ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ដោយសារសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ កម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងនោះនឹងធ្វើឲ្យខេត្តចំនួន១២ អាចទទួលរបបទឹកភ្លៀងចាប់ពី១៥ ទៅ២៥ភាគរយ ។
ប្រភពដដែលបានឲ្យដឹងថា តាមការព្យាករណ៍ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សីតុណ្ហភាពនៅទូទាំងកម្ពុជាក្តៅបំផុត គឺនៅតំបន់ខ្ពង់រាប តែសីតុណ្ហភាពមិនអាចឡើងលើសពី៣៩អង្សាសេរឡើយ។

ផ្អែកតាមការព្យាករណ៍នេះ ខេត្តនៅតំបន់វាលទំនាបដូចជា នៅស្វាយរៀង ព្រៃវែង កណ្តាល កំពង់ចាម អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ១៥ភាគរយ ។
ប្រភពដដែលបានបន្ថែមទៀតថា នៅតំបន់ខ្ពង់រាបខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី ដូចនេះខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២៥ ភាគរយ ។
ប្រភពដែលបានបន្ថែមថា សម្រាប់តំបន់មាត់សមុទ្រវិញ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០% ហើយ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ ។

ផ្អែកតាមស្ថានភាពអាកាសធាតុបែបនេះ បញ្ជាក់ថា រដូវវស្សានៅប្រទេសកម្ពុជាដែលមាន ចាប់ពីខែឧសភា ដល់ខែតុលា នោះ គឺបានចាប់ផ្តើមបណ្តើរៗគ្រាន់តែរបាយទឹកភ្លៀង ដែល បង្អុរចុះមកនោះ គឺមិនស្មើរគ្នាដោយវារប៉ាត់រប៉ាយភ្លៀងជាដុំៗ ។
ស្ថានភាពអាកាសធាតុបែបនេះបានធ្វើឲ្យកម្ពុជាអាចគេចផុតបានពីការវាយប្រហារដោយរលកកម្តៅ ដែលបានចាប់ផ្តើម កាលពីខែមេសារហូតដល់ដើមខែឧសភាសីតុណ្ហភាព នៅកន្លែង ខ្លះបានឡើងដល់៤៣អង្សាសេ ៕ ដោយៈ ស ផាន់
ចែករំលែកព័តមាននេះ