ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​ និង​ទីផ្សារ​ធ្វើបាប​អ្នក​ដាំ​ទុរេន ​៖ ផល​មិនសូវ​បាន​ហើយ​ធ្លាក់​តម្លៃ​ទៀត

1 អាទិត្យ មុន

អាកាសធាតុ​ក្តៅ និង​គ្មាន​ភ្លៀង​កក់ខែ នៅ​ក្នុងឆ្នាំនេះ បាន​ធ្វើ​ឲ្យ​ទុរេន​ធ្លាក់​ទាំង​ទិន្នផល និង​ធ្លាក់​ទាំង​តម្លៃ ។ លោកស្រី ប៉ែន ឃី​វ ជា​អ្នក​ប្រមូល​ទិញ​ទុរេន​កំពត​បានអោយ​ដឹង​ថា…

អាកាសធាតុ​ក្តៅ និង​គ្មាន​ភ្លៀង​កក់ខែ នៅ​ក្នុងឆ្នាំនេះ បាន​ធ្វើ​ឲ្យ​ទុរេន​ធ្លាក់​ទាំង​ទិន្នផល និង​ធ្លាក់​ទាំង​តម្លៃ ។ លោកស្រី ប៉ែន ឃី​វ ជា​អ្នក​ប្រមូល​ទិញ​ទុរេន​កំពត​បានអោយ​ដឹង​ថា ការ​ដាំ​ដុះ​ដំណាំ​ទុរេន កំពត​របស់​ប្រជា​កសិករ​នៅ​ឆ្នាំ​នេះ​ហាក់​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ដូច​ជា ការ​កើត​មាននូវ​ជំងឺ​ផ្សេង​ៗ​ដែល​ត្រូវការ​ថែទាំ​ឱ្យ​បាន​ដិត​ដល់ និង​ជា​ពិសេស គឺ​ផល​ប៉ះពាល់​ដោយសារ​ការ​គំរាមកំហែង​ពី​បាតុភូត​អែ​ល​នី​ណូ បាន​ធ្វើ​ឱ្យ​អាកាសធាតុ​ក្តៅ​ខ្លាំង និង​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ដែល​ធ្វើ​ឱ្យ​ផ្លែ​ទុរេន​មិន​អាច​រីក​ធំធាត់​បាន​ល្អ និង​មានការ​ប្រេះ ឬ​ជ្រុះ មុន​ពេល​ប្រមូល​ផល​ជាដើម ។

បើ​តាម​អ្នកជំនាញ​រូប​នេះ​បញ្ហា​ទាំងនេះ កំពុង​ជះ​ឥទ្ធិពល​ដល់​គ្រប់​ប្រជា​កសិករ​ដាំ​ទុរេន​ទាំងអស់​នៅ​ក្នុង​ខេត្តកំពត ហើយ​វា​នឹង​អាច​ទាញ​ទម្លាក់​ទិន្នផល​ទុរេន​របស់​ពួក​គាត់​នៅ​ឆ្នាំ​នេះ​ឱ្យ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ផង​ដែរ បើ​ទោះបីជា​មានការ​បង្កើន​ការ​ដាំ​ដុះ​បន្ថែម​យ៉ាងណា​ក្តី ។

លោកស្រី ប៉ែន ឃី​វ បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​ទិ​ន្និ​ផល ទុរេន​ឆ្នាំ​ហ្នឹង​ទទួលផល​បាន​តែ​៣០​ភាគរយ ទៅ​៤០​ភាគរយ​ទេ​ធៀប​នឹង​ឆ្នាំ​មុន ។ បើ​យើង​និយាយ​ទៅ​បាន​តិច​មែនទែន ព្រោះ​អី​អាកាសធាតុ​ក្តៅ​ពេក​» ។ លោកស្រី ប៉ែន ឃី​វ បានឱ្យ​ដឹង​ដែរ​ថា មក​ទល់​ពេល​នេះ​ដំណាំ​ទុរេន​របស់​ប្រជា​កសិករ​នៅ​ខេត្តកំពត បាន​ប្រមូល​ផល​ជា​បណ្តើរ​ៗ​ហើយ ប៉ុន្តែ​សម្រាប់​តម្លៃ​ទុរេន​កំពត នៅ​ដើមរដូវ ដែល​តែងតែមាន​តម្លៃ​ខ្ពស់​នា​ពេល​កន្លង​មក​នោះ នៅ​ឆ្នាំ​នេះ​ហាក់​មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ពោល គឺ​បច្ចុប្បន្ន​អាច​លក់​បាន​ក្នុង​រង្វង់​ជាង​២​ម៉ី​ន​រៀល​ក្នុង​១​គីឡូក្រាម​តែ​ប៉ុណ្ណោះ​ទៅ​តាម​គុណភាព និង​ប្រភេទ​នីមួយ​ៗ ខណៈ​កាលពី​ឆ្នាំ​មុន គឺ​អាច​លក់​បាន​ក្នុង​តម្លៃ​ជិត​៤​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម​ឯណោះ ។ ការ​ធ្លាក់​ថ្លៃ​នេះ​ត្រូវ​បាន​អ្នកជំនាញ​រូប​នេះ​វាយតម្លៃ​ថា គឺ​ដោយសារ​តែ​ឥទ្ធិពល​នៃ​ទុរេន​នាំ​ចូល​ពី​ខាងក្រៅ​ច្រើន​ដែល​មាន​តម្លៃ​ទាប​ជាង​ទុរេន​ក្នុងស្រុក ហើយ​ទុរេន​ក្នុងស្រុក​ធ្លាក់​ចុះ​ទិន្នផល ។

លោកស្រី ប៉ែន ឃី​វ បន្ត​ថា «​ឆ្នាំ​មុន​ៗ​ឪ​ខាក់​ចេញ​ដំបូង​១​គីឡូក្រាម ៣​ម៉ី​ន​៥​ពាន់​រៀល ម៉ា​ន់​ថង​ចេញ​ដំបូង​គឺ​៣​ម៉ី​ន​៧​ពាន់​រៀល ។ ប៉ុន្តែ​ឆ្នាំ​មុន​ៗ​យើង​ទទួលផល​បាន​លឿន​ជាង​ឆ្នាំ​នេះ ។ ឆ្នាំ​នេះ​ដោយសារ​វា​ក្តៅ​ពេក​ទទួលផល​បាន​យឺត ហើយ​តម្លៃ​ធ្លាក់​ចុះ​ដោយសារ បើ​យើង​អត់​លក់​ចេញ​អ្នកចម្ការ​គាត់​ទម្លាក់​តម្លៃ​តាម​ទីផ្សារ ។ ទីផ្សារ​វា​មាន​ទុរេន​ច្រើន​ណាស់ ប៉ុន្តែ​អ្នក​ដែល​ស្គាល់​ទុរេន​ពិត​មាន​តិច អ៊ីចឹង​បើ​អ្នកចម្ការ គាត់​អត់​ប្រមូល​លក់​ក្នុង​តម្លៃ​ដែល​ថា សមរម្យ វ៉ៃ​ចេញ​ទេ គឺ​អ្នកចម្ការ​យំ​ទឹកភ្នែក​ហើយ​» ។

មិន​ខុស​គ្នា​នោះ​ទេ កញ្ញា ប៉ូ លៀង​មួយ ជា​អ្នក​ដាំ​ដំណាំ​សា​ម៉ា​វ បាន​អះអាង​ថា ការ​ដាំ​ដុះ​ដំណាំ​សាវម៉ាវ​របស់​ប្រជា​កសិករ​នៅ​ឆ្នាំ​នេះ ពិតជា​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ប្រាកដ​មែន ដោយ​តម្រូវ​ចាយ​ដើមទុន​ច្រើន​លើ​ការ​ស្រោចស្រព និង​ជី​កសិកម្ម ។
សូម​បញ្ជាក់​ថា តាម​របាយការណ៍​ពី​មន្ទីរ​កសិកម្ម​ខេត្តកំពត បាន​បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ ផ្ទៃដី​ដាំ​ដុះ​ទុរេន​នៅ​ក្នុង​ខេត្តកំពត មាន​ចំនួន​ប្រមាណ​ជាង​១​ពាន់​៧​រយ​ហិច​តា​ដែល​ជា​មធ្យម​អាច​ប្រមូល​ផល​បាន​ប្រមាណ​១៥​តោន​ក្នុង​មួយ​ហិកតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ