ប្រទេសរុស្ស៊ី ៖ លោក Valery Karpin គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី កាលពីពេលថ្មីៗនេះ បានថ្លែងថា រុស្សីមិនអាចជ្រើសរើសគូប្រជែងណាខ្លាំងជាងក្រុមជម្រើសជាតិវៀតណាម និងថៃ សម្រាប់ការប្រកួតមិត្តភាពជាបន្តបន្ទាប់របស់ខ្លួនក្នុងខែកញ្ញាខាងមុខនេះបានទេ។ ខណៈដែលលើកឡើងរបស់គ្រូបង្វឹករូបនេះ ដើម្បីឆ្លើយតបទៅនឹងមតិរិះគន់ជាច្រើនប្រឆាំងនឹងការប្រកួតទាំងពីរនេះ។ នេះបើតាមប្រភពពីសារព័ត៌មានវតៀណាម VnExpress ចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ក្រុមជម្រើសជាតិរុស្សីនឹងប៉ះវៀតណាម ការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី ៥ ខែកញ្ញា មុនពេលបន្តប៉ះថៃ នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ នៅឯពហុកីឡដ្ឋានជាតិ My Dinh ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហាណូយ។ គ្រូបង្វឹក និងអតីតកីឡាករជនជាតិរុស្សីមួយចំនួនបានមើលស្រាលការប្រកួតទាំងពីរនេះ ដោយលើកឡើងថា ក្រុមជម្រើសជាតិរុស្ស៊ីនឹងមិនទទួលបានអត្ថប្រយោជន៍ណាមួយពីការប៉ះជាមួយនឹងក្រុមពីរដែលខ្សោយជាងខ្លួននោះទេ។
រុស្ស៊ី បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី៣៣ នៅក្នុងតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោក FIFA World Ranking ពោលខ្ពស់ជាងប្រទេសថៃ ដែលនៅលេខ ១០១ ចំនួន ៦៨ ចំណាត់ថ្នាក់ និងខ្ពស់ជាងវៀតណាម ដែលនៅលេខ ១១៥ ចំនួន ៨២ ចំណាត់ថ្នាក់ឯណោះ។
ទោះជាយ៉ាងណាក៏ដោយ លោក Valery Karpin បានឆ្លើយតបទៅនឹងមតិរិះគន់ទាំងនោះ ដោយបញ្ជាក់ថា លោកចង់បានគូប្រកួតល្អបំផុតសម្រាប់រុស្ស៊ី ប៉ុន្តែគូប្រជែងសមរម្យបំផុតសម្រាប់រុស្ស៊ី សុទ្ធតែជាប់ភារកិច្ចរួចទៅហើយ សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup ឆ្នាំ ២០២៦ ឬការប្រកួតមិត្តភាពអន្តរជាតិ។ ដូច្នេះមានតែ២៨ប្រទេសប៉ុណ្ណោះ ដែលអាចប្រកួតប្រជែងជាមួយនឹងរុស្ស៊ី។ ហើយបើនិយាយពីចំណាត់ថ្នាក់របស់ FIFA ប្រទេសថៃ និងវៀតណាម ស្ថិតនៅលេខ២ និងលេខ៤ ក្នុងបញ្ជីប្រទេសទាំង២៨ ក្នុងបញ្ជីនេះ។ លោកបានថ្លែងប្រាប់រុស្ស៊ី Match TV កាលថ្ងៃទី២៤ ខែសីហា កន្លងទៅ ថា «ជម្រើសក្រុមប្រកួតជាមួយយើងមិនស្ថិតនៅកម្រិតដូចបារាំងនោះទេ។ ប៉ុន្តែជម្រើសផ្សេងទៀតគឺកាន់តែយ៉ាប់ដូចជាប្រទេសស្រីលង្កា ឬ ប៊ូតាន»។
គ្រូបង្វឹកវ័យ៥៥ឆ្នាំរូបនេះជឿជាក់ថា ការប៉ះថៃ និងវៀតណាមល្អជាងគ្មានការប្រកួតទាល់តែសោះ។ លោកក៏ចង់ឱ្យរុស្ស៊ីប្រកួតទល់នឹងគូប្រកួតខ្លាំងជាងនេះ ប៉ុន្តែអ្នករិះគន់ត្រូវតែប្រាកដនិយមថា ប្រសិនបើគ្មានការប្រកួតទេ អ្នកទាំងនោះនឹងគ្មានអ្វីត្រូវពិភាក្សាទេ។ បន្ទាប់មកពួកគេនឹងបន្តសួរថា ហេតុអ្វីបានជាក្រុមមិនអាចរកគូប្រកួតបាន0x017d7 លោក Karpin បានបន្ថែមថា «យើងតែងតែចង់បានប្រកួតល្អបំផុតសម្រាប់ក្រុមជម្រើសជាតិ។ យើងមិនអាចលេងជាមួយគូប្រជែងខ្លាំងជាងនេះបានទេ ព្រោះមិនអាចទៅរួចទេ»។
គួរបញ្ជាក់ថា ការឈ្លានលើអ៊ុយក្រែនបានធ្វើឱ្យក្រុមជម្រើសជាតិ និងក្លិបបាល់ទាត់អាជីពរបស់រុស្ស៊ី ត្រូវបានហាមឃាត់ដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មកម្ល៉េះ។ ពួកគេក៏មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតបាល់ទាត់ពិភពលោក ឬវគ្គជម្រុះជើងឯកអឺរ៉ុប។ ស្របពេលដែលក្រុមនៅអឺរ៉ុបជាច្រើន ក៏បដិសេធមិនប្រកួតជាមួយនឹងរុស្ស៊ីផងដែរ លើកលែងតែប្រទេសដូចជា ស៊ែប ឬបេឡារុស៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ