ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ជិតគ្រប់ខែ ប្ដីដើរ​ឆ.ក់ត្រីលក់រកប្រាក់ទុក​សម្រាល បែរជួបរឿងអកុស.ល

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់គ្មានមុខរបររកស៊ីអ្វីពិតប្រាកដដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់គ្មានមុខរបររកស៊ីអ្វីពិតប្រាកដ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារនោះទេ ហើយប្រពន្ធក៏មានផ្ទៃពោះ៨ខែទៀតផង ដោយខ្វល់ខ្វាយគ្មានប្រាក់ ដើម្បីទុកសម្រាប់ឱ្យប្រពន្ធសម្រាលកូននាពេលខាងមុខនោះ គាត់ក៏បានទិញត្រីនៅក្នុងស្រះមួយកន្លែង ដើម្បីបូមនិងឆក់យកត្រីលក់គ្រាន់និងបានប្រាក់ចំណេញខ្លះ ។ ខណៈបូមបណ្ដើរឆក់បណ្ដើរនិងបានត្រីខ្លះៗហើយដែរ លុះចុងក្រោយពេលដែលបូមទឹកស្ទើរតែរីងទាំងស្រុងអស់ទៅហើយនោះ គាត់ក៏បន្តឆក់ដោយប្រើឧបករណ៍ឆក់ត្រីដែលបំប្លែងពីភ្លើងអាគុយ ប៉ុន្តែជាអកុសលស្រាប់តែឆក់ស្លាប់ខ្លួន​ឯង​ចោលប្រពន្ធទៅវិញ។

ឧប្បត្តិហេតុខាងលើនេះបានកើតឡើង​កាលពី​វេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ចំណុចស្រះទឹកមួយន្លែងដែលមានទីតាំងស្ថិតនៅក្នុងបរិវេណអតីតទីលានប្រណាំងរថយន្ត ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បុរសរងគ្រោះរូបនោះឈ្មោះ ប៊ូ ម៉ាណា អាយុ២៤ឆ្នាំ មានប្រពន្ធឈ្មោះ ឌឿន អែម អាយុ២៣ឆ្នាំ មានផ្ទៃពោះ៨ខែ អ្នកទាំង២ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានទីលំនៅភូមិប្របបឹង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមការពិនិត្យកោសល្យវិច័យពីសំណាក់នគរបាលនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ រក​ឃើញនៅ​លើខ្លួនសពមានស្លាកស្នាមពងលើស្មាខាងស្ដាំចំនួន​៣​កន្លែងឆេះស្លោកស្បែក ដែលតាមការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនីឧបករណ៍ឆក់ត្រីប្រាកដមែន ។

នាងជាប្រពន្ធដែលកំពុងពពោះ៨ខែបាននិយាយប្រាប់នគរបាលថា ដោយសារតែគ្មានប្រាក់សម្រាប់ទុកឱ្យនាងសម្រាលកូននាពេលខាងមុខនោះ ប្ដីរបស់នាងបានទិញត្រីនៅក្នុងស្រះទឹកខាងលើពីម្ចាស់ស្រះ ដើម្បីបូមទឹកចាប់និងឆក់ត្រីលក់គ្រាន់បានប្រាក់ចំណេញខ្លះទុកសម្រាប់ឱ្យនាងសម្រាលកូន។ ម្ចាស់ស្រះបានលក់ត្រីទាំងអស់នៅក្នុងស្រះនោះក្នុងតម្លៃ៨០,០០០រៀល(ប្រាំបីម៉ឺនរៀល) ប៉ុន្តែប្ដីនាងអត់ទាន់មានលុយឱ្យម្ចាស់ស្រះនៅឡើយទេដោយរង់ចាំចាប់ត្រីលក់បានលុយសិន ។

នាងបាននិយាយបន្តទៀតថា បន្ទាប់ពីនិយាយត្រូវរ៉ូវថ្លៃគ្នាហើយ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ប្ដីនាងបានចាប់ផ្ដើមបូមទឹកបណ្ដើរនិងឆក់ត្រីបណ្ដើរ ហើយបានត្រីជារៀងរាល់ថ្ងៃផងដែរ រហូតដល់វេលាម៉ោងប្រមាណ៨យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ។ ខណៈបូមទឹករីងស្ទើរតែទាំងស្រុងទៅហើយ ប្ដីនាងបានចុះទៅឆក់ត្រីក្នុងនៅក្នុងស្រះនោះទៀត និងបានប្រើភ្លើងពិលពាក់លើក្បាល លុះមួយសន្ទុះក្រោយមក ស្រាប់បាត់មិនឃើញពន្លឺភ្លើងពិល ដែលប្ដីនាងពាក់ក្បាល។

ស្ត្រីដដែលបានប្រាប់នគរបាលបន្ថែមទៀតថា ពេលនោះនាងបានបញ្ចាំងពិលមើលពីលើមាត់ស្រះទៅ ស្រាប់តែឃើញប្ដីនាងដួលផ្កាប់មុខនៅក្នុងទឹក ហើយនាងសង្ស័យថាប្ដីឆក់ចរន្តអគ្គិសនីឧបករណ៍​ឆក់ត្រី ទើបរត់ទៅស្រែកហៅឱ្យអ្នកភូមិឱ្យជួយ។ ភ្លាមៗនោះមានអ្នកភូមិ៣ទៅ៤នាក់ រត់ទៅរួចបានចុះទៅក្នុងទឹក ទាញលើកប្ដីនាងខ្ឡើងគោកជួយធ្វើចលនាសង្គ្រោះ បឋម រួចដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែជាអកុសលពេទៅដល់គ្រូពេទ្យពិនិត្យនិងប្រាប់ថាប្ដីនាងខ្ញុំស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសាកសពនិងកន្លែងកើតហេតុទាំងយប់ ហើយសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនីឧបករណ៍ឆក់ត្រីប្រាកដមែន ។ ដោយសារតែមានការអាណិតអាសូរចំពោះស្ត្រីជាប្រពន្ធជនរងគ្រោះខ្លាំងពេក លោកវរសេនីយ៍ឯកហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល ក៏បានឧបត្ថម្ភប្រាក់មួយចំនួនដល់នាង ហើយនៅវេលាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ លោកអធិការក៏បានដឹកនាំកម្លាំងនគរបាលជំនាញចុះត្រួតពិនិត្យទីតាំងកើតហេតុបន្តទៀតផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ