ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ឱ្យ​មន្ត្រី​ស៊ីវិល​កាន់​ក្រ​សួ​ង​ការ​ពារ​ជាតិ​ជំនួស​លោក​សយ​ហ្គូ

1 អាទិត្យ មុន

ទី​ក្រុង​ម៉ូស្គូ៖ ​នៅ​ទី​បំផុត​ លោក​ពូទីន​សម្រេច​ចិត្ត​​ដក​​លោក​សយ​ហ្គូ​​ចេញពី​តំណែង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ និង​ដាក់​ជំនួស​​ដោយ​អ្នក​ឯក​ទេស​ខាង​សេដ្ឋ​កិច្ច​។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​នៅ​អាណត្តិ​ថ្មី។ នៅ​ពេល​អស់​តំណែង​នេះ​ទៅ​ លោក​​សយ​ហ្គូ​នឹងធ្វើ​​​ជា​លេខា​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​វិញ​ម្ដង​។ អ្នក​ជំនួស​តំណែង​លោក​សយ​ហ្គូ​គឺ​លោក​​បេលូសូហ្វ​ (Andrei Belousov)…

ទី​ក្រុង​ម៉ូស្គូ៖ ​នៅ​ទី​បំផុត​ លោក​ពូទីន​សម្រេច​ចិត្ត​​ដក​​លោក​សយ​ហ្គូ​​ចេញពី​តំណែង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ និង​ដាក់​ជំនួស​​ដោយ​អ្នក​ឯក​ទេស​ខាង​សេដ្ឋ​កិច្ច​។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​នៅ​អាណត្តិ​ថ្មី។ នៅ​ពេល​អស់​តំណែង​នេះ​ទៅ​ លោក​​សយ​ហ្គូ​នឹងធ្វើ​​​ជា​លេខា​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​វិញ​ម្ដង​។ អ្នក​ជំនួស​តំណែង​លោក​សយ​ហ្គូ​គឺ​លោក​​បេលូសូហ្វ​ (Andrei Belousov) ដែល​ធ្លាប់​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​។

បើ​តាម​ច្បាប់​របស់​រុស្ស៊ី សមា​ជិក​គណៈ​​រដ្ឋ​មន្ត្រី​នៅ​អាណត្តិ​ចាស់​​ទាំង​អស់​ត្រូវ​​ប្រកាស​លា​លែង​ពី​តំណែង​នៅ​ថ្ងៃ​អង្គារ​។ មុន​នឹង​កាន់​តំណែង​ជា​ផ្លូវ​ការ​ លោក​បេលូសូហ្វ​ត្រូវ​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ផ្ដល់​សេច​ក្ដី​ទុក​ចិត្ត​ពី​ព្រឹទ្ធ​សភា​រុស្ស៊ី​។ លោក​សយ​ហ្គូ​ឡើង​កាន់​​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កាល​ពី​ឆ្នាំ​២០១២​។ ពោល​គឺ​២​ឆ្នាំ​មុន​ពេល​រុស្ស៊ី​លើក​កង​ទ័ព​ចូល​កាន់​កាប់​តំបន់​គ្រីម៉េ​ និង​ដាក់​បញ្ចូល​តំបន់​នេះ​ជា​ទឹក​ដីរុស្ស៊ី​។

មន្ត្រី​ក្រោម​បង្គាប់​លោក​សយហ្គូ​ម្នាក់​គឺ​លោក​អ៊ីវ៉ាណូហ្វ (Ivanov) ត្រូវ​បាន​សមត្ថ​កិច្ច​រុស្ស៊ី​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា​ពី​បទ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ហើយ​ត្រូវ​ជាប់​ឃុំ​រហូត​មក​ដល់​ពេល​នេះ​ដើម្បី​រង់​ចាំ​​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​។ ការ​ចាប់​ខ្លួន​នេះ​ត្រូវមជ្ឈ​ដ្ឋាន​ទូទៅ​មើល​ឃើញ​ថា​ជា​ការ​ចាត់​ការ​ទៅ​​លើ​លោក​សយ​ហ្គូ​តែ​ម្ដង​ ហើយ​អាច​នឹង​ឈាន​ដល់​ការ​ដក​ហូត​តំណែង​របស់​លោក​។ ទោះ​បី​លោក​សយ​ហ្គូ​​ជា​មនុស្ស​ជិត​ស្និទ្ធ​របស់​លោក​ពូទីន​​​ក៏​ត្រូវ​តែ​ចាត់​ការ​ជា​ចាំ​បាច់​។​

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​​ថ្លែង​ថា​លោក​ពូទីន​សម្រេច​ចិត្ត​ប្រគល់​តំណែង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ទៅ​​ស៊ី​វិល​ជា​អ្នក​កាន់​កាប់​វិញ​ម្ដង​ព្រោះ​លោក​យល់​ថា​ស្ថាប័ន​មួយ​នេះ​គួរ​ណាស់​បើក​ទូលាយ​សម្រាប់​ទាំង​អស់​គ្នា​ទាំង​យោធា និង​ស៊ីវិល​អាច​កាន់​បាន​ដូច​គ្នា​។ ម៉្យា​ងទៀត​លោក​ចង់​បាន​ក្រុម​អ្នក​ដែល​មាន​គំនិត​ថ្មី​ៗ​។ លោក​បេលូសូហ្វ​ជា​មនុស្ស​ស័ក្ដិ​សម​នឹង​ទទួល​តំណែង​នេះ​។

សូម​រំលឹក​ថា​នៅក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មីនា​នោះ លោក​ពូទីន​ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​៨៧%​ដែល​អាច​ឱ្យ​លោក​កាន់​អំណាច​ម្នាក់​ឯង​បាន​។ ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​លើក​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ជន​ស៊ីវិល​រាប់​ពាន់​នាក់​ត្រូវ​បង្ខំ​ចិត្ត​រត់​ភៀ​សខ្លួន​ចេញ​ពី​តំបន់​ខាគីវ​នៅ​អ៊ុយ​ក្រែន​ភាគ​ឦសាន​​នៅ​ពេល​​កង​ទ័ព​រុស្ស៊ី​ចាប់​ផ្ដើម​វាយ​ប្រហារ​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​បាញ់​កាំ​ភ្លើង​ធំ​ និង​កាំ​ភ្លើង​ត្បាល់​ចូល​ទី​ក្រុង​ និង​ភូមិ​ជា​ច្រើន​កន្លែង​។

ក្រោយ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​ថ្មី​ៗ​នេះ គេ​ឃើញ​ថា​អ៊ុយ​ក្រែន​ត្រូវ​តែ​ដក​ថយ​នូវ​កង​ឯក​ភាព​របស់​ខ្លួន​ ហើយ​ទុក​ឱ្យ​រុស្ស៊ី​ដណ្ដើម​បាន​ទី​តាំង​ជា​ច្រើន​ទៀត​​ដែល​មិន​សូវ​មាន​ប្រព័ន្ធ​ការ​ពារ​រឹង​មាំ​។ ទី​នេះ​ត្រូវ​រុស្ស៊ី​ដាក់​ឈ្មោះ​ថា​តំបន់​ប្រផេះ​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​រុស្ស៊ី​-​អ៊ុយ​ក្រែន​។ លោក​ពូទីន​ធ្លាប់​បាន​បក​ស្រាយ​ថា​មាន​តែ​ការ​វាយ​យក​ទឹក​ដី​អ៊ុយ​ក្រែន​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ​​ទើប​អាច​​ធានា​សន្តិ​សុខ​ជាតិ​របស់​រុស្ស៊ី និង​​ធ្វើ​ឱ្យ​ទី​ក្រុង​ម៉ូស្គូ​ស្ថិត​នៅ​ចម្ងាយ​ដែល​កង​ទ័ព​អ៊ុយ​ក្រែន​​មិន​អាច​វាយ​​​ដល់៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ