ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​៖​ កម្ពុជា​មិនមែន​ត្រឹមតែ​ជា​ប្រទេស​ដែល​នាំ​ចេញ​វត្ថុធាតុដើម​ប៉ុណ្ណោះ​ទេ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៅ​កម្ពុជា បាន​ថ្លែង​ថា សម្តេច​មាន​គោលដៅ​ជំរុញ​ឱ្យ​កម្ពុជា​មិនមែន​ត្រឹមតែ​ជា​ប្រទេស​ដែល​នាំ​ចេញ​វត្ថុធាតុដើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​ត្រូវជា​ប្រទេស​ដែល​សមត្ថភាព ផលិត​ផលិតផល​ពាក់កណ្តាល​សម្រេច…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៅ​កម្ពុជា បាន​ថ្លែង​ថា សម្តេច​មាន​គោលដៅ​ជំរុញ​ឱ្យ​កម្ពុជា​មិនមែន​ត្រឹមតែ​ជា​ប្រទេស​ដែល​នាំ​ចេញ​វត្ថុធាតុដើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​ត្រូវជា​ប្រទេស​ដែល​សមត្ថភាព ផលិត​ផលិតផល​ពាក់កណ្តាល​សម្រេច និង​សម្រេច សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ ដើម្បី​កំណើន​ជីវភាព​ប្រជាពលរដ្ឋ​។

ការ​ថ្លែង​របស់​សម្តេច​ធិ​បតី​ធ្វើ​ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​សម្ពោធ​រោងចក្រ​ដំឡើងរថយន្ត​តូ​យ៉ូ​តា ដែល​មាន​ទុក​វិនិយោគ​៣៧​លាន​ដុល្លារ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​យ៉ា​ល់​គ្រុប ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២៤​ សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​យើង​ប្រែក្លាយ​ផលិតភាព​របស់​ប្រជា ជន​យើង យើង​ប្រែក្លាយ​សក្តានុពល​របស់​ប្រជាជន​យើង​មិន​ត្រឹមតែ​បង្កើត​នូវ​ឱកាស​ការងារ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ប្រភេទ​នៃ​ការងារ​គឺ​ត្រូវការ​ចាំបាច់ ។

យើង​ប្រែក្លាយ​ពី​កសិកម្ម​ផ្អែក​ទៅ​លើ​សត្វពាហនៈ គោ ក្របី ​ទៅ​កសិឧស្សាហកម្ម ឬ​កសិកម្ម​ផ្អែក​លើ​គ្រឿងយន្ត យើង​ឈាន​មក​ដល់​ការ​ជំរុញ​វិស័យ​កម្មន្តសាល វិស័យ​ទេសចរណ៍វិស័យ​ឧស្សា ហកម្ម​ធន​ស្រាល ថ្ងៃក្រោយ​យើង​អាច​រៀបចំ​នូវ​ការ​ផលិត​ធុន​ធ្ងន់ ពេល​ដែល​យើង​មាន​ធនធានមនុស្ស​។ បែប​នេះ​ហើយ​ទើប​យើង​ធានា​នូវ​និរន្ត​ភាព​ក៏​ដូច​ជា​លើក​ស្ទួយ​នូវ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​របស់​យើង​។

យើង​មិនមែន​ជា​ប្រទេស ​ដែល​ត្រូវ​តែ​ផលិត​និង​នាំ​ចេញ​តែ​វត្ថុធាតុដើម​ប៉ុណ្ណឹង​នោះ​ទេ ត្រូវ​មាន​សមត្ថភាព​នៅ​ក្នុង​ការ​ផលិត​ផលិតផល​ពាក់កណ្តាល​សម្រេច និង​ផលិតផល​ដើម្បី​នាំ​ចេញ ដើម្បី​ធានា​នូវ​ផល​តម្លៃ​កម្ពុជា​ឱ្យ​បាន​ច្រើន ចែក​ជូន​ប្រជាជន​នៅ​កម្ពុជា នេះ​ជា​គោលដៅ​របស់​យើង​។​យើង​មិន​នាំ​ចេញ​វត្ថុធាតុដើម​ហើយ​ទៅ​ទិញ​នាំ​ចូល​វត្ថុ​សម្រេច​នោះ​ទេ យើង​ក៏​មាន​សិទ្ធិ​ផលិត និង​ផ្គត់ផ្គង់​ទីផ្សារ​ខ្លួនឯង​»​។

សម្តេច​ប​ធិ​បតី​បន្ថែម​ថា ដើម្បី​សម្រេច​គោលដៅ​នេះ​បាន​ទាមទារ​ឱ្យ​មានការ​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា​បន្ថែម​។ សម្តេច​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​តូ​យ៉ូ​តា រៀបចំ​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​ជា​ថ្នាល​បណ្តុះបណ្តាល និង​បើកឱកាស​ឱ្យ​យុវជន​របស់​កម្ពុជា​មក​ធ្វើ​កម្មសិក្សាការី ឬ​ហាត់​ការ​នៅ​ក្នុង​រោងចក្រ​នេះ រយៈពេល​ខ្លី និង​រយៈពេល​មធ្យម ដើម្បី​បង្កើន​ធនធានមនុស្ស​ផ្នែក​ឧស្សាហកម្ម​យានយន្ត​នេះ ដោយ​សហការ​ជាមួយនឹង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​និង​កំពុង​បណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន​។ ការ​ផ្តល់​ឱកាស​សិក្សា ជាក់ស្តែង​នៅ​រោងចក្រ​ដែល​មាន​គ្រឿង សម្ភារៈ ឧបករណ៍​ទំនើប​ដូច​ក្នុង​រោងចក្រ​នេះ គឺជា​កិច្ចការ​សំខាន់​ណាស់ ព្រោះ​មិន​អាច​រៀន​តែ​នៅ​ក្នុង​ក្រដាស​ឡើយ​។

ម្តេច​ធិ​បតី​លើក​ឡើង​ថា នៅ​ពេល​ដែល​បរិមាណ និង​គុណភាព​ធនធានមនុស្ស​របស់​កម្ពុជា មាន​ជំនាញ​ពី​ឧស្សាហកម្ម​គ្រឿងយន្ត​នេះ​កាន់តែ​ច្រើន នៅ​ថ្ងៃ​ខាង​មុខ នឹង​អាច​ទាក់ទាញ​បាន​ក្រុមហ៊ុន​ផ្សេង​ទៀត​មក​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ