ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងចំណេញថ្លៃដឹកជញ្ជូនប្រហែល៨៨​លានដុល្លារ ក្នុង១ឆ្នាំ ពីគម្រោងព្រែកជីក​ហ្វូណន-តេជោ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍

រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថាកម្ពុជារំពឹងថាអាចនឹង​ចំណេញ៨៨​លានដុល្លារក្នុងមួយឆ្នាំពីការដឹកជញ្ជូនតាមព្រែកជីកហ្វូណន-តេជោ ហើយនឹងអាចកើនឡើងដល់ ៥៧០លានដុល្លារ ក្នុងមួយឆ្នាំ នៅឆ្នាំ២០៥០។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ អំឡុងពេលធ្វើបទបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាក្នុងការអូសទាញវិនិយោគ និងអំពីផែនការរួមទាំងសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាលអាណិត្តទី៧ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា យោងតាមមូលដ្ឋាននៃការគណនា EIRR គម្រោងនេះរំពឹងថា នឹងនាំអត្ថប្រយោជន៍ជាច្រើនមកកាន់សេដ្ឋកិច្ចកម្ពុជាដូចជា អត្រានៃការផ្ដល់ការងារធ្វើជូនពលរដ្ឋ, ផលចំណូលថវិកាជាតិពីពន្ធដារ, និងចំណូលបានពីវិស័យនគរូបនីយកម្ម សំណង់ និងអចលនទ្រព្យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា គម្រោងទាំងអស់ប្រសិនបើលទ្ធផលនៃការគណនា EIRR ទាបជាង ១២ភាគរយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬធនាគារពិភពលោក មិនឱ្យថវិកាដើម្បីកសាងទេ លុះត្រា EIRR តិចបំផុតបាន ១២ភាគរយ ទើបគេឱ្យថវិកា។ ប៉ុន្តែសម្រាប់គម្រោងនេះ EIRR ឡើងរហូតដល់ទៅ ៣០ភាគរយ ដែលមិនធ្លាប់មានលើគម្រោងនានាពីមុនមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ផលប្រយោជន៍ផ្សេងទៀតរួមមាន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗ, ការពង្រីកតំបន់អភិវឌ្ឍសម្រាប់កសិកម្ម ធារាសាស្ដ្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ និងជួយគាំទ្រប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះ គ្រោងចាយទុនប្រមាណ​១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានប្រើរយៈពេលប្រមាណ ២៦ខែ ដើម្បីសិក្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ