ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដេញថ្លៃធ្វើផ្លូវបេតុង សង្ឃឹមអី​ បើលទ្ធផល​មិនបានពាក់កណ្តាលគម្រោងផង?

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ តើការដាក់ឱ្យដេញថ្លៃគម្រោងធ្វើផ្លូវបេតុងតាមបណ្ដាឃុំមួយចំនួនក្នុងខេត្តកំពង់

ខេត្តកំពង់ស្ពឺ ៖ តើការដាក់ឱ្យដេញថ្លៃគម្រោងធ្វើផ្លូវបេតុងតាមបណ្ដាឃុំមួយចំនួនក្នុងខេត្តកំពង់ស្ពឺ តាមស្ដង់ដារដែរឬទេ បើតម្លៃដេញរបស់ក្រុមហ៊ុន មានតម្លៃទាប មិនស្មើនិងពាក់កណ្ដាលតម្លៃប៉ាន់ស្មានផងនោះ។ ហើយវាខុសស្រឡះពីថវិកាមូលនិធិដែលរាជរដ្ឋាភិបាលបានទម្លាក់មកតាមបណ្ដាឃុំក្នុងឆ្នាំ២០២៤នេះ ចាប់ពី១០ម៉ឺនដុល្លារដល់១៤ម៉ឺនដុល្លារ តាមឃុំតូចឬធំ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលាឃុំអូរ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានកម្មវិធីគម្រោងដាក់ឱ្យដេញថ្លៃដើម្បីធ្វើផ្លូវបេតុង ក្នុងឃុំចំនួន០៣ មានឃុំគិរីវ័ន្ត ឃុំអូរ និងឃុំចំបក់។ ដោយមានក្រុមហ៊ុនជាច្រើនចូលមកដាក់ពាក្យធ្វើការដេញថ្លៃដើម្បីបានទៅក្រុមហ៊ុនរបស់ខ្លួនធ្វើការសាងសង់ផ្លូវបេតុងមួយឱ្យមានគុណភាពល្អនិងទទួលបានស្នាដៃ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុនជាច្រើនបានចាកចេញទៅបណ្ដើរៗ ក្រោយពីទទួលបាន​ស្រោម​សំបុត្រជាថ្នូរមិនឱ្យចូលដេញថ្លៃ គ្រាន់តែមានឈ្មោះប៉ុណ្ណោះ ដែលគេហៅថា «ទឹកតែ»។

បន្ទាប់មកមេឃុំអូរ បានកាន់ក្បាលមេក្រូហើយ ហើយលើកឡើងថា សូមឱ្យម្ចាស់ក្រុមហ៊ុនដែលដេញថ្លៃបាន សូមគោរពតាមកិច្ចសន្យា ធ្វើផ្លូវតាមស្ដង់ដារ កុំឱ្យខ្វះមុខខ្វះក្រោយ នាំឱ្យអាជ្ញាធរឃុំឈឺក្បាល និងត្រូវមាត់ថ្នាក់លើ ។ គ្រាន់តែបានឮលោកស្រីមេឃុំអូរ លើកឡើងបែបនេះ ម្ចាស់ក្រុមហ៊ុន អំបិលម្រេចតូចតាចហាក់ដូចជាមិនប្រាកដប្រជាក្នុងខ្លួនផងនោះ ម្យ៉ាងគ្រាន់តែមកចូលរួមឱ្យតែមានមនុស្សច្រើនមើលទៅហាក់បីដូចជា ប្រកាប់ប្រចាក់គ្នាដើម្បីឱ្យធ្លាក់តម្លៃទាប ដែលធាតុពិតគឺគេបានចរចាគ្នារួចទៅហើយ ព្រោះតែម្ចាស់ក្រុមហ៊ុនដែលត្រូវដេញយកក្នុងគោលបំណងបានដើម្បីចំណេញប្រាក់ច្រើន ។

ចំពោះក្រុមហ៊ុនតូចតាចដែលបានទទួលស្រោមសំបុត្រ ហើយក៏បានធ្វើដំណើរចេញពីសាលាឃុំទៅ នៅសល់តែ៨ទៅ១១ក្រុមហ៊ុនតែប៉ុណ្ណោះ។ អ្វីដែលគេចាប់អារម្មណ៍គឺ ក្រុមហ៊ុន ឈ្មោះ ហៀង សុខ​ហៀញ ដែលជាក្រុមហ៊ុនដេញបានចំនួនពីរឃុំ ក្នុងតម្លៃទាបបំផុត មិនបានពាក់កណ្ដាលតម្លៃប៉ាន់ស្មានផង តើថៅកែក្រុមហ៊ុន ហៀង សុខហៀញ ធ្វើផ្លូវបានតាមស្ដង់ដារហើយគុណភាពផ្លូវបេតុងមានតាមស្ដង់ដារត្រឹមត្រូវ ដែរឬទេ? តើម្ចាស់ក្រុមហ៊ុន ចំណេញលុយពីការធ្វើផ្លូវបេតុងនេះ ប៉ុន្មានម៉ឺនដុល្លារទៅ? តើនៅពេលដែលដេញថ្លៃបានតម្លៃទាបបែបនឹង តើមន្ត្រីលទ្ធកម្មឃុំ ស្រុក ខេត្តគិតយ៉ាងណា?។

បើនៅក្នុងគម្រោងធ្វើផ្លូវបេតុងក្នុងឃុំចំបក់ដេញថ្លៃផ្លូវបេតុងអាមេ បានទៅលើក្រុមហ៊ុន(ហៀង សុខហៀញ) ៧៣,៧១០,០០០រៀល ក្នុងប្រវែង២៧០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ(១ទឹកកន្លះ) តម្លៃប៉ាន់ស្មាន២៥៤,៦៦៨,៣០០រៀល ទៅហើយនោះ។ មួយវិញទៀតនៅក្នុងឃុំគិរីវ័ន្តការដេញថ្លៃធ្វើផ្លូវបេតុងអាមេរបស់ឃុំគិរីវ័ន្ត បានទៅលើម្ចាស់ក្រុមហ៊ុនឈ្មោះ (ហៀង សុខហៀញ) ក្នុងតម្លៃដេញទាបជាងគេ៨៨,៧២៥,០០០រៀល ក្នុងប្រវែងផ្លូវ៣២៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ( មួយតឹកកន្លះ) ក្នុងតម្លៃប៉ាន់ស្មាន២៦៦,៤៤៥,២០០រៀល តើម្ចាស់ក្រុមហ៊ុនធ្វើតាមស្ដង់ដាបានដែរ​ឬទេ?។

យោងតាមមន្ត្រីរដ្ឋបាលខេត្តដែលធ្លាប់ដឹងពីគម្រោងមួយនេះបានបង្ហើបប្រាប់កោះសន្តិភាព​ថា ​តាម​ការពិតគឺគេចរចាគ្នារួចទៅហើយ ឯការ​ឱ្យចូលរួមដេញថ្លៃនេះគឺគ្រាន់តែជាឆាកល្ខោនបំភាន់ភ្នែកថ្នាក់លើតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការដេញថ្លៃតាមបណ្ដាឃុំមួយចំនួនមិនប្រក្រតីរបស់ក្រុមហ៊ុនចូលរួមមួយចំនួនខាងលើនេះ លោក ចិន សាម៉េត អ្នកកាន់គម្រោងដេញថ្លៃប្រចាំខេត្តកំពង់ស្ពឺ បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមនាព្រឹកថ្ងៃទី 9 ឧសភាឆ្នាំ 2024 នេះ ថា ប្រសិនបើអ្នកទទួលការអនុវត្តមិនត្រឹមត្រូវតាមស្ដង់ដារ លុបកិច្ចសន្យា ហើយសម្រាប់លុយសល់ឃុំជាអ្នកសម្រេច ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ