ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែនកាណូតចម្លងខូចទេ គឺម្ចាស់កំពង់ដររកស៊ី​ខាត​

2 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ កំពង់ដរ​ស្វាយ​ស្រណោះ​-​ព្រែក​ពោធិ៍ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្វាយ​ស្រណោះ​ទី​១ ឃុំ​រកា​អា ស្រុក​កងមាស ក្រោយ​ពី​បាន​ផ្អាក​ធ្វើ​អាជីវកម្ម​រយៈពេល​មួយ​ខែ​ដោយ​ម្ចាស់​ប្រាប់​ថា​ជួសជុល​កាណូត​។​នៅ​ទីបំផុត​បានដឹង​ការ​ពិត​ហើយ​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​ឆ្លង​ដដែល​ព្រោះតែ​ចំណាយពេល​ឆ្លង​ម្ដង​ៗ​យូរ​ពេក​ចូល​ខ្យល់​។

លោក​យី កុ​ណា ប្រធាន​ការិយាល័យ​ទ្រព្យ​រដ្ឋ​នៃ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​៣០​មិថុនា ឆ្នាំ ២០២៦​ថា​: ជា​ធម្មតា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ម្ដង​គឺ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ចុះ​ទៅ​ត្រួត​​ពិនិត្យ​ទីតាំង​វិនិយោគ​កំពង់​ដរ​ (​ស្វាយ​ស្រណោះ​-​ព្រែក​ពោធិ៍​)​ ។​ មក​ដល់​ពេល​នេះ​គឺ​ម្ចាស់​បាន​ដាក់​ពាក្យសុំ​ឈប់​ធ្វើ​អាជីវកម្ម​បន្ត​ទៀត​ហើយ ដោយសារ​តែ​កត្តា​ដី​កោះ​នៅ​កណ្ដាល​ទន្លេមេគង្គ បាន​ដុះ​លយ​វែង​ហើយ​ត្រូវ​ប្រើ​ពេល​យូរ​ក្នុង​ការ​ឆ្លង​។

លោក​ជា ម៉ា​ប់ ម្ចាស់​វិនិយោគ​កំពង់​ដរ​(​ស្វាយ​ស្រណោះ​-​ព្រែក​ពោធិ៍​) បាន​ប្រាប់​តាម​ទូរ​សព្ទ​ឱ្យ​ដឹង​ថា រូប​លោក​បាន​ដាក់​ពាក្យសុំ​ឈប់​ធ្វើ​អាជីវកម្ម​នៅ​ទី​នេះ​រយៈពេល​មួយ​ខែ​មក​ហើយ ដោយសារ​តែ​សព្វថ្ងៃ​កោះ​នៅ​កណ្ដាលទន្លេ​បាន​ដុះ​កន្ទុយ​លយ​ទៅ​ដល់​ទុ​រី ក្នុង​ពេល​ដែល​បើក​ឆ្លងកាត់​ទទឹង​ទន្លេ​ម្ដង​ៗ ត្រូវ​ប្រើ​ពេល​យ៉ាង​ហោច​ណាស់​កន្លះ​ម៉ោង​។ ដែល​ពី​មុន​មក​គ្រា​ដែល​កោះ​មិន​ទាន់​ដុះ​គឺ​ប្រើ​ពេល​ប្រមាណ​១០​នាទី​និង​ត្រូវ​ដឹក​អ្នកដំណើរ​ឆ្លង​ពី​ស្វាយ​ស្រណោះ​មក​ដល់​ព្រែក​ពោធិ៍ ហើយ​ ។ ​ពេល​ដែល​កំពង់ដរ​នេះ​មិន​មាន​កាណូត​ឆ្លង​គឺ​បងប្អូន​ប្រជាពលរដ្ឋ​មិន​រង់ចាំ​យូរ​ដូច​មុន​ទៀត​ទេ​ ។ ​ដោយ​ពួក​គាត់​ត្រូវធ្វើ​ដំណើរ​ទៅ​ឆ្លង​នៅ​​ថ្លុក​​ជ្រៅ ចាក់​ទៅ​មាន់​ដប់​ស្រុក​ស្រី​សន្ធរ ប្រើ​ពេល​ប្រមាណ​៥​នាទី​និង​ដល់​។ មួយវិញទៀត​បាន​រក​ទីតាំង​ផ្សេង​ទៀត​ដើម្បី​រៀបចំ​កំពង់​ដរ តែ​មិន​មាន​លក្ខណៈ​អំណោយផល​ដោយសារ​ច្រាំង​ទន្លេ​បាក់​បន្តបន្ទាប់​រាល់​ឆ្នាំ​ហើយ​ថែម​ទាំង​មាន​ចំណោត​ខ្លាំង​ទៀត​ផង​។

គួរ​រំលឹក​ថា ពី​មុន​មក​កំពង់​ដរ​ស្វាយ​ស្រណោះ​-​ព្រែក​ពោធិ៍​នេះ ត្រូវ​បាន​អាក់ខាន​មិន​មាន​កាណូត​ឆ្លង​មួយ​ខែ​។

ចំណែក​ម្ចាស់​អាជីវកម្ម​វិញ​គឺ​លោក​ជា ម៉ា​ប់ បាន​ធ្លាប់​អះអាង​ថា ពេល​ណា​កាណូត​ជួសជុល​រួចរាល់​ហើយ​និង​ត្រូវ​ដាក់​ដំណើរការ​ធ្វើ​អាជីវកម្ម​ឡើង​វិញ​។​ឥឡូវ​ដឹង​ការ​ពិត​ហើយ​គឺ​ម្ចាស់​វិនិយោគ​សម្រេច​សុំ​លុប​ចោល​ធ្វើ​អាជីវកម្ម​នៅ​តំបន់​នេះ ដោយសារ​តែ​កត្តា​ធម្មជាតិ​គឺ​កោះ​នៅ​កណ្ដាលទន្លេ​ដុះ​វែង​ហើយ​ពេល​ឆ្លង​ត្រូវ​ចាយ​ពេល​យូរ​ធ្វើ​ឱ្យ​ម្ចាស់​ចូល​ខ្យល់​(​ខាត​លុយ​) ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>