ព្រះមហាក្សត្រអំពាវនាវជនរួមជាតិ រួមគ្នាជាធ្លុង គាំទ្ររាជរដ្ឋាភិបាលលើការការពារព្រំដែន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលអំពាវជនរួមជាតិបន្តរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ គាំទ្ររាជរដ្ឋាភិបាលលើការការពារអធិបតេយ្យ បូរណភាពទឹកដី ។ នេះបើតាមព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភាសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។

ព្រះរាជសារបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា សូមអំពាវដល់ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស បន្តរូបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿន ថែមទៀត ដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋ ដោយយកប្រជាជនជាស្នូល»។

ជាងនេះ ព្រះមហាក្សត្រមានព្រះរាជបន្ទូលលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជាពិសេស យុវជនចូលរួមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា សំដៅរួមគ្នាការពារ និងកសាងជាតិ មាតុភូមិ ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត ។

ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលបន្ថែមថា សមាជិករដ្ឋសភាក៏បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយបានសិក្សាស្វែងយល់អំពីសុខទុក្ខក្តីកង្វល់ តម្រូវការ និងបានដោះស្រាយបញ្ហាប្រឈម ជាពិសេស បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមសាមគ្គីគ្នា ជាមហាគ្រួសារខ្មែរ និងឯកភាពជាតិខ្ពស់ តាមរយៈការជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងវីរយុទ្ធជន ការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្ត នៅតាមព្រំដែន ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការឆ្លើយតបទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដោយមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ចំពោះការឈ្លានពានពីសំណាក់ប្រទេសជិតខាង ។

ការណ៍នេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីកម្លាំងរូបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាប្រជាជាតិដែលស្នេហាសន្តិភាព ស្អប់ខ្ពើមសង្គ្រាម និងគោរពច្បាប់អន្តរជាតិ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ