ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមិត្តរួមក្រុមកីឡាករ ចាន់ វឌ្ឍនាកា ត្រូវជនមិនស្គាល់មុខជះទឹកអាស៊ី.តដាក់យ៉ាងរន្ធ.ត់

6 ខែ មុន

ប្រទេសម៉ាឡេស៊ី ៖ ជារឿងដ៏តក់ស្លុតបំផុតមួយ សម្រាប់វិស័យបាល់ទាត់នៅក្នុងប្រទេសម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ី ៖ ជារឿងដ៏តក់ស្លុតបំផុតមួយ សម្រាប់វិស័យបាល់ទាត់នៅក្នុងប្រទេសម៉ាឡេស៊ី ក្រោយពេលកីឡាករ Faisal Halim ខ្សែបម្រើស្លាបដ៏ឆ្នើមក្រុម Selangor FC និងក្រុមជម្រើសជាតិម៉ាឡេស៊ី ត្រូវបានជនមិនស្គាល់មុខជះទឹកអាស៊ីតដាក់នៅក្នុងផ្សារទំនើបមួយកន្លែង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលបណ្តាលឱ្យរងរបួសរលាកកម្រិតទី២។ នេះបើតាមការបញ្ជាក់ពីលោក Najwan Halimi ប្រធានគណៈកម្មាធិការយុវជន កីឡា និងសហគ្រិន ហើយក៏ជាក្រុមប្រឹក្សាប្រតិបត្តិនៃរដ្ឋ សេឡាន់ង័រ (Selangor) ផងដែរ។

ប្រភពពីសារព័ត៌មានម៉ាឡេស៊ី The Star និង Malay Mail បានឱ្យដឹងថា ខ្សែបម្រើស្លាប Faisal អាយុ២៦ឆ្នាំ ដែលមានគ្រាប់ស៊ុតបញ្ចូលទីល្អបំផុត ឬ Goal of the Tournament នៅពានរង្វាន់ AFC Asian Cup នោះ ត្រូវបានជនមិនស្គាល់ម្នាក់ជះសារធាតុរាវដាក់ ដែលគេជឿថាជាទឹកអាស៊ីត នៅពេលកីឡាកររូបនេះ ស្ថិតនៅក្នុងផ្សារទំនើបដ៏មានប្រជាប្រិយភាពមួយកន្លែងនៅសង្កាត់ Kota Damansara នៃទីក្រុង ប៉េតាលីងចាយ៉ា (Petaling Jaya)។ បច្ចុប្បន្ន Faisal កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ បន្ទាប់ពីរលាកផ្នែកជាច្រើននៃរាងកាយដូចជា ជុំវិញក ស្មា ដៃ និងទ្រូង។

ប្រភពដដែលបានបន្តថា កីឡាកររូបនេះ ក៏បានទាក់ទងតាមទូរសព្ទជាមួយនឹងអ្នកគ្រប់គ្រងក្លិប Selangor ហើយបានប្រាប់ថា Faisal បានធូរស្បើយគ្រាន់បើហើយ។ ស្របពេលលោក Najwan Halimi ដែលជាសមាជិកសភា១រូបផងនោះ ក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ។ ជាមួយគ្នានេះ លោក Datuk Hamidin Mohd Amin ប្រធានសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) លើកឡើងថា លោកបានណែនាំ Faisal ឱ្យបំភ្លេចបាល់ទាត់នាពេលនេះ ហើយយកចិត្តទុកដាក់តែលើការសម្រាកព្យាបាលរបួស។

គួរបញ្ជាក់ថា កីឡាករ Faisal Halim គឺជាអតីតមិត្តរួមក្រុមកីឡាករ ចាន់ វឌ្ឍនាកា កាលពីនៅក្លិប Pahang FA (បច្ចុប្បន្ន Sri Pahang FC) ដោយ Faisal រួមរស់ជាមួយ Pahang FA នៅចន្លោះឆ្នាំ ២០១៦ ដល់ ២០២០ រីឯកីឡាករ ចាន់ វឌ្ឍនាកា បានចុះកុងត្រា១រដូវកាលជាមួយនឹង Pahang FA នៅដើមឆ្នាំ ២០១៨។

កីឡាករ ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធឆ្នើមក្លិបបឹងកេត និងក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ក៏បានបង្ហោះសារលើបណ្តាញសង្គម Instagram ក្រោយទទួលបានដំណឹងដ៏អាក្រក់កើតឡើងលើអតីតមិត្តរួមក្រុម Pahang FA របស់ខ្លួន ហើយព្រមទាំងបានជូនពរ Faisal ឆាប់ជាសះស្បើយផងដែរ។

រឿងហេតុកើតឡើងលើកីឡាករ Faisal គឺជារឿងដ៏តក់ស្លុតទី២ សម្រាប់វិស័យបាល់ទាត់ម៉ាឡេស៊ីក្នុងសប្តាហ៍ជាមួយគ្នានេះ ដោយកាលពីថ្ងៃទី២ ខែឧសភា កន្លងទៅ កីឡាករ Akhyar Rashid ខ្សែបម្រើស្លាបក្លិប Terengganu FC និងជាមិត្តរួមក្រុមជម្រើសជាតិកីឡាករ Faisal នោះ ត្រូវបានចោរមានគ្នា២នាក់វាយប្លន់ បណ្តាលឱ្យរបួសក្បាល និងជើង។

ប្រភពពីសារព័ត៌មាន Free Malaysia Today បានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅក្រៅផ្ទះកីឡាករអាយុ២៥ឆ្នាំរូបនេះ ស្ថិតនៅទីក្រុង កូឡា តេរ៉ែងហ្គានូ (Kuala Terengganu) នៃរដ្ឋ តេរ៉ែងហ្គានូ ពោលនៅពេលរូបគេចេញពីរថយន្តរបស់ខ្លួន បន្ទាប់ពីវិលត្រឡប់ពីកន្លែងហ្វឹកហាត់នៅឯកីឡដ្ឋាន Sultan Mizan Zainal Abidin វិញ នៅវេលាម៉ោងប្រហែល ៨:៣០នាទីយប់។

កីឡាករ Akhyar រងរបួសក្បាលប្រវែង៤សង់ទីម៉ែត្រ ដោយត្រូវដេរ៤ថ្នេរ និង ២ថ្នេរនៅជើងខាងឆ្វេង មុនពេលត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ Sultanah Nur Zahirah។ សំណុំរឿងនេះកំពុងត្រូវបានស៊ើបអង្កេតតាមមាត្រា ៣៩៤ នៃក្រមព្រហ្មទណ្ឌ ដែលនឹងត្រូវប្រឈមមុខការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ