ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹក​សម្អុយ​ហូរ​ចេញពី​រោងចក្រ​កែ​ច្នៃ​ផ្លែស្វាយ​ចូល​ក្នុង​អូរ​ត្រែង ​បង្កឱ្យពុ.ល​ត្រី​ងា.ប់​​

2 អាទិត្យ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់ទឹក ​«​អូរ​ត្រែង​» បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ឧសភា ក្រោយ​ពី​គេ​បាន​ប្រទះ​ឃើញ​ត្រី​ពុល​ទឹក​ងាប់​រាយ​ប៉ាយ​ពេញ​ដងអូរ រីឯ​ទឹកអូរ​ក៏​មាន​ក្លឹ​ន​ស្អុយ​ដែល​មិន​អាច​ប្រើប្រាស់​បាន ដែល​គេ​សង្ស័យ​ថា…

​ខេត្តបាត់ដំបង ​៖ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់ទឹក ​«​អូរ​ត្រែង​» បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ឧសភា ក្រោយ​ពី​គេ​បាន​ប្រទះ​ឃើញ​ត្រី​ពុល​ទឹក​ងាប់​រាយ​ប៉ាយ​ពេញ​ដងអូរ រីឯ​ទឹកអូរ​ក៏​មាន​ក្លឹ​ន​ស្អុយ​ដែល​មិន​អាច​ប្រើប្រាស់​បាន ដែល​គេ​សង្ស័យ​ថា ទឹក​សម្អុយ​ដែល​មាន​សារធាតុពុល​នោះ ត្រូវ​គេ​បង្ហូរ​ចេញពី​ក្នុង​រោងចក្រ​កែ​ច្នៃ​ផ្លែស្វាយ​មួយ​កន្លែង នៅ​ក្បែរ​មាត់​មាត់​អូរ​នោះ នៅ​ចំណុច​ភូមិ​ស្វាយសរ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ហើយ​គេ​បាន​រាយ​ការ​ណ៍ប្រាប់​អាជ្ញាធរ​ភ្លាម​ៗ​ដែរ​។

អ្នក​ភូមិ​បាន​និយាយ​ថា រយៈពេល​៣ ​ទៅ​៤​ថ្ងៃមុន​នេះ គេ​ឃើញ​ទឹកអូរ​ខាងក្រោយ​ភូមិប៉ែក​ខាងក្រោមនៃ​រោងចក្រ​កែ​ច្នៃ​ផ្លែស្វាយ មាន​សភាព​ចម្លែក​ខុស​ប្រក្រតី ឡើង​ព​ណ៌ខ្មៅ ​ហើយ​ធុំ​ក្លិនស្អុយ ​។ លុះ​នៅ​រសៀល​ថ្ងៃ​ទី០៣ ឧសភា ពេល​អ្នក​ភូមិ​ទៅ​បូមទឹក​ដាក់​ដំណាំ ស្រាប់តែ​គេ​ប្រទះ​ឃើញ​មាន​ត្រី​ងាប់​ព្រាត​ពេញ​ដងអូរ ទឹក​កាន់តែ​ឡើង​ព​ណ៌​ខ្មៅ និងកាន់តែ​ធំ​ក្លិនស្អុយ មិន​អាច​ប្រើប្រាស់បាន ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

អ្នកស្រី ណាំ ស៊ី​ណាត បាន​ដែល​រស់នៅ​ក្បែរ​មាត់​អូរ​ក្បែរ​ចំណុច​កើតហេតុ បាន​ប្រាប់​កោះសន្តិ​ភាពនៅ​ព្រឹក​ថ្ងៃ​ទី ០៤ ឧសភា ថា អ្នក​ភូមិ​តែង​ប្រើប្រាស់​ទឹកអូរ​ខាងក្រោយ​ភូមិ​នេះ​ជា​ប្រចាំ ទាំង​ដាំ​ស្លរ ងូត និងស្រោច​ស្រប​ដំណាំ​។ ប៉ុន្តែ​ពេល​នេះ​ប្រើប្រាស់​លែង​កើត​ហើយ ព្រោះ​ទឹក​ឡើង​ព​ណ៌ខ្មៅ ធុំ​ក្លិនស្អុយ និងមាន​ជាតិពុល​ទៀត​។

ដៃ​របស់​គាត់​កំពុង​ជាប់​បំបៅ​ទឹកដោះ​ចៅ​នៅ​លើ​អង្រឹង​ផង គាត់​បាន​ឆ្លៀត​និយាយ​ប្រាប់​បន្ត​ថា ដំបូង​គាត់​មិន​បានដឹង​រឿង​នេះ​ទេ តែ​បានឮ​អ្នក​ភូមិ​និយាយ រហូត​មាន​អ្នកខ្លះ​រើស​បាន​ត្រី​ងាប់​ក្នុង​អូរ​យ៉ាង​សន្ធឹកសន្ធាប់​ទៀត​។ គាត់​បាន​ដើរទៅ​អើត​មើល​អ្នក​ភូមិ ដែល​កំពុង​នាំ​គ្នា​ចុះ​អូរ​ប្រមូល​យក​ត្រី តែ​គាត់​មិន​បាន​ចុះ​រើស​ទេ ព្រោះ​ធ្លាប់​ដឹង​ថា ត្រី​ដែល​ពុល​ទឹក​នោះ​យក​ទៅ​ហូប​មិនកើត​ទេ ទើប​គាត់​បាន​ត្រិ​ម​ឈរ​មើល​គេ និងហាម​កូនចៅ​មិន​ឲ្យ​ចុះ​រើស​ត្រី និងងូតទឹក​អូរ​ទៀត ព្រោះ​ពេល​នោះ​ទឹកអូរ​កំពុង​ឡើង​ព​ណ៏​ខ្មៅ និងធុំ​ក្លិនស្អុយ​ខ្លាំង​។

ដោយឡែក ​បុរស​ម្នាក់​ទៀត ដែល​មាន​ការ៉ុងស្ពាយ​ជាប់​លើ​ស្មារ​ផង គឺលោក សរ សុភាព អាយុ​៣៥​ឆ្នាំ ជា​អ្នក​ភូមិ​ស្វាយស​រដែរ បាន​ប្រាប់​នៅ​ក្បែរ​មាត់​អូរ​ដូច្នេះ​ថា «​ខ្ញុំ​មិន​បាន​ដើរ​រើស​ត្រី​ក្នុង​ទឹកអូរ​ទេ តែ​ខ្ញុំ​ដើរ​ជីក​ទំពាំង​តាម​មាត់​អូរ​»​។ សំណួរ​៖ តើ​បង​បាន​ប្រទះ​ឃើញ​ត្រី​ងាប់​ក្នុង​អូរ​ខ្លះ​ទេ ? គាត់​បាន​ផ្ដល់​ចម្លើយ​យ៉ាង​រហ័ស ហើយ​ខ្លី​ៗ «​ខ្វះ​អី​… ត្រី​អី​ក៏​មាន​ដែរ ងាប់​ពេញ​អូរ តែ​គេ​រើស​អស់​ច្រើន​ហើយ​»​។

សំណួរ​៖ ហេតុ​អ្វី​បាន​បង​មិន​រើស​យក​ធ្វើ​ម្ហូប ? ជាមួយនឹង​សម្ពាយ​ការ៉ុង​លើ​ស្មារ គាត់​បាន​ងាក​មើល​ទឹកអូរ រួច​គ្រវីក្បាល​បន្តិច ហើយ​បាន​បញ្ជាក់​ប្រាប់​ថា «​ខ្ញុំ​មិន​ហ៊ាន​ហូប​ទេ ព្រោះ​ត្រី​ដែល​ងាប់​នោះ គឺ​ដោយសារ​ពុល​ទឹក​»​។

សំណួរ​៖ តើ​បង​ដឹង​ទេ​ថា ទឹក​ដែល​មាន​ជាតិពុល​នោះ​ហូរ​ចេញពី​ប្រភព​ណា ? ឬ​អាច​ត្រូវ​គេ​បង្ហូរ​ចេញពី​ក្នុង​រោងចក្រ​នៅ​ក្បែរ​ៗ​មាត់​អូរ​ខាងលើ​នេះ ? គាត់​រារែក​ក្នុង​ការ​ផ្ដល់​ចម្លើយ តែ​បុរស​នេះ​បាន​លើក​ហេតុផល​បន្តិច​ដែរ​ថា «​នៅ​ប៉ែក​ខាងលើ​គ្មាន​ភ្លៀង​ទេ​» ប៉ុន្តែ​គាត់​ងក់ក្បាល ដែល​ទំនង​គាត់​ឯកភាព​នឹង​សំណួរ​ចុង​ក្រោយ (​សំដៅលើ​ទឹក​ស្អុយ​ហូរ​ចេញពី​រោងចក្រ​) ជាមួយនឹង​បន្លឺ​ពាក្យ​មួយ​ឃ្លា​ថា «​បែប​ហ្នឹងហើយ​»​។

ក្រោយ​ពី​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ស្ថានភាព​ទឹក​«​អូរ​ត្រែង​» ឡើង​ព​ណ៌​ខ្មៅ មាន​ក្លិនស្អុយ មាន​ត្រី​ពុល​ងាប់​ពាសពេញ​ដងអូរ និងមានការ​បង្ហោះ​ព្រោងព្រាត​តាម​បណ្ដាញ​សង្គម​ផង អាជ្ញាធរ​មូល​ដ្ឋាន និងសមត្ថកិច្ច ដែល​ទូល​បាន​ដំណឹង​នេះ បាន​នាំ​គ្នា​ចុះ​ស្រាវជ្រាវ ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ​ដែរ កាលពី​រសៀល​ថ្ងៃ​ទី ០៣ ឧសភា ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​។ នេះ​បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ប្រាប់​។

ប៉ុន្តែ​គេ​មិន​ទាន់​មាន​វិធានការ​បែប​ណា​ទេ បាន​ត្រឹម​តែ​រាយ​ការ​បឋម​ជូន​ថ្នាក់ដឹកនាំ​បាន​ជ្រាប់​ប៉ុណ្ណោះ​។ នៅ​ព្រឹក​ថ្ងៃ​ទី ០៤ ឧសភា គេ​ឃើញ​មន្ត្រី​គ្រប់​មន្ទីរ​ជំនាញ ដែល​ដឹកនាំ​ដោយ​លោក ផេង សិ​ទ្ធី អភិបាលរង​ខេត្ត ដែល​មាន​អាជ្ញាធរ និងមន្ត្រី​មូលដ្ឋាន​ចូលរួម​ផង បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹក​ផ្ទាល់​ដល់​ក្នុង​«​អូរ​ត្រែង​» និងស្វែងរក​ត្រី​ងាប់ ដែល​អ្នក​ភូមិ​អះអាង​ថា «​ត្រី​ងាប់​ព្រាត​ពេញ​ទឹកអូរ ដោយសារ​ពុល​សារធាតុ​គីមី ឬពុល​កាក​សំណល់​ទឹក​ស្អុយ ដែល​គេ​បង្ហូរ​ចេញពី​ក្នុង​រោងចក្រ​កែ​ច្នៃ​ផ្លែស្វាយ នៅ​ប៉ែក​ខាងលើ​បន្តិច ក្បែរ​ចំណុច​កើតហេតុ​នោះ​»​។

បើ​តាម​រដ្ឋបាល​ស្រុក​រតន​មណ្ឌល ដែល​បាន​សរសេរ​ខ្លឹមសារ​បំំ​ភ្លឺ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន នៅ​ថ្ងៃ​ទី ០៤ ឧសភា ក្រោយ​ក្រុមការងារ​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និងចុះ​ត្រូ​ត​ពិនិត្យ​កន្លែង​បង្ហូរទឹក​សម្អុយ​ចូល​អូរ បាន​ឲ្យ​ដឹង​ថា រោងចក្រ​ដែល​បង្ហូរទឹក​ស្អុយ​ចូល​ក្នុង​«​អូរ​ត្រែង​» នោះ​របស់​ក្រុម​ហ៊ុន «cambodian Gome Farm Food co.L.t.d ស្ថិត​នៅ​ភូមិ​ស្វាយសរ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​។ ប៉ុន្តែ​បើ​គេ​ពិនិត្យ​លើ​ស្លាក​យីហោ​នៅ​ខាង​មុខទ្វារ​ចូល​ក្រុមហ៊ុន គេ​ឃើញ​រោងចក្រ​នេះ​ដាក់​ស្លាក​យីហោ ក្រុមហ៊ុន​« ពេជ្រ សំណាង » អិ​ម​ផត និងអិ​ច​ផត​។

កោះសន្តិភាព មិន​ទាន់​អាច​សុំ​ការ​ទំនាក់ទំនងសុំ​ការ​បំភ្លឺ​ពី​លោក ផេង សិ​ទ្ធី អភិបាលរង​ខេត្ត និង លោក កត បូ​រ៉ា​ន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ភ្លាម​ៗ​ទេ នៅ​រសៀល​ថ្ងៃ​ទី ០៤ ឧសភា​ នេះ ។ ប៉ុន្តែ​បើ​តាម​យោង​លើ​ខ្លឹមសារ ដែល​រដ្ឋ​បាន​ស្រុក​រតន​មណ្ឌល បាន​បំភ្លឺ​ជូន​មហាជន​តាម​រយៈ​បណ្ដាញ​សង្គម បាន​និយាយ​ថា រោងចក្រ​កែ​ច្នៃ​ផ្លែស្វាយ​ខាងលើ​នេះ បាន​លួច​បញ្ចេញ​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​«​អូរ​ត្រែង​» ហើយ​វា​ហូរ​ធ្លាក់​ចូល​ក្នុង​ដងស្ទឹង​សង្កែ នៅ​ប៉ែក​ខាងលើ នៃ​ទំនប់​«​ពហុ​បំណង​» ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​។

រដ្ឋបាល​ស្រុក​នេះ ហាក់​ពុំ​ទាន់​មាន​ចំណាត់ការ​ជា​ដុំ​កំភូ​ន​ទេ ជាមួយ​ក្រុមហ៊ុន​បង្ហូរទឹក​សម្អុយ​ចូល​អូរ​បំពុល​ត្រី​ខាងលើ​នេះ ដោយ​គ្រាន់តែ​ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន ចាត់ការ​បន្ទាន់​នូវ​ការ​បូមទឹក​កាក​សំណល់​ចេញពី​កន្លែង​ស្ដុ​ប ប​ញ្ឍ​ប់​ការ​បង្ហូរទឹក​ស្អុយ​ចូល​អូរ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​រដ្ឋបាល​ស្រុក គ្រាន់​បាន​សន្យា​ថា វិធានការ​បែប​ណា​ចំពោះ​ក្រុមហ៊ុន​បំពាន​ច្បាប់​នេះ រដ្ឋបាល​ស្រុក​នឹង​ជូន​ដំណឹង​បន្តបន្ទាប់​ទៀត​នៅ​ពេល​ក្រោយ​។

នេះ​មិនមែន​ជា​លើក​ទី​១ទេ គឺ​ច្រើន​លើកច្រើន​សារ​ហើយ ដែល​ពួក​ក្រុមហ៊ុន​បង្កើត​រោងចក្រ​នានា ដែល​មា​នទី​តាំងនៅ​ស្រុក​រតន​មណ្ឌល បាន​បង្ហូរ​កាក​សំណល់​ពុល ទឹក​សម្អុយ ឬ ទឹក​កខ្វក់​បែប​នេះ​ចូល​ក្នុង​អូរ ឬ ចូល​ក្នុង​ស្ទឹង​សង្កែ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ពុល​ត្រី​ក្នុង​ស្ទឹង​ឬ​ក្នុង​អូរ ជា​ពិសេស​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ឬ សត្វពាហនៈ ដែល​ប្រើប្រាស​ទឹកស្ទឹង​ឬ​ទឹកអូរ​ខាងលើ​នេះ​។

ប៉ុន្តែ​ចំណាត់ការ​ផ្លូវច្បាប់​របស់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ហាក់​មាន​ភាព​កម្សោយ​បំផុត ក្នុង​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​ម្ចាស់​ក្រុមហ៊ុន​រោងចក្រ​បំពាន​ច្បាប់​ទាំងនោះ​។ ដូច្នេះ​ហើយ ​ទើប​រហូត​មក​ដល់​ពេល​នេះ ម្ចាស់​ក្រុមហ៊ុន​រោងចក្រ​មួយ​ចំនួន នៅ​តែ​ហ៊ាន​ប្រព្រឹត្ត​យ៉ាង​គ​គ្លើ​ន មិន​ញញើត​ច្បាប់​ឡើយ​។ គេ​រង​ចាំ​មើល​ថា តើ​អាជ្ញាធរ​ខេត្ត ឬ ក្រសួង​សាមី នឹង មាន​វិធានការ​បែប​ណា ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​រោងចក្រ​កែ​ច្នៃ​ផ្លែស្វាយ បង្ហូរទឹក​សម្អុយ​ចូល​អូរ បំពុលបរិស្ថាន បំពុល​ត្រី​ខាងលើ​នេះ ?​​

អត្ថបទសរសេរ ដោយ