ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០១២ ត្រឹមជាអ្នកគាំទ្រម្នាក់ប៉ុណ្ណោះ ១២ឆ្នាំក្រោយដឹកនាំ Dortmund កក់កៅអីផ្តាច់ព្រ័ត្រ UCL

1 អាទិត្យ មុន

ប្រទេសបារាំង ៖ ក្រុមយក្សអាល្លឺម៉ង់ Borussia Dortmund បានបង្កើតភាពភ្ញាក់ផ្អើល ភ្ជាប់មក

ប្រទេសបារាំង ៖ ក្រុមយក្សអាល្លឺម៉ង់ Borussia Dortmund បានបង្កើតភាពភ្ញាក់ផ្អើល ភ្ជាប់មកជាមួយនឹងនូវការចងចាំដ៏ពិសេសសម្រាប់អ្នកគាំទ្ររបស់ខ្លួន ក្រោយបានទម្លាក់ក្រុមអ្នកមានបារាំង Paris Saint-Germain ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤។

បន្ទាប់ពីយកឈ្នះជើងទី១ នៅក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ លទ្ធផល ១-០ ក្នុងផ្ទះខ្លួនឯង នាកីឡដ្ឋាន Signal Iduna Park កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ សម្រាប់ជើងទី២ នៅឯកីឡដ្ឋាន Parc des Princes ឯណេះវិញ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ Dortmund បានយកឈ្នះម្ចាស់ផ្ទះ PSG លទ្ធផល ១-០ បន្តទៀត ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ជាលើកដំបូង ក្រោយខកខានអស់រយៈពេល១១ឆ្នាំ។

ការឡើងដល់វគ្គផ្តាច់ព្រ័ត្រចុងក្រោយរបស់ Dortmund សម្រាប់ពានរង្វាន់អឺរ៉ុបដ៏ធំមួយនេះ គឺកាលពីរដូវកាល ២០១២-១៣ បញ្ចប់ទៅនៅកីឡដ្ឋានជាតិ Wembley ចក្រភពអង់គ្លេសក្នុងនាមក្រុមរង​ជើង​ឯក ក្រោយចាញ់ Bayern Munich លទ្ធផល ២-០។ ក្រោយខកខានអស់រយៈពេល១១ឆ្នាំ ឥឡូវនេះ Dortmund ដែលធ្លាប់ឈ្នះជើងឯក Champions League ម្ដងគត់ កាលពីរដូវកាល ១៩៩៦-៩៧ បានត្រឡប់មកវិញហើយ ដោយត្រូវអរគុណកីឡាករទាំងអស់ និងជាពិសេសសម្រាប់ការដឹកនាំរបស់លោកគ្រូបង្វឹក Edin Terzić តែម្ដង។

ទន្ទឹមជាមួយការដឹកនាំដ៏ល្អដោយនាំ Dortmund ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រក្លិបនោះ សារព័ត៌មាន ESPN FC របស់សហរដ្ឋអាម៉េរិក បានធ្វើការបង្កោះរូបភាពអនុស្សាវរីយ៍មួយ ដោយភ្ជាប់ជាមួយសំណេរនៅលើបណ្ដាញសង្គមរបស់ខ្លួនថា «លោក Edin Terzic បានឈរក្នុងនាមជាអ្នកគាំទ្រម្នាក់ នៅពេល Borussia Dortmund ឈ្នះជើងឯកលីគ Bundesliga ក្នុងឆ្នាំ ២០១២។ ១២ ឆ្នាំក្រោយមក គាត់ដឹកនាំ Dortmund ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League លើកដំបូងរបស់ពួកគេក្នុងរយៈពេលជាង១ទសវត្សរ៍»។

លោក Edin Terzić ត្រូវបានក្រុម Borussia Dortmund ប្រកាសថាក្លាយជាគ្រូបង្វឹកបណ្ដោះអាសន្នពួកគេរហូតចប់រដូវកាល ២០២០-២១ ជំនួសលោក Lucien Favre ដែលត្រូវបណ្ដេញចេញពីតំណែង មុនពេលលោក Marco Rose ចូលមកកាន់កាប់តំណែងនេះ។ លោក Edin Terzić បានក្លាយជាគ្រូបង្វឹកពេញសិទ្ធិរបស់ Dortmund នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយបានចុះហត្ថលេខារហូតដល់ឆាំ្ន ២០២៥ ពោលក្រោយពេលលោក Marco Rose ត្រូវបានបណ្ដេញចេញពីតំណែង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំដដែល។

Dortmund ក្រោមការដឹកនាំរបស់លោក Edin Terzić គ្រូបង្វឹកជនជាតិអាល្លឺម៉ង់វ័យ៤១ឆ្នាំ បានឈ្នះពានរង្វាន់ DFB-Pokal នៅរដូវកាល ២០២០-២១ ដូច្នេះគ្រប់គ្នាកំពុងទន្ទឹងរង់ចាំមើលថា តើលោក Edin Terzić ដែលក្លាយជាគ្រូបង្វឹកអាជីពនៅឆ្នាំ ២០១៨ និងមិនធ្លាប់ដឹកនាំក្រុមណាផ្សេងក្រៅពី Dortmund នោះ អាចដឹកនាំឈ្នះពានរង្វាន់ Champions League រដូវកាលនេះបានដែរឬទេ?

គួរបញ្ជាក់ថា ស្តេចស Real Madrid នឹងបើកទ្វារកីឡដ្ឋាន Santiago Bernabéu ទទួលក្រុមភ្ញៀវ Bayern Munich សម្រាប់ការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី៨ ខែឧសភា វេលាម៉ោង ០២:០០នាទីរំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃទី៩ ខែឧសភា ខណៈកាលពីជើងទី១ ក្រុមទាំងពីរស្មើគ្នាបានបញ្ចប់ទៅលទ្ធផល ២-២។ អ្នកឈ្នះនឹងឡើងទៅជួប Dortmund នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋានជាតិ Wembley នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤៕ (ប្រភព ៖ ESPN FC រូបភាព ៖ Reuters និង Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ