្ថម្ភ បន្ថែមពីលើការបោះពុម្ពសៀវភៅ និងអាជីពកម្មម៉ូដសំលៀកបំពាក់ផ្ទាល់ខ្លួនរបស់នាង ដែលមានឈ្មោះថា «EleVen by Venus Williams»។ ទ្រព្យសម្បត្តិរបស់កីឡាការិនីម្ចាស់ពានរង្វាន់ Grand Slam ៧ដងរូបនេះ មានចំនួន ៩៥លានដុល្លារអាម៉េរិក។

៤-កីឡាការិនី Alexis DeJoria អ្នកប្រណាំងរថយន្ត Drag Racer ដ៏ល្បីរបស់សហរដ្ឋអាម៉េរិក អាយុ៤៦ឆ្នាំ។ ថ្វីបើជាកូនស្រីរបស់មហាសេដ្ឋីអាម៉េរិក លោក John Paul DeJoria ដែលជាស្ថាបនិកក្រុមហ៊ុនស្រា tequila Patron និងផលិតផលថែរក្សាសក់ Paul Mitchell ក៏ពិតមែន ក៏ប៉ុន្តែ Alexis DeJoria រកចំណូលតាមរយៈអាជីពដ៏ល្បីជោគជ័យរបស់នាង។ ទ្រព្យសម្បត្តិរបស់កីឡាការិនីរូបនេះ ត្រូវបានប៉ាន់ស្មានថាមានចំនួន ១០០លានដុល្លារអាម៉េរិក។

៣-លោកស្រី Steffi Graf អាយុ៥៤ឆ្នាំ អតីតកីឡាការិនីវាយតេនី្នសឆ្នើមជនជាតិអាល្លឺម៉ង់។ អតីតកីឡាការិនីលេខ ១ ពិភពលោករូបនេះ បានឈ្នះពានរង្វាន់ Grand Slam ចំនួន ២២ដងនៅក្នុងអាជីពដ៏ជោគជ័យរបស់ខ្លួន។ សព្វថ្ងៃនេះ Steffi Graf គឺជាស្ថាបនិក និងជាប្រធានមូលនិធិមិនរកប្រាក់ចំណេញ Children for Tomorrow ដោយបង្កើតគម្រោងគាំទ្រដល់កុមាររងរបួស ដោយអំពើហិង្សា សង្គ្រាម និងការបៀតបៀន។

ការរៀបអាពាហ៍ពិពាហ៍ជាមួយម្ចាស់ជើងឯកកីឡាវាយតេនី្នស លោក Andre Agassi បានជួយឱ្យ Steffi Graf ទទួលបានតំណែងកំពូលទាំង៣ក្នុងបញ្ជីរបស់ Celebrity Net Worth ខណៈដែលទ្រព្យសម្បត្តិរបស់គូស្នេហ៍១គូនេះ មានចំនួន ១៤៥លានដុល្លារអាម៉េរិក។

២-អតីតកីឡាការិនីវាយតេនី្នស Maria Sharapova អាយុ៣៧ឆ្នាំ បានចាប់ផ្តើមអាជីពនៅក្នុងឆ្នាំ ២០០១ ហើយបានឈ្នះពានរង្វាន់ Grand Slam ចំនួន៥ដង។ នាងបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីទស្សនាវដ្តី Forbes ជាអត្តពលិកស្រីរកចំណូលបានខ្ពស់បំផុតរយៈពេល១១ឆ្នាំជាប់ៗគ្នា មុនពេលត្រូវបានទម្លាក់ដោយកីឡាការិនី Serena Williams នៅក្នុងឆ្នាំ ២០១៦។

Sharapova បានចូលនិវត្តន៍នៅឆ្នាំ ២០២០ ប៉ុន្តែនាងនៅតែរកបានប្រាក់យ៉ាងច្រើនដោយសារតែដៃគូសហការឧបត្ថម្ភ អាជីពកម្មម៉ាកសម្លៀកបំពាក់កីឡាវាយតេនី្នសផ្ទាល់ខ្លួន បូករួមនឹងស្បែកជើង ក៏ដូចជាកាបូបដៃផងដែរ។ ទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានរបស់ទេពធីតាកីឡាវាយតេនី្នសរបស់រុស្ស៊ីរូបនេះ មានចំនួន ១៨០លានដុល្លារអាម៉េរិក។

១-អតីតកីឡាការិនីវាយតេនី្នស Serena Williams សញ្ជាតិអាម៉េរិក អាយុ៤២ឆ្នាំ ដែលត្រូវប្អូនស្រីកីឡាការិនី Venus Williams បានក្លាយជាកីឡាការិនីអាជីពនៅអាយុ១៤ឆ្នាំ។ Serena ឈ្នះពានរង្វាន់ Grand Slam លើកដំបូងនៅព្រឹត្តិការណ៍ US Open ឆ្នាំ ១៩៩៩ ដោយបានក្លាយជាស្ត្រីជនជាតិអាម៉េរិក ដើមកំណើតអាហ្វ្រិកដំបូងគេ ដែលគ្រងតំណែងជើងឯក ហើយបន្តឈ្នះពានរង្វាន់ Grand Slam សរុបចំនួន ២៣ដងក្នុងអាជីពដ៏អស្ចារ្យរបស់ខ្លួន។ ចាប់តាំងពីពេលនោះមក អាជីពរបស់ Serena បានធ្លាក់ចុះ ដោយរកចំណូលបានរាប់លានក្នុងដំណើរការ។

ទោះប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០២២ ប៉ុន្តែប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់របស់ Serena Williams នៅតែបន្តឥតស្រាក់ស្រាន តាមរយៈដៃគូសហការឧបត្ថម្ភជាច្រើន ភាគហ៊ុននៅក្នុងក្រុមកីឡា ទូរទស្សន៍ និងការចូលរួមសម្ដែងក្នុងខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ ដែលបានធ្វើឱ្យនាងក្លាយជាអត្តពលិកស្រីមានបំផុតនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៣០០លានដុល្លារអាម៉េរិក៕ (រូបភាព ៖ New Yorker, CNN, Hemmings, Der Spiegel, Sportskeeda និង People)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ