រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ប្រាប់ឯកអគ្គរាជរដ្ឋទូតជប៉ុនថា តាមការព្យាករណ៍របស់សម្តេចនៅពេលអស់ចាស់ជ្រុលនិយមផ្នែកនយោបាយក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ ។
នៅក្នុងប្រជាធិបតេយ្យមិនត្រូវមានចលនាជ្រុលនិយមនោះទេ សូម្បីតែនៅប្រទេសបារាំងក៏មានការព្រួយបារម្ភនឹងចលនាជ្រុលនិយមរបស់លោកឡឺប៉ែនផងដែរ ។ ការបញ្ជាប់របស់សម្តេចតេជោ ក្នុងឱកាសចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយឯកឧ ត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅនិវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ្ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ។
នៅក្នុងជំនួបសម្តេចតេជោ បានស្នើឱ្យឯកឧត្តមឯកអគ្គរាជទូតចាំមើលថា នៅពេលដែលចលនាជ្រុលនិយមត្រូវកាត់បន្ថយនៅក្នុងតំបន់ស្ថានការណ៍ប្រជាធិបតេយ្យនឹងល្អប្រសើររួមទាំងកម្ពុជា ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ៖«តាមការព្យាករណ៍របស់ខ្ញុំ នៅពេលអស់ចាស់ជ្រុលនិយមក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ ។ នៅក្នុងប្រជាធិបតេយ្យមិនត្រូវមានចលនាជ្រុលនិយមនោះទេ សូម្បីតែនៅប្រទេសបារាំងក៏មានការព្រួយបារម្ភនឹងចលនាជ្រុលនិយមរបស់លោក ឡឺប៉ែន ផងដែរ ។ ការបោះឆ្នោត គឺដើម្បីសុខសុវត្ថិភាព សេចក្ដីសុខរបស់ប្រជាជនមិនមែន ដើម្បីធ្វើសង្គ្រាមនោះទេ ។ ចលនាជ្រុលនិយមអាចបង្កឱ្យមានសង្គ្រាម » ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងថា ប្រទេសនានាមានការរីកចម្រើនជឿនលឿនហើយ ក៏ប៉ុន្តែចំពោះកម្ពុជាយើងត្រូវតែរត់ក្នុងខណៈពេលដែលប្រទេសអភិវឌ្ឍន៍គេកំពុងតែដើរ ។ នៅក្នុងជួររាជរដ្ឋាភិបាលថ្មីមានយុវជនដែលមានសមត្ថភាពខ្ពស់ក្នុងការពន្លឿនវិស័យឌីជីថល ។ វិបត្តិតែងតែផ្តល់នូវកាលានុវត្តភាពកូវីដបានជំរុញកម្ពុជាឲ្យទៅមុខលឿនប្រាំឆ្នាំខាងឌីជីថល ។
ពេលកូវីដ សាលាត្រូវបិទ ដូច្នេះយើងត្រូវតែប្រើឌីជីថល ដើម្បីបន្តសកម្មភាពបង្រៀន ។ កាលពីមុនយើងបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើកំណែទម្រង់ រួមទាំងផ្នែកអភិបាលកិច្ច និងវិស័យពន្ធដារ ។ ក្នុងនោះយើងបានបើកប្រាក់ខែប្រាក់បៀវត្សរ៍តាមធនាគារ ទីមួយ ជាការពន្លឿនកិច្ចការ ទីពីរ ជាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយយើងបានកាត់មន្ត្រីខ្មោចចេញពីបញ្ជីឈ្មោះមន្ត្រីរាជការចំនួនពីរម៉ឺននាក់ ។ នៅក្នុងវិស័យពន្ធដារយើងបានជំរុញឱ្យមានការបង់ពន្ធអនឡាញ និងតាមធនាគារ ។
ជាមួយគ្នានោះដែរសម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់ជប៉ុន និងសូមលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងទៀតនៅក្នុងវិស័យនេះ ។ កម្ពុជាអាចជាកន្លែងមានបទពិសោធន៍ក្នុងវិស័យឌីជីថល ។
សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន គាត់បានផ្លាស់ប្តូរយោបល់ផងដែរ ទៅលើស្ថានការណ៍តំបន់ និងអន្តរជាតិ ដូចជា ស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា សង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ព្រមទាំងផលប៉ះពាល់នៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត នៅក្នុងសង្គម សេដ្ឋកិច្ចនៅក្នុងពិភពលោក ។
សម្ដេចតេជោ មានប្រសាសន៍ថា ឧបករណ៍សង្គ្រាម គឺជាផ្នែកមួយនៃការរីកលូតលាស់នៃបច្ចេកវិទ្យាដូចជា គ្រា.ប់កាំភ្លើ.ង កាំភ្លើ.ង យន្តហោះ … ។ល។ ប្រសិនបើពិភពលោកប្តូរពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើសង្គ្រាម មកប្រើប្រាស់នៅក្នុងសម្រាប់វិស័យសេដ្ឋកិច្ចវិញនោះ ការរីកចម្រើនរបស់ពិភពលោកនឹងមានកម្រិតខ្លាំងក្លា ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គរាជទូតបានលើកឡើងថា ឯកឧត្តម បានឮនូវសំឡេងឃោសនាបោះឆ្នោតដែលធ្វើឱ្យឯកឧត្តមយល់ដឹងអំពីសកម្មភាពនៃនយោបាយផ្ទៃក្នុងរបស់កម្ពុជា ឯកឧត្តមបានសម្តែងការវាយតម្លៃខ្ពស់ចំពោះការរៀបចំបោះឆ្នោតនៅកម្ពុជា ទោះជាបីជាការបោះឆ្នោតសកល ឬអសកលដែលបានធ្វើឡើងប្រាំឆ្នាំម្តង ។ ប្រទេសជប៉ុនគាំទ្រដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ។ ទាំងនេះ គឺជាការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងការជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ឯកឧត្ដម លើកឡើងថា សម្តេចតេជោ បានចូលកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជានៅប៉ុន្មានខែមុននេះ គឺពិតជាមានសកម្មភាពរវល់ច្រើនណាស់ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ។ សម្តេចបានជួបតាមវីដេអូ ជាមួយនឹងប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីនអ៊ុង លាំង ទទួលស្ដេចស៊ុលតង់ប្រ៊ុយណេ ហើយកាលពីម្សិលមិញទទួលគណៈប្រតិភូព្រឹទ្ធសភារបស់បារាំង ។
ជាមួយគ្នាដែរ ឯកឧត្តម បានឃើញថា សម្តេចធិបតីនាយករដ្ឋមន្ត្រី មានការងារយ៉ាងសកម្ម និងមមាញឹកក៏ដូចជា សម្តេចប្រធានរដ្ឋសភាផងដែរ ។ សន្តិភាព និងស្ថិរភាពមានសារៈសំខាន់ណាស់ បើប្រៀបធៀបទៅនឹងសភាពការណ៍ពិភពលោកសព្វថ្ងៃ រួមមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហានៅប្រទេសស្លូវ៉ាគី ៕
ចែករំលែកព័តមាននេះ