ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដល់២សប្តាហ៍! ទ្រព្យសម្បត្តិលោកត្រាំ បាត់​បង់​ជាង៤០០លានដុល្លារ

2 ខែ មុន

សហរដ្ឋអាមេរិក ៖ ទ្រព្យសម្បត្តិអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald

សហរដ្ឋអាមេរិក ៖ ទ្រព្យសម្បត្តិអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបាត់បង់ជាង ៤០០លានដុល្លារអាមេរិក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រោយការធ្លាក់ចុះតម្លៃភាគហ៊ុននៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក «Trump Media & Technology Group» បន្ទាប់ពីរបាយការណ៍បានបង្ហាញអំពីការខាតបង់រាប់លានដុល្លារ នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ។

យោងតាមរបាយការណ៍ចុងក្រោយពីទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes បានបង្ហាញថា ទ្រព្យសម្បត្តិលោក ត្រាំ បានធ្លាក់ចុះរហូតដល់ ៤៥៤លានដុល្លារ ដែលនាំឱ្យទ្រព្យសម្បត្តិបុរសវ័យ៧៧ឆ្នាំរូបនេះ បច្ចុប្បន្ននៅត្រឹម ៧ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ៦% បើធៀបនឹងចំនួន ៨.២ពាន់លានដុល្លារ ដែលត្រូវបានកត់ត្រាក្នុងរយៈពេលតិចជាងពីរសប្តាហ៍មុន។

ការធ្លាក់ចុះយ៉ាងគំហុកកើតឡើង បន្ទាប់ពីរបាយការណ៍ក្រុមហ៊ុន Trump Media & Technology Group អំពីការចំណាយទាក់ទង ក៏ដូចជាការរួមបញ្ចូលគ្នា ដែលផ្សារភ្ជាប់ទៅនឹងការខាតបង់ប្រាក់សុទ្ធចំនួន ៣២៧.៦លានដុល្លារក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំនេះ។ Trump Media ក៏បានរាយការណ៍ពីការខាតបង់លើប្រតិបត្តិការនៅត្រីមាសទី១ ចំនួន ១២.១លានដុល្លារ ដែលទាក់ទងនឹងការរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនជាមួយនឹងក្រុមហ៊ុន Digital World Acquisition Corp. កាលពីដើមឆ្នាំនេះ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group បានធ្លាក់ចុះជាង ៨% កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីរបាយការណ៍នៃប្រាក់ចំណូល ដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃទី២០ ខែឧសភា កន្លងទៅ ដោយបិទនៅក្នុងតម្លៃ ៤៤.១៩ដុល្លារ និងរួមចំណែកដល់ការធ្លាក់ចុះច្រើនជាង ១៨% ក្នុងរយៈពេល៥ថ្ងៃ នៃការជួញដូរចុងក្រោយ។

៧៧០,៥០០ដុល្លារ គឺជាចំនួនប្រាក់ចំណូលរបស់ក្រុមហ៊ុន Trump Media & Technology Group នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ បើធៀបនឹងចំនួន ១.១លានដុល្លារ ដែលរកបាននៅក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំមុន។

ក្រុមហ៊ុន Trump Media & Technology Group ដែលជាក្រុមហ៊ុនមេនៃបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក ត្រាំ បានប្រែប្រួលយ៉ាងខ្លាំង ចាប់តាំងពីការរួមបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុន Digital World Acquisition Corp. ដោយជួយបង្កើនទ្រព្យសម្បត្តិអតីតប្រធានាធិបតិអាម៉េរិករូបនេះ កាលពីខែមុន។

ភាគហ៊ុនបានជួញដូរនៅក្នុងតម្លៃ ២២.៨៤ដុល្លារ នៅពាក់កណ្ដាលខែមេសា ហើយបានកើនឡើងដល់ ៥៤.៣៩ដុល្លារ នៅដើមខែនេះ ដែលបង្កើនទ្រព្យសម្បត្តិលោក ត្រាំ ដល់ ៨.២ពាន់លានដុល្លារ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ និងសាលក្រមរដ្ឋប្បវេណី ដែលមានតម្លៃរាប់រយលានដុល្លារនោះ នឹងមិនអាចលក់ភាគហ៊ុនរបស់លោកបាននៅក្នុងរយៈពេលប្រហែល​៤ខែបន្តទៀត ដោយសារតែការជាប់គាំងដ៏ស្មុគស្មាញ៕ (ប្រភព ៖ Forbes រូបភាព ៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ