ទីក្រុងឡុង៖ នៅទីបំផុត នាយករដ្ឋមន្ត្រីអង់គ្លេស លោករីស៊ី ស៊ូណាក់ ប្រកាសរៀបចំការបោះឆ្នោតសាកលនៅអាណត្តិថ្មីនាថ្ងៃទី៤ ខែកក្កដាខាងមុខនេះ។ យោងតាមប្រសាសន៍របស់លោកស៊ូណាក់, នេះជាពេលវេលាដ៏ល្អកម្ររកបានដែលពលរដ្ឋអង់គ្លេសគ្រប់រូបត្រូវក្ដាប់ឱកាសនេះឱ្យជាប់ដើម្បីជ្រើសរើសមាគ៌ាសម្រាប់អនាគតរបស់ខ្លួន។ ឥឡូវនេះ លោកស៊ូណាក់មិននៅបង្អង់យូរនោះទេ។ បន្ទាប់ពីប្រកាសពីគម្រោងបោះឆ្នោតមិនបានប៉ុន្មានផង លោកចុះទៅជួបក្រុមអ្នកគាំទ្រនៅទីក្រុងឡុង និងថ្លែងសារនយោបាយជាបណ្ដើរៗ។
កាលពីមុននេះ លោកបានថ្លែងសេចក្ដីប្រកាសពាក់ព័ន្ធនឹងគម្រោងបោះឆ្នោតនោះនៅពីមុខវិមានដោននីងស្ទ្រីត (Downing Street) ដោយមានទឹកភ្លៀងធ្លាក់យ៉ាងជោគជាំពសុធា។ លោកថ្លែងនៅក្នុងគ្រានោះថាត្រូវតែរៀបចំការបោះឆ្នោតនេះឱ្យខាងតែបាន។ លោកបានសម្រេចរួចហើយ។ លោកប្រកាសបែបនេះបន្ទាប់ពីចូលគាល់ព្រះមហាក្សត្រឆាលដើម្បីស្នើសុំការអនុញ្ញាតពីព្រះអង្គរំលាយសភាចោល និងរៀបចំការបោះឆ្នោត។ ព្រះអង្គសព្វព្រះរាជហឫទ័យចំពោះសំណើនេះដោយឥតមានប្រកែកទេ។
គួរកត់សម្គាល់ថាការប្រកាសរបស់លោកស៊ូណាក់ធ្វើឡើងចំពេលគណបក្សអភិរក្សរបស់លោកដែលកំពុងកាន់អំណាចសព្វថ្ងៃនេះធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង។ យោងតាមលទ្ធផលស្ទង់មតិ, គណបក្សពលករមានសំឡេងនាំមុខយ៉ាងតិច២០%។ នេះហើយជាអ្វីដែលក្រុមអ្នកសង្កេតការណ៍នយោបាយនៅអង់គ្លេសព្យាករទុកថាការបោះឆ្នោតលើកនេះមុខតែគណបក្សរបស់លោកស៊ូណាក់ចាញ់ឆ្នោតជាមិនខាន។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលើកនេះ លោកស៊ូណាក់ចាប់យកប្រធានបទពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច និងសន្តិសុខជាតិធ្វើជាមូលបញ្ហាសំខាន់ៗដើម្បីយកប្រៀបលើគូប្រកួត។ យោងតាមលោកស៊ូណាក់, ការដែលរាជរដ្ឋាភិបាលអាចរក្សាបាននូវស្ថិរភាពផ្នែកសេដ្ឋកិច្ចគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃភាពជោគជ័យ។ លោកវាយប្រហារគណបក្សពលករយ៉ាងចាស់ដៃ។ លោកថាគណបក្សនេះមិនអាចឱ្យប្រជារាស្ត្រផ្ញើវាសនាបានឡើយព្រោះគ្មានផែនការនៅក្នុងការដឹកនាំជាតិទាល់តែសោះ។
នៅចុងបញ្ចប់សុន្ទរកថារបស់លោក លោកស៊ូណាក់ឆ្លៀតវាយប្រហារគូប្រជែងនយោបាយរបស់លោកគឺខេ ស្តាមើ (Keir Sarmer)។ លោកចោទថាមនុស្សនេះអ្វីក៏ហ៊ានធ្វើដែរដើម្បីតែម៉្យាងគឺការឈោងចាប់យកអំណាចនាយករដ្ឋមន្ត្រី។ លោកដាក់ជាសំណួរថាតើឲ្យយើងជឿទុកចិត្តថាមនុស្សធុនហ្នឹងអាចដឹកនាំជាតិឱ្យរីកចម្រើនដូចម្ដេចនឹងកើតបើគាត់មិនគោរពពាក្យសន្យា, មិនក្លាហាននិយាយពាក្យពេចន៍ចេញពីក្នុងចិត្ត និងគ្មានផែនការច្បាស់លាស់ផងហ្នឹង? ហើយរឹតតែគ្មានសង្ឃឹមទៅទៀតនោះគឺនៅពេលប្រទេសជាតិប្រឈមនឹងបញ្ហាជាច្រើន៕
ចែករំលែកព័តមាននេះ