ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ៉ាប៊ីសាអូឌីតចោល Boeing ស្រវា Airbus ជា​មួយ​ការបញ្ជាទិញយន្តហោះច្រើនមិនធ្លាប់មាន

2 ខែ មុន

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ក្រុមហ៊ុនខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីត Saudia Group កាលពីថ្ងៃទី២០ ខែ

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ក្រុមហ៊ុនខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីត Saudia Group កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានប្រកាសអំពីការបញ្ជាទិញយន្តហោះរបស់ក្រុមហ៊ុន Airbus នៅក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

យោងតាមប្រភពពីសារព័ត៌មាន Business Insider កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា អារ៉ាប៊ីសាអូឌីតបានរំលងក្រុមហ៊ុន Boeing ហើយស្រវាការបញ្ជាទិញយន្តហោះពីក្រុមហ៊ុន Airbus ជាមួយនឹងកិច្ចព្រមព្រៀងដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ យន្តហោះប្រភេទតួតូចចង្អៀត Narrowbody ចំនួន ១០៥គ្រឿង ដែលត្រូវបានបញ្ជាទិញ ដោយរួមបញ្ចូលម៉ូដែល Airbus A320neo និង A321neo នឹងត្រូវចែកចាយរវាងក្រុមហ៊ុនអាកាសចរណ៍ Saudia និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលមានឈ្មោះថា Flyadeal ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់អារ៉ាប៊ី​សាអូឌីត។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ក្រុមហ៊ុន Saudia Group ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលផ្ទាល់ បានហៅកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Airbus ថា «កិច្ចព្រមព្រៀងយន្តហោះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍អារ៉ាប៊ីសាអូឌីត»។ ប្រភពពី Business Insider បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងនេះ បានបង្ហាញថា កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Boeing កំពុងបាត់បង់កាន់តែខ្លាំង នៅជុំវិញពិភពលោក ដោយសារតែកន្លងមក ក្រុមហ៊ុនផលិតយន្តហោះមួយនេះ ធ្លាប់ទទួលបានការបញ្ជាទិញធំៗពីអារ៉ាប៊ីសាអូឌីត ។

កាលពីខែមីនា ឆ្នាំមុន អារ៉ាប៊ីសាអូឌីតបានបង្កើតក្រុមហ៊ុនអាកាសចរណ៍ជាតិទី ២ គឺ ក្រុមហ៊ុន Riyadh Air ដែលដាក់ការបញ្ជាទិញយន្តហោះ Boeing 787 Dreamlines រហូតដល់ទៅ ៧២គ្រឿង។ ស្របពេលដែល Boeing ក៏បានសម្លឹងឃើញថា នឹងយកឈ្នះលើការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Riyadh Air សម្រាប់យន្តហោះប្រភេទ តួតូចចង្អៀត Narrowbody ផងដែរ។ ហើយមិនយូរប៉ុន្មាន នៅមុនពេលព្រឹត្តិការណ៍ពិព័រណ៍អាកាសចរណ៍ទីក្រុងឌូបៃ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ប្រភពពីគេហទំព័រ Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Riyadh Air កំពុងសម្លឹងមើលការបញ្ជាទិញយន្តហោះ Boeing 737 Max រហូតដល់ ១០០គ្រឿង។ប៉ុន្តែទោះជាយ៉ាងណា ការលើកឡើងនោះមិនទាន់សម្រេចផ្លែផ្កានៅឡើយទេ។

ជាក់ស្តែង លោក Tony Douglas នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Riyadh Air អំឡុងពេលផ្តល់បទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅ បានស្ដីបន្ទោសជុំវិញការចេញផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិត កាលពីពេលកន្លងមក៕ (ប្រភព ៖ Business Insider រូបភាព ៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ