ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ ព្រះរាជ​ពិធីបុណ្យច្រត់ព្រះនង្គ័លនឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ឆ្នាំ​នេះ ​ព្រះរាជ​ពិធីបុណ្យ​ទ្វារ​ទស​មាស​ច្រត់ព្រះនង្គ័ល នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​បរិវេណមន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្តកំពង់ស្ពឺ ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្រុង​ច្បារមន ខេត្តកំពង់​ស្ពឺ​…

រាជធានី​ភ្នំពេញ​ ៖ ​ឆ្នាំ​នេះ ​ព្រះរាជ​ពិធីបុណ្យ​ទ្វារ​ទស​មាស​ច្រត់ព្រះនង្គ័ល នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​បរិវេណមន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្តកំពង់ស្ពឺ ដែល​មាន​ទីតាំង​ស្ថិត​នៅ ក្រុង​ច្បារមន ខេត្តកំពង់​ស្ពឺ​ ។

ព្រះរាជ​ពិធី​ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ ខាង​មុខ​។ នេះ​បើ​ផ្អែក​តាម​ផែនការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យ​ជាតិ​-​អន្តរ
ជាតិ​។

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​មាន​សារសំខាន់ ក្នុង​បណ្តា​ព្រះរាជ​ពិធីបុណ្យ​ទ្វាទសមាស​ប្រចាំឆ្នាំ ដោយ​ចាត់ទុកជា​វប្បមង្គល​មួយ​ដ៏​ប្រសើរ​របស់​ប្រជារាស្ត្រ​ខ្មែរ ដែល​ព្រះ​មហាក្សត្រ គ្រប់​ព្រះ​អង្គ តែង​ដឹកនាំ​ប្រារព្ធ​ធ្វើ​ពុំដែល​ខកខាន​តាំងពី​បុរាណកាល​រៀង​មក ។

ជាក់ស្តែង​ កាលពី​សម័យ​សង្គមរាស្ត្រនិយម ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” កាល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គង់នៅ និងសម្តេច ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង សុភមង្គល ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​យាង​ច្រត់​ដោយ​ផ្ទាល់​ព្រះ​អង្គ នៅ​តាម​បណ្តា​រាជធានី ខេត្ត​មួយ​ចំនួន​ដូច​ជា រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ​ជាដើម​។

ចំណេរ​កាល​ក្រោយមក ព្រះមហាក្សត្រ ស្តេច​ពុំ​បាន​យាង​ច្រត់ព្រះនង្គ័ល​ដោយ​ផ្ទាល់​ព្រះ​អង្គ​ឡើយ ព្រះ​អង្គ​តែង ចាត់​ព្រះរាជ​តំណាង​យាង​ច្រត់​ជំនួស តែ​ព្រះ​អង្គ​ស្តេច​យាង​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ព្រះរាជ​ពិធី​នេះ​វិញ​។

សូម​ជម្រាប​ថា ព្រះរាជ​ពិធី​នេះ ប្រព្រឹត្ត​ឡើង​ដើម្បី​ជា​មង្គល ឧទ្ទិស​ដល់​ការ​ចាប់ផ្តើម​រដូវ​ធ្វើស្រែ​ចម្ការ របស់​ប្រជា​កសិករ និង​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ ឱ្យ​បង្ហូរ​ទឹកភ្លៀង​បរិបូណ៌​តាម​រដូវ​កាល បម្រើ​ឱ្យ​វិស័យ​កសិកម្ម​គ្រប់​ប្រភេទ ទទួល បាន​ភោគផល​ខ្ពស់​។ ទន្ទឹម​នេះ​ដែរ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុក​ទេស ទៅ​តាម​ការ​បរិភោគ​របស់ «​គោ​ឧសភរាជ​»​។ ព្រះរាជ​ពិធីបុណ្យ​នេះ ក៏​ជា​ការ​ដាស់តឿន​ក្រើនរម្លឹក ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឱ្យ​បានដឹង​ថា រដូវ​ធ្វើស្រែ​ចម្ការ​បាន​ចូល​មក​ដល់​ហើយ​។

គួរ​រម្លឹក​ដែរ​ថា កាលពី​ឆ្នាំ​២០២៣ ព្រះរាជ​ពិធីបុណ្យ​ទ្វារ​ទស​មាស ច្រត់ព្រះនង្គ័ល​បាន ប្រារព្ធ​ធ្វើ​នៅ​កីឡដ្ឋាន​ខេត្តកំពង់ធំ ស្ថិត​នៅ​ភូមិ​រូង ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ និង​មានការ​អញ្ជើញ​ចូលរួម ពី​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំង​មានការ​ចូលរួម​ផង​ដែរ​ពី​សំណាក់​អង្គទូត នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​ផង​ដែរ​៕​​​

អត្ថបទសរសេរ ដោយ