ទីក្រុងប៉េកាំង៖ មានហេតុការណ៍ដេញចាក់មនុស្សនឹងកាំបិតមុតស្រួចនៅក្នុងមន្ទីរពេទ្យប្រទេសចិននៅថ្ងៃអង្គារបណ្ដាលឱ្យមនុស្សយ៉ាងតិច២នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង២១នាក់រងរបួស។ នេះបើតាមការជូនដំណឹងពីអាជ្ញាធរមូលដ្ឋាន។ សមត្ថកិច្ចបានបង្ហោះបន្ថែមនៅលើបណ្ដាញវីឈែតថា (WeChat) ហេតុការណ៍នេះកើតឡើងនៅមន្ទីរពេទ្យខេត្តយុនណាន។

លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថាជនសង្ស័យដែលចាក់មនុស្សឆៅៗនឹងកាំបិតនេះជាមនុស្សប្រុស។ គាត់ជាអ្នកភូមិរស់នៅក្នុងខេត្តយុនណាន។ ឥឡូវនេះ អ្នករបួសទាំងប៉ុន្មានត្រូវគេដឹកយកទៅមន្ទីរពេទ្យ។ អាជ្ញាធរនៅតែបន្តស៊ើបអង្កេតសំណុំរឿងនេះយ៉ាងក្ដៅគគុកដើម្បីចង់ដឹងថាតើមានអ្នកសមគំនិត, អ្នករៀបផែនការ ឬអ្នកជាប់ពាក់ព័ន្ធដទៃទៀតដែរឬទេ។

តាមរយៈរូបថតសន្លឹកដែលផ្សព្វផ្សាយនៅលើគេហទំព័រជាផ្លូវការបស់រដ្ឋ គេឃើញបុរសម្នាក់យកកាំបិតភ្ជង់បុរសម្នាក់ទៀត។ បុរសម្នាក់ទៀតនោះកាន់ឈើជ្រុងគ្រវីចុះឡើងៗនៅក្នុងសាលធំនៃមន្ទីរពេទ្យ។ រូបថតខ្លះទៀតបង្ហាញរូបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។ សាក្សីម្នាក់ដែលរស់នៅម្ដុំនោះប្រាប់ថាហេតុការណ៍នេះកើតឡើងនៅម្ដុំម៉ោង១១ព្រឹកថ្ងៃអង្គារ។ ទិដ្ឋភាពនៅពេលនោះរាងរញ៉េរញ៉ៃបន្តិច។ គេមិនចាំច្បាស់ថាមានមនុស្សនៅកន្លែងកើតហេតុប៉ុន្មាននាក់ពិតប្រាកដទេ។

នៅប្រទេសចិន ការប្រព្រឹត្តបទឧក្រិដ្ឋឃោរឃៅនៅទីសាធារណៈបែបនេះមិនសូវកើតមានទេព្រោះប្រទេសចិនមានច្បាប់តឹងរ៉ឹង មិនអនុញ្ញាតឱ្យជនស៊ីវិលកាន់អាវុធជាដាច់ខាត។ ដូច្នេះ នៅពេលដែលកាន់អាវុធមិនបានហ្នឹងហើយដែលមនុស្សដែលមានចិត្តចង់ប្រព្រឹត្តហិង្សា ឬប្រព្រឹត្តមនុស្សឃាតក៏ងាកមកប្រើកាំបិតជាអាវុធមុតស្រួចសម្រាប់វាយប្រហារវិញម្ដង។ ករណីយកកាំបិតដេញចាក់អ្នកដទៃនៅក្នុងទីសាធារណៈចាប់ផ្ដើមកើតមានញឹកញាប់ជាងមុននៅប្រទេសចិនសព្វថ្ងៃនេះ។

ខាងក្រោមនេះជាប្រវត្តិសាវតារនៃការយកកាំបិតមុតស្រួចដេញចាក់មនុស្សរហូតដល់ស្លាប់ និងរបួស។
– ខែសីហា ឆ្នាំ២០២២ មានករណីដេញចាក់មនុស្សនឹងកាំបិតនៅក្នុងសាលាមត្តេយ្យនៃខេត្តជាំងស៊ី (Jiangxi) បណ្ដាលឱ្យស្លាប់មនុស្ស៣នាក់ និងរបួស៦នាក់។
– ខែកក្កដា ឆ្នាំ២០២៣ មានករណីដេញចាក់មនុស្សនឹងកាំបិតនៅខេត្តក្វាងទុងបណ្ដាលឱ្យស្លាប់មនុស្ស៦នាក់ និងរបួសម្នាក់។ ហេតុការណ៍នេះក៏កើតឡើងនៅក្នុងសាលាមត្តេយ្យផងដែរ។
– ខែសីហា ឆ្នាំ២០២៣នៅក្នុងខេត្តយុនណានដដែលនេះ មានករណីបុរសម្នាក់មានជំងឺផ្លូវចិត្តយកកាំបិតដេញចាក់មនុស្សពាសវាលពាសកាល។ មនុស្សយ៉ាងតិច២នាក់បានស្លាប់នៅក្នុងហេតុការណ៍នោះ ខណៈដែលមនុស្ស៧នាក់ទៀតរងរបួស៕


ចែករំលែកព័តមាននេះ