ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋខ្លះនិយាយថា ជាជាងទុកផ្លែស្វាយកែវរមៀតទុំចោលនៅលើដើមឱ្យជ្រុះពេញផ្ទៃចម្ការ ទោះបីជាឈ្មួញកណ្តាលទិញក្នុងតម្លៃទាបប៉ុណ្ណា ក៏ពួកគាត់ខិតខំប្រឹងប្រែងប្រមូលបេះលក់ ដើម្បីទទួលបានថវិកាខ្លះសម្រាប់យកទៅផ្គត់ផ្គង់ជីវភាព និងសងជំពាក់បំណុលគេផងដែរ ។

ចំណែកអ្នកខ្លះទៀតលើកឡើងថា ផ្លែស្វាយកែវរមៀតរដូវ ពិតជាលក់អត់បានថ្លៃខ្ពស់ដូចផ្លែស្វាយបញ្ជាឱ្យផ្លែខុសរដូវ គឺលក់បានកម្រៃទាបខ្លាំងដោយស្ទើរតែគ្មានអ្នកទិញតែម្តង ។
បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ សំ រី រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យដឹងថា ៖ គាត់មានដើមស្វាយកែវរមៀត ជិត១០០០ដើម នៅក្នុងចម្ការរបស់ខ្លួនដោយរហូតមកដល់ពេលនេះ ផ្លែស្វាយរដូវចាប់ផ្តើមធំល្មម បេះលក់ឱ្យឈ្មួញហើយក៏លំបាករកអ្នកទិញខ្លាំងណាស់ លុះហៅឈ្មួញមកដល់ចម្ការគេហ៊ានទិញក្នុង១គីឡូក្រាមត្រឹមតែតម្លៃ១៥០ទៅ៣០០រៀលប៉ុណ្ណោះ ពោល គឺថោកខ្លាំងណាស់ មិនរួចថ្លៃថែទាំនោះឡើយខុសពីសព្វដង គេទិញចាប់ពី១គីឡូក្រាមតម្លៃ១៥០០ ទៅ១៨០០រៀលឯណោះ ហើយឈ្មួញទិញផ្លែស្វាយនេះយកទៅលក់ដូរបន្តនៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិព្រំ ។

បើតាមការររៀបរាប់ពីឈ្មួញម្នាក់ ឈ្មោះ ហេង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅក្នុងខេត្តកណ្តាលបានឱ្យដឹងដែរថា ៖ លោកប្រមូលទិញផ្លែស្វាយកែវរមៀតខ្ចីទៅលក់ដូរនៅប្រទេសវៀតណាម ដោយទិញក្នុង១គីឡូក្រាមត្រឹមតែតម្លៃ៣០០រៀលប៉ុណ្ណោះ គឺដាក់បោះទីតាំងទិញនៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោកបន្តទៀតថា ការប្រមូលទិញផ្លែស្វាយនេះមិនរើសតូច ឬធំនោះទេ ឱ្យតែផ្លែស្វាយល្អ គឺទិញទាំងអស់ លើកលែងតែផ្លែស្វាយស្អុយ ឬជាំខូច ដោយក្នុង១ថ្ងៃៗ លោកអាចដឹកផ្លែស្វាយតាមរថយន្តយីឌុបសណ្តោងរ៉ឺម៉កចំនួន៣គ្រឿង ក្នុង១គ្រឿងអាចផ្ទុកផ្លែស្វាយកែវរមៀត ចំនួន២៥ទៅ២៧តោន ។

លោកបន្តទៀតថា ការប្រមូលទិញផ្លែស្វាយនេះ លុះត្រាតែកសិករបេះដឹកយកមកថ្លឹងនៅកន្លែងទីតាំងរបស់លោកខាងលើផ្ទាល់ បើឱ្យលោកចំណាយកម្លាំងចូលទៅបេះដល់ចម្ការ គឺអាចនឹងឱ្យតម្លៃទាបជាងនេះ ។
បើតាមឈ្មួញដែលដឹកផ្លែស្វាយទៅលក់ដូរនៅប្រទេសថៃ បានរៀបរាប់ឱ្យដឹងថា ៖ កសិផលផ្លែស្វាយដែលឆ្លងដែនទៅលក់ដូរក្នុងទឹកដីប្រទេសថៃបាន ត្រូវពឹងអ្នករត់ការឱ្យចូលទៅបង់ថ្លៃរថយន្ត បើផ្លែស្វាយពេញ១រថយន្តសាំងយ៉ុងជាង៥តោន ត្រូវបង់ឱ្យមន្ត្រីប្រចាំច្រកទ្វារ ចាប់ពី១៨ទៅ២០ម៉ឺនរៀល ហើយបើរថយន្តកង់៦ដឹកផ្លែស្វាយពេញ អាចបង់ថ្លៃចាប់ពី២៥ទៅ៤០ម៉ឺនរៀល តាមដឹកតិច ឬច្រើន ។
ដូច្នេះ បើកាច់កិនថ្លៃឈ្នួលរថយន្ត ថ្លៃបង់ឱ្យមន្ត្រីនៅច្រកទ្វារទាំងខាងខ្មែរ និងខាងថៃ គឺមិនចំណេញច្រើននោះទេ លុះខាងភាគីថៃកែទម្លាក់តម្លៃទីផ្សារផ្លែស្វាយថែមទៀតធ្វើផ្លែស្វាយកាន់តែធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ ទើបមិនហ៊ានទិញក្នុងតម្លៃខ្ពស់ ៕




ចែករំលែកព័តមាននេះ