ប្រទេសព័រទុយហ្គាល់ ៖ កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានបង្ហើបអំពីផែនការចូលនិវត្តន៍ពីអាជីពរបស់ខ្លួន ដែលអ្នកគាំទ្រមិនចង់គិត មិនចង់ឃើញអំពីរឿងនេះ។ ស្របពេលសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA នឹងប្រគល់ពានរង្វាន់ដ៏ពិសេសបំផុតដល់ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ។
រឿងដ៏ភ្ញាក់ផ្អើលមួយផ្ទុះឡើងលើប្រព័ន្ធផ្សព្វផ្សាយពិភពលោក កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីកីឡាករ Cristiano Ronaldo បានបង្ហើបអំពីផែនការចូលនិវត្តន៍ពីអាជីពបាល់ទាត់។
តាមប្រភពពីសារព័ត៌មាន Eurosport កាលពីថ្ងៃទី២៧ សីហា កន្លងទៅ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ព័រទុយហ្គាល់ News Now ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៩ឆ្នាំ ដែលកំពុងប្រកបអាជីពជាមួយនឹងក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីតរូបនេះ បានបង្ហើបថា «ខ្ញុំមិនដឹងថា តើខ្ញុំនឹងចូលនិវត្តន៍ក្នុងពេលឆាប់ៗនេះឬយ៉ាងណាទេ អាចក្នុងរយៈពេល ២ ឬ ៣ ឆ្នាំទៀត ប៉ុន្តែប្រហែលជាខ្ញុំនឹងចូលនិវត្តន៍នៅទីនេះជាមួយ Al Nassr។ ខ្ញុំសប្បាយចិត្តនៅជាមួយក្លិបនេះ ខ្ញុំមានអារម្មណ៍ល្អនៅក្នុងប្រទេសនេះផងដែរ។ ហើយខ្ញុំសប្បាយចិត្តដែលបានលេងនៅអារ៉ាប៊ីសាអូឌីត ហើយខ្ញុំចង់បន្តទៀត»។
ក្រោយខកខានស៊ុតបញ្ចូលទី សម្រាប់ព័រទុយហ្គាល់នៅព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ (Euro 2024) កន្លងទៅ អ្នកគ្រប់គ្នាបានប៉ាន់ស្មានថា តើអាជីពជាមួយក្រុមជម្រើសជាតិរបស់ Ronaldo នឹងខិតជិតដល់ទីបញ្ចប់ឬយ៉ាងណា? ទោះយ៉ាងណាក៏ដោយ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះ ក៏បានបង្ហើបថា ខ្លួនចង់បន្តលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលចាប់ផ្តើមពីការប្រកួតព្រឹត្តិការណ៍ UEFA Nations League រដូវកាល ២០២៤-២៥ នៅខែក្រោយតទៅ។
ដោយកីឡាកររូបនេះបានបន្ថែមថា ការសម្រេចចិត្តណាមួយអំពីការចូលនិវត្តន៍ជាមួយក្រុមជម្រើសជាតិនឹងត្រូវបានគិតយ៉ាងល្អិតល្អន់ «នៅពេលដែលខ្ញុំចាកចេញពីក្រុមជម្រើសជាតិ ខ្ញុំនឹងមិនប្រាប់នរណាម្នាក់ជាមុននោះទេ ហើយវានឹងជាការសម្រេចចិត្តដោយឯកឯងបំផុតសម្រាប់ខ្ញុំ ប៉ុន្តែក៏ជាការគិតយ៉ាងល្អ ល្អិតល្អន់ផងដែរ។ ឥឡូវនេះ អ្វីដែលខ្ញុំចង់បានគឺអាចជួយក្រុមជម្រើសជាតិក្នុងការប្រកួតនាពេលខាងមុខ។ យើងមានការប្រកួត Nations League នៅពីមុខយើង ហើយខ្ញុំពិតជាចង់លេងខ្លាំងណាស់»។
ទន្ទឹមជាមួយគ្នានោះ Ronaldo ក៏បង្ហើបថាគ្មានបំណងធ្វើជាគ្រូបង្វឹកអាជីព នៅពេលចូលនិវត្តន៍នោះទេ «ពេលនេះ ខ្ញុំក៏មិនបានគិតអំពីការក្លាយជាគ្រូបង្វឹកសម្រាប់ក្រុមណាមួយឡើយ ហើយរឿងនេះគ្មានទាល់សោះនៅក្នុងការគិតរបស់ខ្ញុំ និងក្តីស្រមៃអំពីរឿងនេះនៅពេលអនាគតឡើយ ប៉ុន្តែខ្ញុំមើលឃើញរឿងផ្សេងដែលត្រូវធ្វើក្រៅពីបាល់ទាត់»។
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA កាលពីថ្ងៃទី២៧ សីហា កន្លងទៅ បានប្រកាសអំពីការប្រគល់ពានរង្វាន់កត្តិយសដ៏ពិសេសបំផុតរបស់ខ្លួន ជូនដល់កីឡាករ Cristiano Ronaldo នៅក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើននាំមុខគេគ្រប់ពេលនៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់ UEFA Champions League។
អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting Lisbon, Manchester United, Real Madrid និង Juventus រូបនេះ បានស៊ុតបញ្ចូលទីសរុប ១៤០គ្រាប់នៅក្នុងការបង្ហាញខ្លួនសរុប១៨៣ប្រកួត មុនផ្លាស់ទៅចូលរួមជាមួយនឹងក្លិប Al Nassr កាលពីឆ្នាំ ២០២៣ ដោយបានឈ្នះជើងឯក Champions League រហូតដល់៥សម័យកាលជាមួយ Man United និង Real Madrid។ Ronaldo មាន១១គ្រាប់នាំមុខកីឡាករអាហ្សង់ទីន Lionel Messi អតីតខ្សែប្រយុទ្ធក្រុម Barcelona និង PSG មុនពេលផ្លាស់ទៅចូលរួមជាមួយក្លិប Inter Miami នៅលីគកំពូលសហរដ្ឋអាមេរិក។
ការប្រគល់ពានរង្វាន់ដ៏ពិសេសរបស់ UEFA ដល់កីឡាករ Cristiano Ronaldo នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះផ្ទាល់តែម្តង នៅក្នុងកម្មវិធីចាប់ឆ្នោតការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២៤-២៥ ដែលធ្វើឡើងនៅក្នុងប្រទេសម៉ូណាកូ វេលាម៉ោង ១១:០០នាទីយប់ ម៉ោងនៅកម្ពុជា៕
ចែករំលែកព័តមាននេះ